សន្តិសុខសង្គម
អភិបាលខេត្តកំពតជំរុញឲ្យមន្ត្រីបង្កើនការរក្សាសន្តិសុខ និងហាមមិនឲ្យដំឡើងថ្លៃគ្រប់សេវាកម្មក្នុងឱកាសបុណ្យអុំទូក
លោក ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត បានជំរុញដល់អាជ្ញាធរក្រុង-ស្រុកទាំង៩ និងកងកម្លាំងទាំងអស់ ត្រូវថែរក្សាសន្តិសុខសណ្ដាប់ធ្នាប់ជូនភ្ញៀវទេសចរឱ្យបានល្អ និងហាមដាច់ខាតមិនឱ្យមានការដំឡើងថ្លៃលើគ្រប់សេវាកម្មទាំងអស់ ដើម្បីទាក់ទាញទេសចរឱ្យមកសម្រាកលម្ហែកម្សាន្តកាន់តែច្រើននៅក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុក និងសំពះព្រះខែ។

ថ្លែងក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត កាលពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៥ លោក ម៉ៅ ធនិន លើកឡើងថា ក្រោមកិច្ចចង្អុលបង្ហាញការរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដែលបានជំរុញឱ្យខេត្តកំពតដែលមានសក្តានុពលលើវិស័យទេសចរណ៍ដែលត្រូវបានរៀបចំកែច្នៃ និងអភិវឌ្ឍផ្សែងទេសចរណ៍ឱ្យកាន់តែមានភាពទាក់ទាញ ក្នុងន័យដើម្បីលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋកាន់តែមានភាពរីកចម្រើន។

លោក ម៉ៅ ធនិន បន្ថែមថា ក្រោយរដ្ឋបាលខេត្តបានរៀបចំឡើងនូវឆ្នេរខ្សាច់កម្សាន្ត រូបសំណាកត្រីសេះសមុទ្របាញ់ទឹក នាឡិការយក្ស និងសួនទឹករាំតាមចង្វាក់ភ្លេង បានធ្វើឱ្យកំណើនភ្ញៀវទេសចរមានការកើនឡើងជាលំដាប់ពីមួយឆ្នាំទៅមួយឆ្នាំ ដែលរាល់ពេលបុណ្យទាន និងថ្ងៃឈប់សម្រាកខ្លះមានភ្ញៀវទេចរមកលេងកម្សាន្តចន្លោះពី ៤ម៉ឺន ទៅ ៥ម៉ឺននាក់។ កត្តាដែលនាំឱ្យភ្ញៀវទេសចរមានទំនុកចិត្ត និងដើរលេងកម្សាន្តដោយសប្បាយរីករាយក្នុងខេត្តនោះ ក៏ដោយសារតែការថែរក្សាសន្តិសុខសណ្តាប់ធ្នាប់បានល្អប្រសើរពីសំណាក់អាជ្ញារ និងកងកម្លាំងទាំងអស់ផងដែរ ដូច្នេះអាជ្ញាធរក្រុង-ស្រុកទាំងអស់ រួមនឹងកងកម្លាំងគ្រប់ប្រភេទត្រូវបន្តធ្វើយ៉ាងណាថែរក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ជូនភ្ញៀវទេសចរ ដែលមកលេងកម្សាន្តក្នុងខេត្តនាឱកាសថ្ងៃឈប់សម្រាកនៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ នាពេលខាងមុខឱ្យបានល្អប្រសើរបំផុត បើទោះបីកន្លងមកពុំមានភាពមិនប្រក្រតីណាមួយកើតឡើងក៏ដោយ។

ទន្ទឹមនឹងនោះ លោកអភិបាលខេត្ត ក៏បានក្រើនរំលឹកដល់អាជីវករ សេវាករ និងអ្នកផ្តល់សេវាកម្មគ្រប់ផ្នែកទាំងអស់តាមរយៈមន្ទីរទេសចរណ៍ មិនត្រូវមានការដំឡើងថ្លៃខុសពីថ្ងៃធម្មតានោះឡើយ ហើយត្រូវរួមគ្នាទទួលបដិសណ្ឋារកិច្ចភ្ញៀវទេសចរដែលបានមកលេងកម្សាន្តក្នុងខេត្តឱ្យបានល្អប្រសើរ ដើម្បីរួមគ្នាលើមុខមាត់ខេត្ត និងទទួលបានភ្ញៀវទេសចរ កាន់តែច្រើនបន្ថែមទៀត។

គួរជម្រាបថា ក្នុងឱកាសនៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែឆ្នាំនេះ ខេត្តកំពតមិនមានការរៀបចំធ្វើពិធីប្រណាំងទូក.ង និងកម្មវិធីកម្សាន្តសប្បាយនោះទេ តែទោះជាយ៉ាងណាមន្ត្រីជំនាញរំពឹងថា ខេត្តនឹងមានភ្ញៀវទេសចរមកសម្រាកលម្ហែកម្សាន្តច្រើន ខណៈមកទល់ពេលនេះ សណ្ឋាគារ បឹងហ្គាឡូ រីស៊ត និងផ្ទះសំណាក់ត្រូវបានកក់ពេញ។

បើតាមលោក ម៉ៅ ធនិន ខេត្តកំពតមានរមណីយដ្ឋាន សហគមន៍ និងគោលដៅទាក់ទាញទេសចរណ៍សរុបចំនួន ៤២កន្លែង កំពុងដំណើរការផ្តល់សេវាកម្ម ព្រមទាំងសេវាកម្មស្នាក់នៅគ្រប់កម្រិតមានចំនួន ៣៤២កន្លែង ស្មើនឹង ៥,១០៣បន្ទប់៕
អត្ថបទ៖ សឹង រ៉ាត់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៧ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


