ព័ត៌មានជាតិ
អង្គការNPA ផ្តល់ជំនួយ១លាន៦សែនដុល្លារដល់ស៊ីម៉ាក់ ដើម្បីបោសសំអាតគ្រាប់បែកចង្កោមនៅកម្ពុជា
ភ្នំពេញ ៖ អង្គការNPAរបស់ប្រទេសន័រវេស បានផ្តល់ជំនួយចំនួន១,៦០០,០០០ (១លាន៦សែន) ដុល្លារអាមេរិកដល់ស៊ីម៉ាក់ដើម្បីបោសសម្អាតគ្រាប់បែកចង្អោមនៅភាគខាងកើតនៃប្រទេសកម្ពុជា។

ពិធីចុះហត្ថលេខានេះបានធ្វើឡើងនៅថ្ងៃទី៩ខែមេសា ឆ្នាំ២០២១ នៅទីបញ្ជាការស៊ីម៉ាក់ភ្នំពេញរវាងលោក Rune Kristian Dale-Andresen ប្រធានអង្គការNPAប្រចាំកម្ពុជា និងលោក ហេងរតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់។

តាមរយៈទំព័រហ្វេកប៊ុកផ្លូវការរបស់លោកនៅថ្ងៃនេះ លោកហេងរតនាបានមានប្រសាសន៍ថា«ថ្ងៃនេះខ្ញុំ បានចុះហត្ថលេខាលើគម្រោងស្រាវជ្រាវ និងបោសសម្អាតគ្រាប់បែកចង្អោមនៅភាគខាងកើតនៃប្រទេសកម្ពុជា ដែលមានទឹកប្រាក់ចំនួន១,៦០០,០០០ (១លាន៦សែន) ដុល្លារអាមេរិក ហើយដែលគំរោងនេះមានរយ:ពេលមួយឆ្នាំ គឺចាប់ផ្តើមពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១ ដល់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ និងត្រូវប្រើប្រាស់កម្លាំងជំនាញរបស់អង្គភាពស៊ីម៉ាក់ចំនួនប្រមាណជាង២០០នាក់ »។
លោកបានបន្តថា កម្លាំងបែងចែកជាក្រុមធ្វើប្រតិបត្តិការនៅគោលដៅតាមខេត្តនានាភាគខាងកើតនៃប្រទេសកម្ពុជា។ គម្រោងនេះមានផែនការរំដោះចំការគ្រាប់បែកចង្កោមទំហំ ២៣.៧៦០.០០០ ម៉ែត្រក្រឡា ការស្រាវជ្រាវបច្ចេកទេសលើផ្ទៃដីប្រមាណ៣៥គីឡូម៉ែត្រក្រឡា និងឆ្លើយតបសំណើបន្ទាន់ៗពីសហគមន៍ឱ្យបាន១.៣២០ សំណើ។

លោកហេងរតនាបានថ្លែងអំណរគុណចំពោះលោកRune Kristian Dale-Andresen និងលោកស្រី Portia Stratton ដែលខិតខំសរបសំរួលគំរោងនេះ។
គួរបញ្ជាក់ថា ថវិកាគាំទ្រគំរោងនេះ បានទទួលពីរដ្ឋាភិបាលសហរដ្ឋអាមេរិកផ្តល់ជូនអង្គការNPA ដើម្បីសហការជាមួយអង្គភាពស៊ីម៉ាក់ក្នុងកិច្ចប្រតិបតិ្តការស្រាវជ្រាវនិងបោសសំអាតតំបន់រងផលប៉ះពាល់ដោយគ្រាប់បែកចង្កោមសំណល់ពីសង្គ្រាមនៅកម្ពុជា។
សូមរំលឹកជូនផងដែរថា គម្រោងកាលពីឆ្នាំ២០២០-២០២១កន្លងទៅនេះ បានសម្រចលទ្ធផលមានជាអាទិ៍ដូចជា បានរំដោះតំបន់គ្រាប់បែកចង្កោមចំនួន ១១៣ មានផ្ទៃដីសរុបទំហំ ៣១.៧៥៤.២៤៣ម៉ែត្រក្រឡា រកឃើញនិងកម្ទេចចោលគ្រាប់បែកចង្កោមនិងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះគ្រប់ប្រភេទបានចំនួន១១.១០៨គ្រាប់ ផ្តល់ការអប់រំយល់ដឹងពីមីនដល់ប្រជាពលរដ្ឋចំនួនបាន១៣៤.៩១៩នាក់ ស្រាវជ្រាវព័ត៌មានបឋមបានចំនួន២៩៩ភូមិ រកឃើញចម្ការគ្រាប់បែកចង្កោមចំនួន៤១៨ ដែលមានផ្ទៃដីស្មើនឹង ៤៧.៤៦៧.៩០១ ម៉ែត្រក្រឡា៕
ដោយ ៖ សំអឿន

-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


