សន្តិសុខសង្គម
តើបណ្ណាល័យសម្តេចម៉ែ មានផ្ទុកឯកសារអ្វីខ្លះ?
បណ្ណាល័យសម្តេចម៉ែ ត្រូវបានបង្កើតឡើងដោយមជ្ឈមណ្ឌលឯកសារកម្ពុជា ក្នុងគោលបំណងថ្វាយព្រះកិត្តិយសជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុតជូនសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ដែលទ្រង់បានខិតខំប្រឹងប្រែង ដើម្បីប្រទេសជាតិ និងប្រជាជនខ្មែរ។ បណ្ណាល័យនេះ មានផ្ទុកឯកសារជាច្រើន ហើយត្រូវសម្ពោធដាក់ឱ្យដំណើរការកាលពីឆ្នាំ២០២០។

បណ្ណាល័យម្តេចម៉ែ មានឯកសារដូចជា ប្រវត្តិសាស្ត្រប្រទេសកម្ពុជា និងឯកសារស្តីពីរបបកម្ពុជាប្រជាធិបតេយ្យ ឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩ ប្រមាណ ១លាន៧សែនទំព័រ ដែលត្រូវបានស្រាវជ្រាវដោយបុគ្គលិកនៅមជ្ឍមណ្ឌលឯកសារកម្ពុជា ដោយប្រើពេលអស់ប្រមាណជាង២០ឆ្នាំមកហើយ។

ស្របជាមួយគ្នានេះ នៅចុងឆ្នាំ២០១៩ លោកឯកអគ្គរាជទូតបណ្ឌិត ហូលីយ៉ូ អេ. ជែលដ្រេស បានបរិច្ចាគសមុច្ច័យជាសៀវភៅប្រមាណជាង ៣ ០០០ក្បាល និងឯកសារចំនួន ២៨០០ប្រអប់ ដែលប្រមូលដោយលោកឯកអគ្គរាជទូតបណ្ឌិត ហូលីយ៉ូ អេ. ជែលដ្រេស ក្នុងកំឡុងពេលដែលលោកចងក្រង និងកត់ត្រាឯកសារ ស្តីរាជវង្សានុវង្ស និងប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជា។ មិនត្រឹមតែមានឯកសារ និងសៀវភៅបែបប្រវត្តិសាស្ត្រនោះទេ នៅបណ្ណាល័យសម្តេចម៉ែ ក៏មានតម្កល់ជាឯកសារជាច្រើនដូចជា ឯកសារបែបរូបភាព ភាពយន្ត និងខ្សែអាត់សម្លេងរបស់ជនរងគ្រោះនៅក្នុងរបបខ្មែរក្រហម។ ទន្ទឹមគ្នានោះ ដើម្បីអភិរក្ស និងថែរក្សាឯកសារទាំងនេះឱ្យបានគង់វង្ស និងបន្សល់ទុកសម្រាប់ប្រជាជនខ្មែរ ឯកសារទាំងនេះក៏ត្រូវបានបង្កើតជាទម្រាំងឌីជីថលឱ្យមានគុណភាពខ្ពស់ផងដែរ។

អ្វីដែលកាន់តែពិសេសនោះ គឺបណ្ណាល័យសម្តេចម៉ែ បង្កើតឡើងជាការឧទ្ទិសដល់ស្ត្រីកម្ពុជាទាំងអស់ទាំងស្ថិតនៅក្នុងអតីតកាល បច្ចុប្បន្ន និងអនាគត។ ព្រមទាំងបង្ហាញពីឥទ្ធិពលរបស់ស្ត្រីក្នុងការចូលរួមចំណែកជួយស្តារជាតិជាថ្មីក្រោយពីដួលរលំរបបខ្មែរក្រហម តាមរយៈមើលថែក្រុមគ្រួសារ ពង្រីកសេដ្ឋកិច្ច អភិរក្សការពារវប្បធម៌ខ្មែរឡើងវិញបន្ទាប់ពីរួចផុតពីរបបដ៏ខ្មៅងងឹតមួយនោះ។
បណ្ណាល័យសម្តេចម៉ែ មានទីតាំងស្ថិតនៅផ្ទះលេខ៦៦ មហាវិថីព្រះសីហនុ ដែលដាក់ដំណើរការឱ្យសាធារណជនចូលទស្សនាតាំងពីឆ្នាំ២០២០ ជាកន្លែងផ្តល់នូវការអប់រំបន្ថែមទៀតសម្រាប់ប្រជាជនកម្ពុជា។ ក្នុងកំឡុងពេលវិបត្តិកូវីដ-១៩ មជ្ឈមណ្ឌលឯកសារកម្ពុជា ក៏បានរក្សាសិទ្ធិអនុញ្ញាតឱ្យសាធារណជនអាចប្រើប្រាស់បណ្ណាល័យសម្តេចម៉ែបានតាមរយៈប្រព័ន្ធអនឡាញផងដែរ។

តាមការកត់សម្គាល់ បណ្ណាល័យសម្តេចម៉ែ មានទាំងភ្ញៀវជាតិ និងអន្តរជាតិ បានធ្វើទស្សនកិច្ចជាហូរហែរ ក្នុងនោះ ក៏សម្បូរទៅដោយឥស្សជនជាន់ខ្ពស់ជាច្រើនផងដែរ។ ដោយឡែក នៅក្នុងឆ្នាំ២០២២ កំឡុងពេលកិច្ចប្រជុំកំពូលអាស៊ានដែលកម្ពុជាជាម្ចាស់ផ្ទះ មានស្ត្រីជាភរិយារបស់ថ្នាក់ដឹកនាំកំពូលប្រទេសជារូបដែលបានទស្សនានៅបណ្ណាល័យនេះមានដូចជា ភរិយារបស់ប្រធានាធិបតីឥណ្ឌណេស៊ី ភរិយារបស់នាយករដ្ឋមន្ត្រីឡាវ ភរិយារបស់ប្រធានាធិបតីហ្វីលីពីន ភរិយារបស់នាយករដ្ឋមន្ត្រីថៃ ភរិយាប្រធានស្ថាប័នវេទិកាសេដ្ឋកិច្ចពិភពលោក និងភរិយារបស់លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា។

សូមជម្រាបថា មជ្ឈមណ្ឌលឯកសារកម្ពុជា ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៩៥ ហើយបានក្លាយជាស្ថាប័នស្រាវជា្រវឯករាជ្យនៅឆ្នាំ១៩៩៧។ មជ្ឈមណ្ឌលឯកសារកម្ពុជា គឺជាកន្លែងតម្កល់ និងស្រាវជ្រាវនូវឯកសារនានាក្នុងរបបខ្មែរក្រហមសម្រាប់មនុស្សជំនាន់ក្រោយ។ មជ្ឈមណ្ឌលឯកសារកម្ពុជា ត្រូវបានគ្រប់គ្រងដោយលោក ឆាំង យុ ជាបុគ្គលម្នាក់ដែលបានរស់រានមានជីវិតពីរបបប្រល័យពូជសាសន៍ថែមទៀតផង៕
ដោយ៖ អុន ស្រីមាន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


