Connect with us

ព័ត៌មានជាតិ

ស្ថាប័ន​ចំណុះ​ឱ្យ​ក្រសួង​ការងារ​ចំនួន​៣ រៀប​ចំ​ស្ដង់​ក្នុង​ពិព័រណ៍​ជំនាញ​សិក្សា និងការងារ ឆ្នាំ២០២៥

បានផុស

នៅ

ស្ថាប័នចំណុះឱ្យក្រសួងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ចំនួន ៣ បាន​រៀប​ចំ​ស្ដង់​នៅ​ក្នុង​ពិព័រណ៍ជំនាញសិក្សា និងការងារ ឆ្នាំ២០២៥ ដើម្បីផ្សព្វផ្សាយព័ត៌មានឱកាសការងារ, កម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស និងរបបសន្ដិសុខសង្គម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពិព័រណ៍​រយៈ​ពេល ១ថ្ងៃនេះ ធ្វើឡើងនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ) នាថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៥នេះ ដោយកម្មវិធីបើកធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា ហើយលោកហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក៏បានអញ្ជើញជាគណៈអធិបតីអម ផងដែរ។

ស្ថាប័នចំណុះឱ្យក្រសួងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ រួមមាន ទីភ្នាក់ងារជាតិមុខរបរ និងការងារ(NEA), អគ្គនាយកដ្ឋានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) និងបេឡាជាតិសន្តិសុខសង្គម (NSSF)។

លោកជំទាវ អ៊ូច ជាច័ន្ទមល្លិកា ប្រធានទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) ប្រាប់ឱ្យដឹងថា ក្នុងកម្មវិធីពិព័រណ៍នេះ ស្ថាប័នរបស់លោកជំទាវបានផ្សព្វផ្សាយព័ត៌មានឱកាសការងារ ហើយប្រសិនបើមានអ្នកចង់ចុះឈ្មោះរកការងារ ក៏ចុះឈ្មោះបាននៅស្ដង់ NEA។ គិតត្រឹមថ្ងៃទី ១២ ខែកញ្ញា មានឱកាសការងារជិត ៩ម៉ឺនកន្លែង ដែលភាគច្រើនស្ថិតក្នុងវិស័យឧស្សាហកម្ម, កសិកម្ម និងវិស័យសេវាកម្ម។ នេះបើតាមការបញ្ជាក់ពីលោកជំទាវ អ៊ូច ជាច័ន្ទមល្លិកា។

ដោយ​ឡែក​លោក សេង សំណាង មន្ត្រីនាយកដ្ឋានព័ត៌មានទីផ្សារការងារ នៃអគ្គ​នាយកដ្ឋាន​អប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ប្រាប់ឱ្យដឹងដែរថា ក្នុង​កម្មវិធី​ពិព័រណ៍​នេះ ស្ថាប័នរបស់លោកបានផ្សព្វផ្សាយព័ត៌មានអំពីកម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស (TVET 1.5M) ដែលជាការសិក្សាជំនាញវិជ្ជាជីវៈ និងបច្ចេកទេសរយៈពេលខ្លី និងទទួលបានប្រាក់ឧបត្ថម្ភចំនួន ២៨ម៉ឺនរៀលក្នុង ១ខែ សម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ។ សម្រាប់សាធារណជនទូទៅ ក៏អាចចុះចូលរៀនបានដែរ គ្រាន់តែមិនទទួលបានប្រាក់ឧបត្ថម្ភប៉ុណ្ណោះ។

លោក សេង សំណាង ប្រាប់បន្តថា កម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស (TVET 1.5M) មានជំនាញឱ្យជ្រើសរើសរហូតដល់ ៤៥ ដែលស្ថិតក្នុងវិស័យចំនួន ១០ ហើយសាធារណជន ជាពិសេសសិស្ស-និស្សិត បានចាប់អារម្មណ៍សាកសួរព័ត៌មានជាច្រើន អំពីកម្មវិធីបណ្ដុះបណ្ដាលនេះ។

មន្ត្រីនាយកដ្ឋានព័ត៌មានទីផ្សារការងារ នៃអគ្គនាយកដ្ឋាន TVET បន្ថែមថា «ខ្ញុំពិតជាចង់ណាស់អំពាវនាវ និងព្យាយាមផ្សព្វផ្សាយទៅដល់ពួកគាត់ ធ្វើម៉េចក៏ដោយបើសិនជាពួកគាត់អត់ទាន់មានជំនាញ គឺចង់ឱ្យគាត់មានជំនាញ ដើម្បីទៅធ្វើការងារ ពាក្យថាមានជំនាញ បានន័យថា គាត់មានជំនាញមួយច្បាស់លាស់ អញ្ចឹងនៅពេលណាដែលគាត់ទៅធ្វើការ នឹងទទួលបានប្រាក់ខែខ្ពស់ជាងដែលគាត់មិនមានជំនាញ»។

រីឯមន្ត្រីបេឡាជាតិសន្តិសុខសង្គម (NSSF) ដែលប្រចាំការនៅស្ដង់ពិព័រណ៍នេះដែរ ក៏បានប្រាប់ដែរថា ស្ថាប័នរបស់លោកបានផ្សព្វផ្សាយអំពីរបបសន្ដិសុខសង្គម ដែលមានផ្នែកថែទាំសុខភាព, ផ្នែកហានិភ័យការងារ និងផ្នែកប្រាក់សោធន។ មន្ត្រីដដែល ប្រាប់បន្តថា មានសាធារណជន ក៏ដូចជាសិស្ស-និស្សិតជាច្រើន បានចាប់អារម្មណ៍សាកសួរព័ត៌មានអំពីរបបសន្ដិសុខសង្គម ហើយបានមន្ត្រីជំនាញបានពន្យល់ទៅលើផ្នែកនីមួយៗ ឱ្យពួកគាត់បានយល់ និងអាចចុះឈ្មោះប្រើប្រាស់ នាពេលខាងមុខ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម