Connect with us

ព័ត៌មានជាតិ

បណ្ណាល័យវិទ្យាសាស្ត្រថ្មីមួយទៀត ត្រូវបានបង្កើតនៅខេត្តបាត់ដំបង សម្រាប់ស្រាវជ្រាវ និងច្នៃប្រឌិត

បានផុស

នៅ

បណ្ណាល័យវិទ្យាសាស្ត្រថ្មីមួយទៀត ត្រូវបានបង្កើតនៅស្រុកសង្កែ ខេត្តបាត់ដំបង ដើម្បីផ្តល់ឱកាសដល់សិស្សានុសិស្ស សិក្សាស្រាវជ្រាវដែលជាផ្នែកមួយជំរុញការការស្រមៃ និងច្នៃប្រឌិត។ បណ្ណាល័យនេះ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី ១៧ ខែមករា ឆ្នាំ ២០២៦ ក្រោមអធិបតីភាពលោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងលោក វ៉ាន់ឡាល់វ៉ាណា បាវីលុង ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា។ សមិទ្ធផលលេចចេញជារូបរាងបណ្ណាល័យនេះ សម្រេចឡើងតាមរយៈគម្រោងផ្តល់ផលរហ័សរបស់រដ្ឋាភិបាលឥណ្ឌា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងក្នុងពិធីសម្ពោធបណ្ណាល័យ លោក ហែម វណ្ណឌី បានសង្កត់ធ្ងន់លើសារៈសំខាន់នៃបណ្ណាល័យវិទ្យាសាស្ត្រនេះ ក្នុងការរួមចំណែកកសាងមូលធនមនុស្សនៅក្នុងមូលដ្ឋាន។ លោកបានលើកឡើងថា៖«មូលធនមនុស្សគឺជាគន្លឹះសម្រាប់លើកកម្ពស់សមត្ថ​ភាពប្រកួតប្រជែងរបស់កម្ពុជាក្នុងយុគសម័យ​ឌីជីថល។ យើងខ្ញុំសង្ឃឹមយ៉ាងមុតមាំថា បណ្ណាល័យវិទ្យាសាស្ត្រនេះ នឹងក្លាយជាផ្ទះទីពីរ​ដ៏កក់ក្តៅសម្រាប់សិស្សា​នុសិស្ស​ដែលស្រឡាញ់ការសិក្សា និងមានស្មារតីចង់ចេះចង់ដឹង»។ ទន្ទឹមនេះ លោកសបានលើកទឹកចិត្តដល់សិស្សានុសិស្សទាំងអស់ឱ្យខិតខំក្រេបជញ្ជក់ចំណេះដឹងពីធនធាន​ទាំងនេះ ដើម្បីបណ្តុះបណ្តាលខ្លួនឱ្យក្លាយជា “គ្រាប់ពេជ្រ” ជំនាន់ថ្មីដ៏មានតម្លៃសម្រាប់អនាគតកម្ពុជា។

លោក ហែម វណ្ណឌី

ជាមួយគ្នានេះ លោក វ៉ាន់ឡាល់វ៉ាណា បាវីលុង លើកឡើងថា ការអប់រំ នវានុវត្តន៍ និងការរៀនសូត្រវិទ្យាសាស្ត្រនៅតែជាសសរស្តម្ភសំខាន់ៗសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព។ លោកបញ្ជាក់ថា៖«បណ្ណាល័យវិទ្យាសាស្ត្រដែលទើបសម្ពោធថ្មីនៅស្រុករតនមណ្ឌល ផ្តល់ជូនសិស្ស គ្រូបង្រៀន និងសហគមន៍ក្នុងតំបន់នូវសិទ្ធិចូលប្រើប្រាស់សៀវភៅវិទ្យាសាស្ត្រ ឧបករណ៍វិទ្យាសាស្ត្រជាក់ស្តែង និងសម្ភារៈសិក្សាជាច្រើន ដែលត្រូវបានរចនាឡើងដើម្បីបង្កើតការចង់ដឹងចង់ឃើញ លើកទឹកចិត្តការពិសោធន៍ និងជំរុញការស្រមៃ ច្នៃប្រឌិត»។ 

លោក វ៉ាន់ឡាល់វ៉ាណា បាវីលុង

បណ្ណាល័យវិទ្យាសាស្ត្រនេះត្រូវបានបំពាក់ដោយបរិក្ខារ រួមមានប្រព័ន្ធម៉ាស៊ីនត្រជាក់ដើរដោយថាមពល​ព្រះអាទិត្យ ឧបរកណ៍វិទ្យាសាស្ត្រ និងប្រព័ន្ធចម្រោះទឹកស្អាត ដែលឧបត្ថម្ភដោយរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ។ បណ្តាល័យនេះនឹងផ្តល់អត្ថប្រយោជន៍ដោយផ្ទាល់ដល់សិស្សជាង ១ ៥០០ នាក់មកពីសាលាបឋមសិក្សានៅទូទាំងស្រុករតនមណ្ឌល ក៏ដូចជាគ្រូបង្រៀន នាយកសាលា និងឪពុកម្តាយផងដែរ។ បណ្ណាល័យនេះត្រូវបានគេរំពឹងថានឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការចិញ្ចឹមបីបាច់អ្នកវិទ្យាសាស្ត្រ វិស្វករ និងអ្នកច្នៃប្រឌិតនាពេលអនាគត។

គួរជម្រាបថា ក្រោមក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការមេគង្គ-គង្គា (MGC) របស់ឥណ្ឌា ដែលតាមរយៈនោះឥណ្ឌាផ្តល់មូលនិធិដល់គម្រោងផ្តល់ផលរហ័ស (QIP) ចំនួន ១០ នៅក្នុងប្រទេសកម្ពុជាជារៀងរាល់ឆ្នាំនៅក្នុងវិស័យអាទិភាពដូចជា ការអប់រំ សុខភាព ការផ្តល់អំណាចដល់ស្ត្រី អនាម័យ និងកសិកម្ម។ រហូតមកដល់បច្ចុប្បន្ន ឥណ្ឌាបានគាំទ្រគម្រោងទាំងអស់នេះ សរុបចំនួន ៦៦ នៅកម្ពុជា ក្នុងនោះ ៤៧ ត្រូវបានបញ្ចប់ និង ១៩ កំពុងស្ថិតក្នុងការអនុវត្ត។  គម្រោងទាំងអស់នេះបង្កើតឡើងជាស្របតាមអាទិភាពអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាលកម្ពុជា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម