Connect with us

នយោបាយ

លោក ហេង ហាក់​លីម ដែល​មាន​ឈ្មោះ​នៅក្នុង​ដីកា​កោះហៅ ប្រកាស​ចូល​បំភ្លឺ​ដោយ​មិន​គេចវេស​ឡើយ

បានផុស

នៅ

លោក ហេង ហាក់​លីម ជា​មនុស្ស​ម្នាក់​ក្នុងចំណោម​៣ នាក់ នៃ​គណបក្ស​ហ៊្វុនស៊ិនប៉ិច ដែល​ត្រូវ​បាន​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ កោះហៅ​ដើម្បី​សាកសួរ​ទាក់ទង​ទៅនឹង​បទ​រំលោភ​អំណាច និង​ប្រើប្រាស់​លិខិត​ក្លែង​នោះ បាន​អះអាងថា លោក​នឹង​ចូល​បំភ្លឺ​តាម​ដីកា ដោយ​មិន​គេចវេស​ទៅណា​ឡើយ ពីព្រោះ​នោះ​ជាការ​ចោទប្រកាន់​ដោយ​គ្មាន​ភស្តុតាង​។

លោក ហេង ហាក់​លីម ដែល​ដីកា​បាន​បញ្ជាក់​ថា មាន​តួនាទី​នៅក្នុង​ការិយាល័យ​ទី​៥ នៃ​នាយកដ្ឋាន​សន្តិសុខ​ផ្ទៃក្នុង អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ បាន​ថ្លែងប្រាប់​កម្ពុជា​ថ្មី​យ៉ាង​ដូច្នេះ​ថា “​ខ្ញុំ​អត់​មានអី​ទេ​ខ្ញុំ​នឹង​ចូល​ឆ្លើយបំភ្លឺ​នៅ​តុលាការ​តាម​ធម្មតា បើ​មាន​បណ្តឹង​គេ​សួរ​ហើយ នេះ​ជា​រឿង​ធម្មតា​ទេ ខ្ញុំ​អត់​មាន​បញ្ហា​អី​ទេ​”​។ លោក​ថា លោក​គ្មាន​តួនាទី​អ្វី​ជាប់​ពាក់ព័ន្ធ​ទៅ​នឹង​គណបក្ស​ហ៊្វុនស៊ិនប៉ិច​នោះទេ​។

បើ​តាម​លោក ហេង ហាក់​លីម ការប្ដឹង​រឿង​ត្រា និង​ការរំលោភ​អំណាច​នោះ លោក​ខ្លួនឯង​គ្មាន​អំណាច​ឯណា​ទៅ​រំលោភ​គេ​ទេ ហើយ​លោក​ក៏​គ្មាន​តួនាទី​នៅក្នុង​គណបក្ស​នោះដែរ ដូច្នេះ​ការចោទប្រកាន់​ដោយ​គ្មាន​មូលដ្ឋាន​បែបនេះ​គួរ​ឲ្យ​ឆ្ងល់​ដែរ​។ លោក​ថា ទាក់ទង​ទៅនឹង​ត្រា​នេះ គួរតែ​សួរ​ទៅ​ប្រធាន​ស្ថាប័ន ឬ​អង្គភាព​របស់​ពួកគាត់​ល្អ​ជាង ជាជាង​និយាយ​គ្មាន​ហេតុផល ទម្លាក់កំហុស ទៅលើ​រូបលោក​។

លោក​បញ្ជាក់​ថា “​ខ្ញុំ​គ្មាន​តួនាទី​ណាមួយ​ទៅកាន់​ត្រា​គណបក្ស​ហ្នឹង​ទេ ហើយ​ឈប់​ឱ្យ​គាត់​មាន​ទស្សនៈ​បែបនេះ ហើយ​ការចោទប្រកាន់​នោះ វា​អត់​មាន​មូលដ្ឋាន​អី​ទេ ពីព្រោះ​ខ្ញុំ​អត់​មាន​តួនាទី​ផ្លូវការ​អី​ទេ​”​។​

​ចំពោះ​ការ​លើក​ឡើង​មួយចំនួន​ទាក់ទង​ទៅ​នឹង​ការរារាំង​មិន​ឲ្យ​មានការ​រួបរួម​រវាង​គណបក្ស​ខ្មែរ​រួបរួម​ជាតិ របស់លោក ញឹក ប៊ុនឆៃ ជាមួយ​គណបក្ស​ហ៊្វុនស៊ិនប៉ិច​នោះ លោក ហេង ហាក់​លីម បាន​អះអាង​ថា នៅក្នុង​គណបក្ស​មាន​ប្រធាន អនុប្រធាន មាន​អគ្គលេខាធិការ មាន​សមាជិក រចនាសម្ព័ន្ធ តែ​លោក​គ្មាន​តួនាទី​ណាមួយ​នៅក្នុង​គណបក្ស ដែល​អាច​រារាំង​អំណាច​ដូច​ការចោទប្រកាន់​នោះទេ​។ លោក​ថា លោក​គ្មាន​អំណាច ដើម្បី​រារាំង​មិន​ឲ្យ​គណបក្ស​ទាំងពីរ​ត្រូវរ៉ូវ​គ្នា​ទេ ហើយ​កន្លងមក​មានកា​រ​ចោទប្រកាន់​លើ​លោក​ទាក់ទង​ទៅនឹង​ការរារាំង​នេះ តែ​លោក​មិនបាន​ឆ្លើយតប​ទេ​។

ឈ្មោះ ហេង ហាក់​លីម ធ្លាប់​ត្រូវបាន​មន្ត្រីជាន់ខ្ពស់​គណបក្ស​ហ៊្វុនស៊ិនប៉ិច ក៏ដូចជា​លោក ញឹក ប៊ុនឆៃ បាន​ចោទ​ប្រកាន់​ថា បាន​ធ្វើ​សកម្មភាព​រារាំង មិន​ឲ្យ​រួបរួម​រវាង​គណបក្ស​ខ្មែរ​រួបរួម​ជាតិ ជាមួយ​គណបក្ស​ហ៊្វុនស៊ិនប៉ិច និង​ការប្រើ​តួនាទី​រំលោភ​អំណាច នៅក្នុង​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ជាដើម​។

​គួររំលឹកថា មន្ត្រីជាន់ខ្ពស់​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ចំនួន​៣​រូប ត្រូវបាន​ព្រះរាជអាជ្ញារង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ លោក សេង ហៀ​ង កោះហៅ​អោយចូល​មកកាន់​តុលាការ ដើម្បី​សាកសួរ​ទាក់ទង​ទៅនឹង​បទ​រំលោភ​អំណាច និង​ប្រើប្រាស់​លិខិត​ក្លែង​បន្តបន្ទាប់​គ្នា​នៅ​ថ្ងៃទី​២១ ខែតុលា ឆ្នាំ​២០២១​ខាងមុខ​។

​បើតាម​ដីកាកោះ​ដែល​កម្ពុ​ជាថ្មី​ទទួលបាន មន្ត្រីជាន់ខ្ពស់​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ចំនួន​៣​រូប ដែល​តុលា​ការកោះហៅ​នោះ​រួមមាន​៖ ទី​១, លោក អាំង សំបូរ អាយុ​៦២ ឆ្នាំ មាន​តួនាទី​ជា​អគ្គលេខាធិការ​ប្រតិបត្តិ​គណបក្ស មាន​ទីលំនៅ​សង្កាត់​បឹងកក់​ទី​២ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ឲ្យ​ចូលទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃទី​២១ ខែតុលា ឆ្នាំ​២០២១ វេលា​ម៉ោង​១០ ព្រឹក ដើម្បី​សាកសួរ​ពីបទ​ពី​ដំណើររឿង “​រំលោភ​អំណាច​” និង​បទ “​ប្រើប្រាស់​លិខិត​ក្លែង​”​។

​ទី​២, លោក ហេង ហាក់​លីម ការិយាល័យ​ទី​៥ នៃ​នាយកដ្ឋាន​សន្តិសុខ​ផ្ទៃក្នុង អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ និង​ជា​ជំនួយការ​ព្រះអង្គម្ចាស់​ក្ស​ត្រី នរោត្តម ម៉ា​រី ឲ្យ​ចូលទៅ​កាន់​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​២១ ខែតុលា ឆ្នាំ​២០២១ វេលា​ម៉ោង​១១ ព្រឹក ដើម្បី​សាកសួរ​ពី​ដំណើររឿង “​រំលោភ​អំណាច​” និង​បទ “​ប្រើប្រាស់​លិខិត​ក្លែង​”​។​

ទី​៣, ឈ្មោះ ឆឹង ចំរើន អាយុ​៧២ ឆ្នាំ មាន​តួនាទី​ជា​អនុប្រធាន​គណបក្ស ឲ្យ​ចូលទៅ​កាន់​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃទី​២១ ខែតុលា ឆ្នាំ​២០២១ វេលា​ម៉ោង​៩ ព្រឹក ដើម្បី​សាកសួរ​ពី​ដំណើររឿង​រំលោភ​អំណាច និង​បទ​ប្រើប្រាស់​លិខិត​ក្លែង​។

មន្ត្រីជាន់ខ្ពស់​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ទាំង​៣​នាក់​នេះ ត្រូវ​បាន​ប្ដឹង​ដោយ​មន្ត្រីជាន់ខ្ពស់​គណបក្ស​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ចំនួន​៤​រូប គឺ​ឈ្មោះ ហេង ចន្ថា​, ឈ្មោះ សាយ ហាក់​, ឈ្មោះ ចាប ញ៉ាលីវុធ និង​ឈ្មោះ ផាន់ សិទ្ធី​៕

ដោយ ៖ កោះ​កែវ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម