នយោបាយ
បណ្ឌិត សូ ណារ៉ូ គាំទ្រយុទ្ធនាការ“ផ្ការីកដើម្បីសន្តិភាព” និងប្រឆាំងដាច់អហង្ការ“យុទ្ធសាស្រ្តផ្ការីក”របស់ទណ្ឌិត សម រង្ស៊ី
រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី គឺលោកបណ្ឌិត សូ ណារ៉ូ បានប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះយុទ្ធនាការ“ផ្ការីកដើម្បីសន្តិភាព” និងប្រឆាំងដាច់អហង្ការចំពោះ“យុទ្ធសាស្រ្តផ្ការីក” របស់ទណ្ឌិត សម រង្ស៊ី។ សម្រាប់លោកបណ្ឌិត សូ ណារ៉ូ “ផ្ការីកដើម្បីសន្តិភាព” គឺដើម្បីជាតិរីកចម្រើន និងប្រជាជនរស់នៅដោយសុខសាន្ត ខុសពី“យុទ្ធសាស្រ្តផ្ការីក”របស់ទណ្ឌិត សម រង្ស៊ី ដែលមានបំណងបំផ្លាញភាពរីកចម្រើនរបស់ជាតិ និងបំផ្លាញការរស់នៅដ៏សុខសាន្តរបស់ប្រជាជនកម្ពុជា។

ការប្រកាសគាំទ្រចំពោះយុទ្ធនាការ“ផ្ការីកដើម្បីសន្តិភាព”របស់លោកបណ្ឌិត សូ ណារ៉ូ នេះ ធ្វើឡើងបន្ទាប់ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីរដ្ឋមន្ត្រី បានឡើកឡើងជារឿយៗអំពី«ផ្ការីក» របស់រាជរដ្ឋាភិបាល គឺផ្ការីកសន្តិភាពសុខដុមនីយកម្មនៅក្នុងប្រទេស ជាសួនផ្ការីកស្រស់បំព្រង សួនផ្ការីកកសិកម្ម សួនផ្ការីកនៃការអភិវឌ្ឍ គឺជាផ្ការីករបស់គណបក្សប្រជាជនកម្ពុជា និងផ្ការីកចែកប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋចាប់ពីខេត្តកំពង់ចាម ទៅដល់ខេត្តផ្សេងៗទូទាំងប្រទេស។ នេះ គឺផ្ទុយពីផ្ការីកនៅក្រៅប្រទេសដែលជាផ្ការីកដុតបំផ្លាញសន្តិភាព និងបំផ្លាញប្រទេសជាតិ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤ កន្លងទៅ ក្រុមយុវជនសង្គមស៊ីវិល និងក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធនៃបណ្តុំអង្គការសមាគមសង្គមស៊ីវិល បានរៀបចំយុទ្ធនការ«ផ្ការីក» ក្នុងគោលបំណង ដើម្បីគាំទ្រដល់ការអភិវឌ្ឍក្រោមដំបូលសុខសន្តិភាព ក្រោមការដឹកនាំដោយរាជរដ្ឋាភិបាលនីតិកាលទី៧។ ក្រោយឃើញនូវយុទ្ធនាការនេះ លោកបណ្ឌិត សូ ណារ៉ូ បានសរសេរនៅលើបណ្តាញសង្គមថា៖«សូមគាំទ្រពេញទំហឹងចំពោះ យុទ្ធនាការ“ផ្ការីកដើម្បីសន្តិភាព”។ មានសន្តិភាព និងការអភិវឌ្ឍ ទើបមានផ្ការីកស្រស់បំព្រងគ្រប់រដូវ»។

