Connect with us

សន្តិសុខសង្គម

អ្នកជំងឺម្នាក់ស្លាប់ ក្រោយ​ឲ្យ​គ្រូពេទ្យ​ព្យាបាល​ជំងឺ​ស្លាប់មួយចំហៀងខ្លួន

បានផុស

នៅ

សមត្ថកិច្ចចម្រុះខេត្តសៀមរាប បាន​ឃាត់ខ្លួនស្ត្រីគ្រូពេទ្យតាមភូមិម្នាក់ ករណីទទួលព្យាបាលអ្នកជំងឺម្នាក់បណ្តាលឲ្យឈឺធ្ងន់ ហើយបានស្លាប់ខណៈបញ្ជូនដល់មន្តីរពេទ្យ។

សមត្ថកិច្ចបានឲ្យដឹងនៅព្រឹកថ្ងៃទី១៤នេះថា ក្រុមការងារបានឃាត់ខ្លួនស្ត្រីជនសង្ស័យម្នាក់ឈ្មោះ វ៉ន ស្រី អាយុ ៥២ ឆ្នាំ មុខរបរពេទ្យបុរាណ មានទីលំនៅបច្ចុប្បន្នភូមិទឹកលិច ឃុំបបឹងមាលា ស្រុកស្វាយលើ ខេត្តសៀមរាប ដែលបានប្រព្រឹត្តបទល្មើស ករណីឃាតកម្មដោយអចេតនា (ព្យាបាលគ្មានវិជ្ជាជីវផ្នែកវេជ្ជាសាស្ត្រ និងបើកទីតាំងព្យាបាលគ្មានអាជ្ញាប័ណ្ណ) កើតហេតុ​នៅវេលា​ម៉ោង១៣:០០នាទី ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២២ នៅចំណុចភូមិឃុំខាងលើ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សមត្ថកិច្ចបន្ថែមថា កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង ១១:០០នាទី ជនរងគ្រោះឈ្មោះ សេង ត្រេត ភេទស្រី អាយុ ៣១ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិបេង ឃុំដូនពេង ស្រុកអង្គរជុំ ខេត្តសៀមរាប មាន​ជំំងឺ​ស្លាប់មួយចំហៀងខ្លួន ផ្នែក​ខាងឆ្វេង (ដៃឆ្វេងកំរើកមិនកើត តែជើងខាងឆ្វេងនៅ​កំរើក និងដើរបានតិចៗ) បានចូលទៅរកសេវាព្យាបាលនៅចំណុច​ផ្ទះរបស់គ្រូពេទ្យបុរាណមួយឈ្មោះ វ៉ន ស្រី ពុំមានយីហោ ស្ថិតនៅភូមិឃុំខាងលើ ដោយការព្យាបាលនោះគ្រូពេទ្យបានប្រើប្រភេទថ្នាំលេប និងថ្នាំចាក់។ ក្នុងនោះគ្រូពេទ្យរូបនេះបានចាក់ថ្នាំឲ្យជនរងគ្រោះក្នុងមួយថ្ងៃម្តង នៅវេលាម៉ោង ១៨:០០ល្ងាច ចន្លោះពី ៧ ម្ជុល ទៅ ១១ ម្ជុល។

ជាក់ស្តែងនៅថ្ងៃ០៨ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង ១៨:០០ល្ងាច គ្រូពេទ្យបានចាក់ថ្នាំឲ្យជនរងគ្រោះចំនួន ៧ម្ជុល លុះព្រឹកស្អែកឡើងវេលាម៉ោង ១១:០០នាទី ក្រោយហូបនំបុ័ង និងបាយថ្ងៃត្រង់រួច ស្រាប់តែជនរងគ្រោះឈ្មោះ សេង ត្រេត មានអាការដង្ហក់ខ្យល់ ហត់ខ្លាំង ពិបាកដកដង្ហើម ពោះឡើងធំខុសពីធម្មតា ភា្លមនោះគ្រូពេទ្យឈ្មោះ វ៉ន ស្រី បានជួលឡានដឹកជនរងគ្រោះបញ្ជូនទៅសង្គ្រោះនៅមន្ទីពេទ្យបបង្អែកស្រុកសូទ្រនិគម តែពេលទៅដល់មន្ទីពេទ្យ មិនបានចូលបន្ទប់សង្គ្រោះផង ស្រាប់តែជនរងគ្រោះបានដាច់ខ្យល់ស្លាប់បាត់ទៅ។

សមត្ថកិច្ចបញ្ជាក់ថា ក្រោយទទួលបានព័ត៌មាន កម្លាំងសមត្ថកិច្ចចម្រុះបានសហការ ចុះពិនិត្យសព និងស្រាវជ្រាវ។ បើតាមការស្តាប់បំភ្លឺរបស់សាក្សីឈ្មោះ លៀម លោះ ភេទប្រុស អាយុ ៣២ឆ្នាំ បានបំភ្លឺថា ខ្លួនជាអ្នកជំងឺ​ម្នាក់ដែលមករកសេវាព្យាបាលពីគ្រូពេទ្យបុរាណឈ្មោះ វ៉ន ស្រី ហើយបានសម្រាកនៅគ្រែក្បែរ​ជនរងគ្រោះឈ្មោះ សេង ត្រេត ភេទស្រី អាយុ ៣១ឆ្នាំ ដោយខ្លួនបានឃើញគ្រូពេទ្យបានចាក់ថ្នាំឲ្យអ្នកជម្ងឺជាច្រើនម្ជុលក្នុងមួយថ្ងៃៗ។

ជាក់ស្តែងនៅព្រឹកថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២២ ជនរងគ្រោះមានសភាពធម្មតា លុះដល់វេលាម៉ោង១១:០០នាទី ស្រាប់តែជនរងគ្រោះមានអាការដង្ហខ្យល់ ហត់ខ្លាំង ពិបាកដងដង្ហើម ទើបគ្រូពេទ្យឈ្មោះ វ៉ន ស្រី បានបញ្ជូនទៅសង្គ្រោះតែបានដាច់ខ្យល់ស្លាប់ពេលទៅដល់មុខមន្ទីពេទ្យ។

សមត្ថកិច្ចបន្ថែមថា តាមការស្តាប់ចម្លើយរបស់ជនសង្ស័យឈ្មោះ វ៉ន ស្រី ហៅក្រៅ យាយ ឆាលី ភេទ ស្រី អាយុ ៥២ ឆ្នាំ បានឲ្យដឹងថា នៅអំឡុងឆ្នាំ១៩៨២ ខ្លួនបានរៀនចប់ចំណេះដឹងទូទៅថ្នាក់ទី៩ នៅវិទ្យាល័យស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ និងបានបន្តសិក្សាផ្នែកវិជ្ជសាស្រ្ត នៅខណ្ឌចំការមន នៅមន្ទីរពេទ្យចិនកម្រិតពេទ្យបឋមផ្នែកសម្ភព រយះពេល ០៣ ឆ្នាំ ប៉ុន្តែពុំទទួលបានសញ្ញាបត្រនោះទេ។

ក្រោយពីបញ្ចប់ការសិក្សា ខ្លួនមិនបានចូលបម្រើការងារ នៅមន្ទីរពេទ្យឯកជន ឬមន្ទីរពេទ្យរដ្ឋណាមួយក្នុងប្រទេសកម្ពុជានោះទេ។ ក្រោយមក នៅថ្ងៃទី ២៤ ខែសីហា ឆ្នាំ២០០៧ ខ្លួនបានមករស់នៅខេត្តសៀមរាប ប្រកបរបរចាក់ថ្នាំឲ្យអ្នកជម្ងឺ ខ្វិនដៃជើង និងស្លាប់មួយចំហៀងខ្លួនជាដើម ព្យាបាលមានតាមរបៀបបុរាណ និងថ្នាំពេទ្យ ថ្នាំចាក់ គ្មានការប្រើប្រាស់សេរ៉ូមនោះទេ ប៉ុន្តែមិនមានការទទួលស្គាល់ពីគណៈគ្រូពេទ្យខេត្តសៀមរាប និងស្នើសុំច្បាប់អនុញ្ញាត្តិណាមួយនោះដែរ។

ជាក់ស្តែងនៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២២ ខ្លួនបានទទួលព្យាបាលជនរងគ្រោះឈ្មោះ សេង ត្រេត ភេទស្រី អាយុ ៣១ ឆ្នាំ មកពីស្រុកអង្គរជុំ ដែលអ្នកជម្ងឺបានប្រាប់ថា ជើងស្ពឹក និង​ដៃលើកមិនរួច ខ្លួនបានឲ្យជនរងគ្រោះសម្រាកព្យាបាល​រយៈពេល០៦ខែ និងបង់ថ្លៃសេវាព្យាបាលជាមុនសរុបចំនួន ៣០០០០០០រៀល (បីលានរៀលគត់)។

នៅថ្ងៃទី ០៧ និងថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២២ រៀងរាល់វេលាម៉ោង ១៨ និង០០នាទី ខ្លួនបានព្យាបាលជូនជនរងគ្រោះខាងលើ ដោយប្រើប្រាស់ប្រភេទថ្នាំបញ្ជូលខ្លួនអ្នកជម្ងឺ (ត្រគាក) ដោយចាក់ឲ្យជនរងគ្រោះចន្លោះសរុបចំនួនពី ០៧ ទៅ ១១ ម្ជុលក្នុងមួយថ្ងៃ។ លុះនៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២២ រហូតដល់វេលាម៉ោងប្រហែល១១ និង០០នាទី ខ្លួនមិនបានចាក់ថ្នាំ ឲ្យអ្នកជម្ងឺនៅឡើយទេ ដោយជនរងគ្រោះមានអាការះហត់ខ្លាំង ពិបាកដកដង្ហើម ខ្លួនបានប្រើប្រាស់ឧបករណ៍ឆ្ពង់ ដោយទឹកសារ៉ូមប្រៃ ដើម្បីសម្រួលដល់ការដកដង្ហើមរបស់ជនរងគ្រោះ ដោយអាការៈជនរងគ្រោះមិនធូរស្រាល និងមានតឹងពោះខ្លាំង ខ្លួនបានរករថយន្តឈ្នួលដឹកជនរងគ្រោះទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកសូទ្រនិគម។

ពេលដឹកដល់មន្ទីរពេទ្យមិនទាន់បានបញ្ជូនចូលបន្ទប់សង្គ្រោះ ជនរងគ្រោះបានកន្រ្តាក់ដៃជើង ហើយក៏លែងមានដង្ហើម និង​មានចលនា ក្រុមគ្រូពេទ្យបានប្រាប់ថា ជនរងគ្រោះបានដាច់ខ្យល់ស្លាប់បាត់ហើយ។

កន្លងមកខ្លួនធ្លាប់ត្រូវបានប្រធានមណ្ឌលសុខភាពស្រុកស្វាយលើប្រាប់ឲ្យបញ្ឈប់ សកម្មភាពព្យាបាល ជូនអ្នកជម្ងឺគ្រប់រូបភាព ប្រហែល ០៤លើក ប៉ុន្តែខ្លួនមិនបានឈប់នោះទេហើយជនសង្ស័យទទួលស្គាល់ថា សកម្មភាពរបស់ខ្លួន ជាអំពើខុសច្បាប់។

បច្ចុប្បន្នកម្លាំងសមត្ថកិច្ចចម្រុះបានបញ្ជូនស្ត្រីគ្រូពេទ្យបុរាណដែលគ្មានអជ្ញាបណ្ណត្រឹមត្រូវខាងលើ ទៅតុលាការដើម្បីចាត់ការទៅតាមផ្លូវច្បាប់៕

អត្ថបទ៖ កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម