នយោបាយ
សម្តេច ស ខេង ទាត់ចោលការលាបពណ៌របស់ក្រុមប្រឆាំង និងប្រកាសបន្តគាំទ្រឯកឧត្តម ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី
សម្ដេចក្រឡាហោម ស ខេង ក្នុងនាមជាអនុប្រធានគណបក្សប្រជាជនកម្ពុជា បានប្រកាសទាត់ចោលការលាបពណ៌របស់ក្រុមប្រឆាំង ដែលលើកឡើងថា គណបក្សប្រជាជនកម្ពុជាមានការបែកបាក់ផ្ទៃក្នុង។ មិនតែប៉ុណ្ណោះ សម្ដេចក្រឡាហោម ស ខេង អះអាងថា ផ្ទៃក្នុងគណបក្សប្រជាជនកម្ពុជាមានភាពរឹងមាំខ្លាំង ហើយសម្តេចថែមទាំងប្រកាសបន្តគាំទ្រឯកឧត្តម ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី។

ក្រោយការបោះឆ្នោតជាសាកលជ្រើសរើសតំណាងរាស្រ្តអាណត្តិទី៧ និងជាពិសេសក្រោយ សម្តេចតេជោ ហ៊ុន សែន បានចេញសារពិសេស បន្ទាប់ពីបានចូលក្រាបបង្គំគាល់ព្រះមហាក្សត្រ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្រុមអ្នកនយោបាយ និងអ្នកវិភាគដែលមាននិន្នាការប្រឆាំង បានលើកឡើងជាបន្តបន្ទាប់ នូវរបស់ដែលហៅថា “មានការបែកបាក់ផ្ទៃក្នុងយ៉ាងធ្ងន់ធ្ងរ ក្នុងរង្វង់គណបក្សប្រជាជនកម្ពុជា”។
ក្នុងន័យនេះ ក្នុងនាមជាអនុប្រធានគណបក្សប្រជាជនកម្ពុជា សម្ដេច ស ខេង បានជម្រាបជូនបងប្អូនជនរួមជាតិខ្មែរទាំងអស់ ជាពិសេសប្រជាពលរដ្ឋខ្មែរច្រើនលើសលប់ ដែលបានគាំទ្រគណបក្សប្រជាជនកម្ពុជា ថា៖ ជ័យជម្នះនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តអាណត្តិទី៧ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ របស់គណបក្សប្រជាជនកម្ពុជា ដែលទទួលបានសំឡេងឆ្នោត ៨២,៣០% នៃអត្រាអ្នកបានទៅបោះឆ្នោត ៨៤,៥៩% បានស្តែងឲ្យឃើញនូវកម្លាំងសាមគ្គីជាប្រពៃណីដ៏រឹងមាំរបស់គណបក្សប្រជាជនកម្ពុជា និងការបន្តគាំទ្រយ៉ាងទូលំទូលាយពីសំណាក់ប្រជាពលរដ្ឋ មកលើការដឹកនាំដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា។
ប្រសិនបើមានការបែកបាក់ដូចការគិតស្មានរបស់ពួកគេមែននោះ ម្លេះសមគណបក្សប្រជាជនកម្ពុជា មិនមានភាពរឹងមាំ និងមិនទទួលបានការគាំទ្រពីសំណាក់ប្រជាជន កាន់តែច្រើនជាលំដាប់ ពីអាណត្តិមួយ ទៅអាណត្តិមួយនោះទេ។
ឧបាយកលបំបែកបំបាក់សាមគ្គីផ្ទៃក្នុងរបស់គណបក្សប្រជាជនកម្ពុជា បានកើតឡើងតាំងពីអតីតកាល ពោលគឺកើតឡើងតាំងពីគណបក្សនយោបាយខ្លះ ពុំទាន់បានចាប់កំណើតផង រហូតដល់មានគណបក្សខ្លះបានត្រូវរលំរលាយបែកបាក់ខ្ចាត់ខ្ចាយ ក៏ពួកគេនៅតែធ្វើនយោបាយដ៏ឆោតល្ងង់ មានឧបាយកលទុច្ចរិត តែផ្ទុយទៅវិញ គណបក្សប្រជាជនកម្ពុជា នៅតែរក្សាបានការឯកភាពផ្ទៃក្នុងដ៏រឹងមាំ និងមានការគាំទ្រពីសំណាក់ប្រជាពលរដ្ឋដ៏ច្រើនលើសលប់ ដើម្បីបន្តដឹកនាំប្រទេសប្រកបដោយសុខសន្តិភាព និងការអភិវឌ្ឍ។
គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកំពុងដឹកនាំរាជរដ្ឋាភិបាល នាពេលបច្ចុប្បន្ននេះ គឺបានបង្ហាញច្បាស់ក្នុងប្រវត្តិសាស្រ្ត នៃបេសកម្មរបស់ខ្លួន គ្រប់កាលៈទេសៈ គឺសុទ្ធតែមានការចូលរួមពីថ្នាក់ដឹកនាំ និងសមាជិក សមាជិកា គ្រប់ជាន់ថ្នាក់ ដើម្បីផលប្រយោជន៍ប្រជាពលរដ្ឋខ្មែរទូទៅ ដូចសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា លោកបានមានប្រសាសន៍បញ្ជាក់រួចហើយ កាលពីព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៣ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការផ្លូវក្រវ៉ាត់ក្រុងទី៣ ម្សិលម៉ិញនេះ។
ជាថ្មីម្តងទៀត សម្ដេច ស ខេង គូសបញ្ជាក់ជំហរដ៏មុតមាំ ថា៖
-ខ្ញុំតែងតែគោរព និងគាំទ្រសេចក្តីសម្រេចរបស់មហាសន្និបាត និងសន្និបាតរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការជ្រើសតាំង សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ជានាយករដ្ឋមន្រ្តី សម្រាប់អាណត្តិនេះ និងអាណត្តិបន្តបន្ទាប់ទៀត។
-ចំពោះការជ្រើសរើសបេក្ខភាពនាយករដ្ឋមន្រ្តី នាពេលអនាគត ខ្ញុំក៏នឹងគោរពតាមការសម្រេចរបស់គណបក្សប្រជាជនកម្ពុជា ដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធាន។
ក្នុងន័យនេះ ខ្ញុំនឹងបន្តគាំទ្រ និងជួយទំនុកបម្រុងឲ្យរដ្ឋាភិបាល អាណត្តិទី៧ ដែលមានឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី បានបំពេញភារកិច្ចរបស់ខ្លួន ឲ្យទទួលបានជោគជ័យតាមគោលការណ៍ទាំងឡាយដែលសម្រេចដោយសន្និបាតគណបក្សប្រជាជនកម្ពុជា៕
-
ព័ត៌មានជាតិ២៣ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