មេដឹកនាំក្រុមយុវជនសង្គមស៊ីវិល និងសេដ្ឋកិច្ចក្រៅប្រព័ន្ធ លោក ហេង សំណាង បានអះអាងថា ក្រុមយុវជនសង្គមស៊ីវិល និងសេដ្ឋកិច្ចក្រៅប្រព័ន្ធ តែងតែជួបជុំគ្នា ធ្វើការថ្កោលទោសចំពោះក្រុមទណ្ឌិតជ្រុលនិយម ដែលមានទណ្ឌិត សម រង្ស៊ី ជាមេក្លោង មានចរិតជា«ភេរវកម្ម» ដែលយករូបមន្ត«ផ្ការីក» បំផុសបំផុល និងញុះញង់ឱ្យពលរដ្ឋអនុវត្តតាមខ្លួន ដើម្បីបង្កភាពវឹកវរនៅក្នុងសង្គមជាតិកម្ពុជាទាំងមូល។ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នាពេលថ្មីៗនេះ បានបង្ហាញសំណេរខ្លីមួយថា៖ «ព្រឹកនេះ វាយកូនគោល មើលផ្ការីក។ ខ្យល់ត្រជាក់ផ្ការីកគ្រប់រដូវធ្វើឱ្យការវាយកាន់តែល្អ»។ សំណេរមួយប្រយោគនេះ ខ្លីមែនពិត តែអត្ថន័យវែងអន្លាយឆ្ងាយដល់នាយសមុទ្រជាមួយទម្ងន់រាប់ពាន់តោនសមល្មមសង្កត់ឱ្យអ្នកនយោបាយដែលកំពុងបំផុសពាក្យ«ផ្ការីក» លើបណ្តាញសង្គម ក្អួតឈាមបាន។
ក្នុងមួយរយៈនេះ ពាក្យ«ផ្ការីក»កំពុងត្រូវបានទណ្ឌិត សម រង្ស៊ី បង្ហោះស្ទើររាល់ថ្ងៃនៅលើបណ្តាញសង្គម។ «ផ្ការីក» ជាចលនាបដិវត្តន៍មួយត្រូវបានគេប្រើប្រាស់ជោគជ័យតាមបណ្តាប្រទេសមួយចំនួន។ ដូច្នេះពាក្យ «ផ្ការីក» ដែលសម រង្ស៊ី បានបំផុសឡើងក្នុងចេតនាដ៏អាក្រក់ញុះញង់ឱ្យពលរដ្ឋក្រោកឡើង បំផ្លាញក្តីសុខរបស់ជាតិកម្ពុជា។ «វាយកូនគោល មើល ផ្ការីក។ ខ្យល់ត្រជាក់ផ្ការីកគ្រប់រដូវធ្វើឱ្យ ការវាយកាន់តែល្អ» ជាសារដែលបង្ហាញច្បាស់ណាស់ថា សម្តេចតេជោ ហ៊ុន សែន មិនព្រួយមិនព្រឺចំពោះការបំផុសចលនាបដិវត្តពណ៌ដោយទណ្ឌិតនេះឡើយ។ ផ្ទុយទៅវិញ សម្តេចកំពុងរីករាយ មើលការបំផុសដ៏អាក្រក់របស់ជនក្បត់ជាតិ ហើយត្រៀមកម្ទេចចោលរាល់ចលនាទាំងឡាយដែលចង់បំផ្លាញក្តីសុខរបស់កម្ពុជា។ នេះបើតាមលោក ហេង សំណាង។

លោក ហេង សំណាង បានគូសបញ្ជាក់ថា ទណ្ឌិត សម រង្ស៊ី បានព្យាយាមប៉ុនប៉ងបំផ្លាញកម្ពុជាតាមរយៈផ្តួលការដឹកនាំរបស់សម្តេចតេជោ បន្តរហូតដល់សម្តេចធិបតី ហ៊ុន ម៉ាណែត ប៉ុន្តែ បំណងរបស់គេតែងតែបរាជ័យជាបន្តបន្ទាប់ ក្រោមកណ្តាប់ដៃដែករបស់សម្តេចតេជោ និងបន្តដោយសម្តេចធិបតី។ ជាពិសេស ពលរដ្ឋជឿជាក់ចំពោះការដឹកនាំរបស់រាជរដ្ឋាភិបាលតាំងពីពេលដឹកនាំដោយសម្តេចតេជោ រហូតដល់សម្តេចមហាបវរធិបតី ដែលត្រូវការសុខសន្តិភាព ដើម្បីភាពរីកចម្រើនរបស់កម្ពុជាទៅមុខជាបន្ត។ ក្រៅពីហេតុផលខាងលើ ភាពបរាជ័យធំបំផុតជាបន្តបន្ទាប់របស់ទណ្ឌិត សម រង្ស៊ី ព្រោះតែភាពកំសាកខ្លាចគុក រត់ចោលស្រុកធ្វើឱ្យបាត់បង់អស់អ្នកជឿ និងលែងមានអ្នកធ្វើតាមតទៅទៀត៕

-
ព័ត៌មានជាតិ៧ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
កីឡា១ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សន្តិសុខសង្គម៦ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង


