Connect with us

ព័ត៌មានជាតិ

ពូជអ្ន​កសាងអង្គរប្រើដៃឆ្លាក់ថ្មជួសជុល​ប្រាសាទទុកជា​កេរដល់​មនុស្ស​រាប់​ជំនាន់តទៅមុខទៀត

បានផុស

នៅ

ជាង​ចម្លាក់ប្រាសាទភាគច្រើន​ជា​អ្នក​ស្រុក​សៀមរាបបាន​បំពេញការងារ​ដ៏​អស្ចារ្យ​បន្ត​ស្នាដៃ​របស់​ដូនតា ជួស​ជុល​ប្រាសាទបុរាណ ដោយប្រើប្រាស់​វិធីសាស្ត្រឆ្លាក់​ថ្ម​តាម​ទ្រង់ទ្រាយដើម ដែលសមិទ្ធផលនេះ​នឹង​បន្ត​ទៅ​មុខ​រាប់​រយ​ឆ្នាំទៅ​មុខ​ទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រាសាទមេបុណ្យខាង​លិច កសាងឡើងក្នុងរជ្ជកាលព្រះបាទឧទយាទិត្យវរ្ម័នទី២ នៅពាក់កណ្ដាល​សតវត្សទី​១១ ស្ថិតចំ​កណ្ដាល​បារាយណ៍ទឹក​ថ្លា បាន​ដួល​រលំបាក់បែក​ខ្លាំង​ដោយ​សារ​អាយុកាល និង​ការ​បំផ្លាញដោយ​ធម្មជាតិ កំពុង​លេច​រូប​រាង​សាង​ជា​ថ្មីក្រោម​ស្នាដៃរបស់​អ្នក​អភិរក្សកម្ពុជា។ អស់​រយៈពេល​៧​ឆ្នាំ​ហើយ​ដែល​កូន​ខ្មែរ​ខំ​ប្រឹង​ជួសជុល​ប្រាសាទ​នៃ​ឱ្យ​ងើប​ឈរ​ឡើង​វិញ។

ក្រុមការងារជួសជុលប្រាសាទនេះភាគច្រើនជាអ្នកស្រុកអង្គរ កំពុងតែបំពេញការងារទៅតាមជំនាញរៀងៗខ្លួនជាច្រើនផ្នែក។ ក្នុងនោះ ក៏មានអ្នកជំនាញខាងឆ្លាក់ក្បាច់ចំពោះថ្មថ្មីជំនួសថ្មចាស់តាមទ្រង់ទ្រាយដើម ស្របតាមគណៈកម្មាធិការអនុសាសន៍អាយស៊ីស៊ី-អង្គរ និងសំបូរព្រៃគុក ដោយខិតខំអស់ពីសមត្ថភាពទុកជាកេរដំណែលរយឆ្នាំបន្តទៅមុខទៀត។ 

ភាព​លំអិត​នៃចម្លាក់​លើ​ប្រាសាទត្រូវ​បាន​កូន​ខ្មែររំលេច​ឡើង​ជា​ថ្មី ដែល​ការងារ​នេះ​ទាំង​មិន​មែន​កើត​ចេញពី​ម៉ាស៊ីន​ទំនើប​អ្វី​នោះ​ទេ​ គឺ​ចេញពី​ញញួរ ជាមួយពន្លាកសម្រាប់ដាប់​ថ្ម និង​ការ​តាំង​ចិត្ត​របស់​ពួកគេក្នុង​នាម​ជា​អ្នក​បន្តវេនលើ​ការងារ​ពីដូនតានេះ។

ជាង​ចម្លាក់ម្នាក់​លោក ឈឿង ជ័យ អាយុ ៤៨ឆ្នាំ បានរៀបរាប់និងត្រូវបានយកមកចុះផ្សាយ​ដោយ​អាជ្ញាធរជាតិអប្សរាថា លោកបានចូលបម្រើការងារជួសជុលប្រាសាទក្នុងតំបន់អង្គរតាំងពីឆ្នាំ១៩៩៥ ហើយនៅឆ្នាំ២០០០ រៀនជំនាញដាប់ឆ្លាក់លើថ្មថ្មីដែលជំនួសថ្មចាស់ដែលបាត់បង់តាមទ្រង់ទ្រាយដើមឡើងវិញពីអ្នកជំនាញផង និងយកក្បាច់ចម្លាក់ដើមនៅសេសសល់ពីថ្មប្រាសាទជាគំរូផង។ លោក ឈឿង ជ័យ ឱ្យដឹងទៀតថា តាមរយៈបទពិសោធន៍ជាច្រើនឆ្នាំនៃការដាប់ឆ្លាក់នៅតាមការដ្ឋានជួសជុលប្រាសាទនានា លោកបានខិតខំអស់ពីសមត្ថភាពក្នុងការដាប់ឆ្លាក់ក្បាច់តាមទ្រង់ទ្រាយដើមរបស់ប្រាសាទមេបុណ្យខាងលិច ដែលផ្នែកខ្លះថ្មចាស់ត្រូវបានបាត់បង់ដើម្បីទុកជាកេរដំណែលរាប់រយឆ្នាំបន្តទៅមុខទៀត។ 

ចំណែក លោក ហាំ ហាន់ អាយុ២៩ឆ្នាំ ជំនាញឆ្លាក់ក្បាច់ចម្លាក់នៅសិប្បករអង្គរ (Artisan Angkor) ដែលបានចូលធ្វើការងារជួសជុលប្រាសាទមេបុណ្យខាងលិច នៅឆ្នាំ២០១៩ ផ្នែកឆ្លាក់ក្បាច់ បានឱ្យដឹងថា ការងារដាប់ឆ្លាក់ក្បាច់នៅប្រាសាទមេបុណ្យខាងលិច លោកទទួលបានចំណេះដឹងបន្ថែមជាច្រើននៃក្បាច់នៅប្រាសាទ ព្រោះនៅគ្រប់ផ្នែកនៃប្រាសាទតែងមានក្បាច់ និងបានបញ្ចេញអស់ពីកម្លាំងកាយចិត្តក្នុងនាមជាអ្នកបន្តវេនលើការងារដាប់ឆ្លាក់។ លោក ហាំ ហាន់ សប្បាយចិត្ត ដែលបានរួមចំណែកក្នុងការចូលរួមឆ្លាក់ក្បាច់នៅប្រាសាទបុរាណ ពិសេស ប្រាសាទមេបុណ្យខាងលិច ដូចក្តីបំណង ដែលប៉ងប្រាថ្នាជាតាំងពីយូរមកហើយនេះ។ 

គម្រោងជួសជុល និងអភិរក្សប្រាសាទមេបុណ្យខាងលិច ដែលចាប់​ផ្ដើម​នៅ​ឆ្នាំ២០១៨នេះ​ នឹង​បញ្ចប់​នៅ​ចុង​ឆ្នាំ​២០២៦ខាង​មុខ បន្ទាប់ពីប្រើប្រាស់​ពេល​៨​ឆ្នាំ​ដើម្បី​ជួសជុល​ប្រាសាទ​នេះ​ឡើង​វិញ។ ក្រោយ​ជួស​ជុលប្រាសាទនេះនឹង​ឈរ​រឹង​មាំ​រាប់​ឆ្នាំទៅ​មុខ​ទៀត ជាមួយ​មោទនភាព​របស់​អ្នក​ជួស​ជុល​ប្រាសាទទាំង​អស់​នេះ៕





អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម