Connect with us

ព័ត៌មានជាតិ

អគ្គនាយកដ្ឋានអន្តោប្រវេសន៍៖ ច្រកព្រំដែនជាមួយថៃមិនទាន់បើកឡើងវិញទេ

បានផុស

នៅ


អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃ ច្រានចោលព័ត៌មានដែលផ្សាយថា ច្រកទ្វារព្រំដែនកម្ពុជា​-ថៃ បានបើកឡើងវិញ។ តាមការបញ្ជាក់របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ច្រកទ្វារព្រំដែនអន្តរជាតិនានា និងច្រកទ្វារតំបន់ទាំងអស់តាមបណ្តោយខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ គឺនៅមិនទាន់បើកដំណើរឡើងវិញនោះទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការបញ្ជាក់របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ គឺបានប្រតិកម្មតបទៅនឹងការផ្សព្វផ្សាយព័ត៌មានតាមបណ្តាញទំនាក់ទំនង សង្គម ដោយគណនីហ្វេសប៊ុកឈ្មោះ Heng Heng ដែលបានបង្ហោះវីដេអូ អមដោយខ្លឹមសារពាក់ព័ន្ធនឹងការបើកច្រកទ្វារព្រំដែនឡើងវិញ។

ពាក់ព័ន្ធនឹងករណីនេះ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ តាមរយៈសេចក្ដីបំភ្លឺនៅថ្ងៃទី១៨ ខែកញ្ញានេះ បានស្រាយបំភ្លឺថា វីដេអូ ដែលគណនីហ្វេសប៊ុកឈ្មោះ Heng Heng យកមកបង្ហោះផ្សាយគឺជាវីដេអូចាស់ នៅបរិវេណប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិ ស្ទឹងបត់ តាំងពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥ មកម៉្លេះ។

ចំពោះគណនីហ្វេសប៊ុកឈ្មោះ Heng Heng អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ថា ជាគណនីហ្វេសប៊ុកប្រើប្រាស់ផ្ទាល់ខ្លួន មិនមានមូលដ្ឋានច្បាស់លាស់ ត្រឹមត្រូវ ដែលមានចេតនាមិនល្អ ដោយយកវីដេអូព័ត៌មានចាស់មកបង្ហោះ បំពុលសង្គម ធ្វើឱ្យសាធារណជនមានការភ័ន្តច្រឡំជាព័ត៌មានថ្មី។

សេចក្ដីបំភ្លឺរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ ច្រកទ្វារព្រំដែនអន្តរជាតិនានា និងច្រកទ្វារតំបន់ទាំងអស់តាមបណ្តោយខ្សែបន្ទាត់ព្រំដែន កម្ពុជា-ថៃ នៅមិនទាន់បើកដំណើរឡើងវិញនោះទេ៕

ដោយ៖ ធឿន វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម