ព័ត៌មានជាតិ
នាមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៨០ កម្ពុជាជំរុញឱ្យអន្តរជាតិផ្តល់ហិរញ្ញប្បទានការពារព្រៃឈើ
តំណាងឱ្យកម្ពុជា រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក អ៊ាង សុផល្លែត បានស្នើជំរុញឱ្យសហគមន៍អន្តរជាតិផ្តល់ហិរញ្ញប្បទានប្រកបដោយភាពច្នៃប្រឌិត សម្រាប់ការការពារនិងអភិរក្សធនធានធម្មជាតិ ដែលមានសារៈសំខាន់មិនត្រឹមតែសម្រាប់សកម្មភាពអាកាសធាតុប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងសម្រាប់ការអភិរក្សជីវៈចម្រុះ និងការអភិវឌ្ឍជីវភាពរស់នៅរបស់សហគមន៍មូលដ្ឋានផងដែរ។

ការជំរុញនេះ ធ្វើឡើងនាឱកាស លោក អ៊ាង សុផល្លែត តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងបទអន្តរាគមន៍ ក្នុងឱកាសបើកកិច្ចសន្ទនាអន្តរជាតិស្តីពីកម្មវិធីអភិវឌ្ឍន៍ព្រៃឈើត្រូពិចជារៀងរហូត Tropical Forest Forever Facility (TFFF) Dialogue, ដែលរៀបចំដោយប្រទេសប្រេស៊ីល នៅក្នុងក្របខ័ណ្ឌព្រឹត្តិការណ៍សប្តាហ៍ពិសេសស្តីពីអាកាសធាតុ នៃមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៨០ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមរិក នារសៀល ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៥ (ម៉ោងនៅក្រុងញូវយ៉ក សហរដ្ឋអាមរិក)។
ក្នុងឱកាសនេះដែរ លោកអ៊ាង សុផល្លែត បានថ្លែងបញ្ជាក់ពីគោលជំហររបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានចាត់ព្រៃឈើ គឺជាវិស័យសំខាន់ ដែលត្រូវការការពារនិងអភិរក្ស សម្រាប់ប្រទេសកម្ពុជា ហើយវាបានដាក់បញ្ជូលក្នុងផែនការជាតិ រួមចំណែកឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ (NDC 3.0) និងបានដាក់ជូនលេខាធិការដ្ឋាន អនុសញ្ញាក្របខ័ណ្ឌសហប្រជាតិ ស្តីពីការប្រែប្រួលអាកាសធាតុ (UNFCCC) រួចហើយ ដែលក្នុងនោះកម្ពុជាបានប្តេជ្ញាចិត្តរួមចំណែកកាត់បន្ថយការបំភាយឧស្ម័នរហូតដល់៥៥% នៅឆ្នាំ២០៣០ និងឆ្ពោះទៅជាប្រទេសអព្យាក្រឹតភាពកាបូននៅឆ្នាំ២០៥០។
លោកបានថ្លែងបន្ថែមថា កម្ពុជាគាំទ្រយ៉ាងមុតមាំចំពោះកម្មវិធីអភិវឌ្ឍន៍ TFFF នៅក្នុងកិច្ចប្រជុំលើកទី៣០ រដ្ឋភាគីអង្គការសហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុ COP30 នៅទីក្រុង Belém ប្រទេសប្រេស៊ីល នាខែវិច្ឆិកា ឆ្នាំ២០២៥ ខាងមុខ។

ជាមួយគ្នានេះ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា លោកបានបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការត្រៀមខ្លួនរួចជាស្រេច ធ្វើការជាមួយប្រទេសជាមិត្ត ដៃគូអភិវឌ្ឍន៍ទាំងអស់នៅលើពិភពលោក ដើម្បីធានាថាគម្រោងអភិវឌ្ឍន៍ TFFF ផ្តល់នូវអត្ថប្រយោជន៍យូរអង្វែង សម្រាប់ទាំងការពារនិងអភិរក្សធនធានធម្មជាតិ និងការលើកកម្ពស់ជីវភាពសហគមន៍ ស្របតាមយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថានឆ្នាំ ២០២៣-២០២៨ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងផែនការរួមចំណែកជាតិ NDC 3.0 របស់កម្ពុជា។

សូមបញ្ជាក់ថា កម្មវិធីអភិវឌ្ឍន៍ព្រៃឈើត្រូពិចជារៀងរហូត (TFFF) គឺជាគំនិតផ្តួចផ្តើមហិរញ្ញវត្ថុដ៏សំខាន់របស់ប្រទេសប្រេស៊ីល ដែលមានបំណងពន្លឿន និងពង្រីកសកម្មភាពអាកាសធាតុ តាមរយៈការជំរុញការចូលរួមការពារនិងអភិរក្សធនធានព្រៃឈើ ក្នុងក្របខ័ណ្ឌអន្តរជាតិ ក្នុងកិច្ចប្រជុំ COP30។ កម្មវិធីអភិវឌ្ឍន៍ TFFF អាចផ្តល់ប្រាក់រហូតដល់ ៤ ពាន់លានដុល្លារ ក្នុងមួយឆ្នាំដល់ប្រទេសព្រៃឈើត្រូពិច ជាមួយនឹងផ្នែកមួយត្រូវបានផ្តល់ទៅឱ្យសហគមន៍មូលដ្ឋាន ដែលដើរតួនាទីយ៉ាងធំធេងក្នុងការការពារនិងអភិរក្សធនធានធម្មជាតិ៕
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


