Connect with us

សន្តិសុខសង្គម

អភិបាលរងខេត្តកំពង់ធំ​ម្នាក់ ត្រូវ​ម្ចាស់​ប្រឡាយ​ព្រះគន្លង និង​ព្រះស្នែង ដាក់ពាក្យ​ប្ដឹង​ទៅ​ក្រសួង​អធិការកិច្ច

បានផុស

នៅ

កំពង់ធំ​ ៖ លោក ហង់ សុគន្ធ​ដែល​ជា​ម្ចាស់​ភាគហ៊ុនស្ថានីយបូមទឹក​ និង​ប្រឡាយ​ព្រះ​គន្លង និងព្រះស្នែងស្របច្បាប់ បាន​ដាក់ពាក្យ​បណ្ដឹង​ទៅ​ក្រសួង​អធិការកិច្ច​ និងស្នើសុំឱ្យ​មាន​កិច្ច​អន្តរាគមន៍ ចំពោះ​ភាព​មិន​ប្រក្រតី​របស់​លោកសុក ហៃ អភិបាលរងខេត្តកំពង់ធំ ពាក់ព័ន្ធនឹង​ករណី​ទិញ​ផ្ដាច់​ស្ថានីយ​បូម​ទឹកចំនួន១៩​កន្លែង​ នៅ​ទូទាំង​ខេត្តកំពង់ធំ ក្នុងនោះរួមទាំង​ស្ថានីយបូមទឹក​ប្រឡាយព្រះគន្លង និង​ព្រះស្នែងផងដែរ តែ​មិន​ឃើញ​មាន​ការ​កោះប្រជុំ។ ទើប​មាន​ការ​សាកសួរ​ព័ត៌មាន​ពី​ម្ចាស់​ស្ថានីយ​ផ្សេងៗ និង​ក្រសួង​ពាក់ព័ន្ធ​បាន​ដឹង​ថា រដ្ឋបាលខេត្ត​ធ្វើ​សំណើ​ទិញ​ដោយ​មិន​បញ្ចូល​ប្រឡាយ​ព្រះគន្លង និង​ព្រះស្នែង​ឡើយ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោង​តាម​លិខិត​សុំ​អន្តរាគមន៍​មួយច្បាប់​ដាក់ជូន ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​អធិការកិច្ច ស្នើសុំ​ឱ្យមាន​កិច្ច​អន្តរាគមន៍​ចំពោះ​ភាពមិនប្រក្រតី​របស់រ​ដ្ឋ​បាល​ខេត្តកំពង់ធំនេះ លោក​ហង់ សុគន្ធ កាលពី​ថ្ងៃទី​២១ ខែវិច្ឆិកា ឆ្នាំ​២០២៣ ដែលជា​អ្នកតំណាង​ឱ្យឈ្មោះ​សុខ មុន្នី​, ប៉េង ច​ន្ធី និង​ជា​ម្ចាស់​ភាគហ៊ុន​ស្ថានីយ​បូមទឹក និង​ប្រឡាយ​ព្រះ​គន្លង​និង​ព្រះ​ស្នែង មាន​ទីតាំង​ស្ថិតនៅ​ភូមិ​ខ្សាច់​ជីរ​ស់ ឃុំ​កំពង់​គោ ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ ​ទើប​តែ​ទទួល​បាន​ដំណឹង​នៅ​ព្រឹក​ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​២០២៣​ថា អាជ្ញាធរ​រដ្ឋបាលខេត្ត​កំពង់ធំ ដឹកនាំ​ដោយ​លោក សុក ហៃ បាន​ទិញ​ផ្តាច់​ស្ថានីយ​បូមទឹក​ឯកជន​ចំនួន​១៩ នៅ​ទូទាំង​ខេត្តកំពង់ធំ តែ​មិន​បាន​បញ្ចូល​ប្រឡាយ​ព្រះ​គន្លង​និង​ព្រះ​ស្នែង ពី​ការគ្រប់គ្រង​ស្របច្បាប់​របស់ លោក ហង់ សុគន្ធនោះទេ។

លោក ហង់ សុគន្ធ អាយុ៥៨ឆ្នាំ ដែល​ជា​ម្ចាស់​សហកម្មសិទ្ធិ​ប្រឡាយ​ព្រះ​គន្លង​និង​ព្រះ​ស្នែង​ បច្ចុប្បន្ន​ស្ថិតនៅ​ភូមិ​ដំរី​ជាន់ខ្លា សង្កាត់​ដំរី​ជាន់ខ្លា ក្រុង​ស្ទឹងសែន ខេត្តកំពង់ធំ បានឱ្យដឹងថា ប្រឡាយ​របស់លោក​ទាំង​ពីរ​ខាងលើ​នេះ ត្រូវ​បាន​អនុញ្ញាត​ដោយ​រដ្ឋបាល​ខេត្តកំពង់ធំ ចេញ​ដីកា​លេខ ០៧៨ ដ​.​ខ ចុះ​ថ្ងៃទី​០៧ ខែកញ្ញា ឆ្នាំ​២០០៥ សម្រេច​ប្រគល់​សិទ្ធិ​ជូន លោក សុខ មុ​នី្ន ដើម្បី​ជីក​ប្រឡាយ លើក​ទំនប់​ប្រព័ន្ធ​ប្រឡាយទឹក ដើម្បី​បង្កបង្កើនផល​ធ្វើស្រែ​ប្រដេញ​ទឹក និង​ស្រែប្រាំង​លើ​ផ្ទៃដី​ចំនួន​១៦០០​ហិកតា ស្ថិតនៅ​តំបន់​វាល​បឹង​មូល និង​វាល​ផ្អែក​ដំបង របស់​ឃុំ​កំពង់​គោ និង​ឃុំ​ផាត់​សណ្ដាយ ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ និង​ដីកា​លេខ ០៦០ ដ​.​ខ ចុះ​ថ្ងៃទី​១៧ ខែមិថុនា ឆ្នាំ​២០០៥ សម្រេច​ប្រគល់ជូន លោក លី គឹម​យុន និង​អ្នកស្រី ប៉េង ចន្ទី ខ្ចី​ដី​ទំហំ​៦០០​ហិកតា ជីក​ប្រឡាយ និង​លើក​ទំនប់​ប្រព័ន្ធ​ប្រឡាយ ដើម្បី​បង្កបង្កើនផល​ស្រូវប្រាំង និង​ដំណាំ​ផ្សេងៗ​ពី​មាត់​ស្ទឹងសែន​នៅ​តំបន់​វាល​ក្រោម​ចំណុច (​បឹង​ប្រ​ហ៊ូ​ត​-​បឹង​ព្រះ​ស្នែង​-​បឹង​ផ្ទឹម​-​បឹង​ទន្សោង​) ស្ថិតក្នុង​ឃុំ​កំពង់​គោ ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ​។

ក្រោយ​ទទួលបាន​សិទ្ធិ ពួក​លោក​បានរៀបចំ​ក​សាង​ប្រឡាយ ព្រះ​គន្លង និង​ព្រះ​ស្នែង ដោយ​ចំណាយ​ថវិកា​ផ្ទាល់ខ្លួន​អស់​រាប់សែន​ដុល្លារ​អាមេរិក​នៅពេលនោះ ពោលគឺក្នុងអំឡុងឆ្នាំ​២០០៥ ដើម្បី​យក​ទឹក​បង្កបង្កើនផល និង​ជួយ​ផ្គត់ផ្គង់​ជូន​ប្រជាកសិករ​ធ្វើស្រែ ក្នុង​ទំហំ​រាប់ពាន់​ហិកតា​ចាប់តាំងពី​ពេលនោះ​មក​។

បើ​តាម​លិខិតរបស់ទីស្តីការគណៈរដ្ឋមន្ត្រី​ឱ្យ​ដឹង​ថា រាជរដ្ឋាភិបាល​បានសម្រេច​កាត់​ឆ្កៀល​ដី​តំបន់​២ តំបន់​៣ ជូន​ប្រជាពលរដ្ឋ​ដើម្បី​បង្កបង្កើត​ផល​តាម​លិខិត​លេខ ១០៤៤ សជណ ចុះ​ថ្ងៃទី​២២ ខែកក្កដា ឆ្នាំ​២០១៤ និង​លិខិត​លេខ ១០០៣ សជណ ចុះ​ថ្ងៃទី​០២ ខែកញ្ញា ឆ្នាំ​២០១៥ ​លោក​ហង់ សុគន្ធ​ក៏បាន​ទទួល​សិទ្ធិ​អនុញ្ញាត​ឱ្យ​ស្តារ​ប្រឡាយ​ទាំង​២​ខ្សែ​នេះ​ឡើងវិញ តាម​លិខិត​លេខ ២២៣៥/១៦ សជណ ចុះ​ថ្ងៃទី​២១ ខែកក្កដា ឆ្នាំ​២០១៦ របស់​រដ្ឋបាល​ខេត្តកំពង់ធំ ហើយ​លោក​បន្ត​បូមទឹក​ចែកចាយ​ជូន​ប្រជាកសិករ​នៅ​តំបន់​នោះ​រហូត​មក​ ស្របតាម​គោលការណ៍​របស់​រាជរដ្ឋាភិបាល ក្នុង​ការ​ជំរុញឱ្យ​រដ្ឋ​បាល​ខេត្តកំពង់ធំ អនុវត្ត​លិខិត​លេខ ១០០៣ សជណ ចុះ​ថ្ងៃទី​២ ខែកញ្ញា ឆ្នាំ​២០១៥ និង​លិខិត​លេខ ១០៤៤ សជណ ចុះ​ថ្ងៃទី​២២ ខែកក្កដា ឆ្នាំ​២០១៤ តាម​លិខិត​លេខ ៧០៥ សជណ ចុះ​ថ្ងៃទី​៣ ខែធ្នូ ឆ្នាំ​២០២១ របស់​ទីស្ដីការគណៈរដ្ឋមន្ត្រី​។

លោក ហង់ សុគន្ធ រៀបរាប់​បន្ថែម​ថា កាលពី​ថ្ងៃ​២០ ខែមករា ឆ្នាំ​២០២៣ អាជ្ញាធរ​រដ្ឋបាលខេត្ត​ដឹកនាំ​ដោយ លោក សុក ហៃ ដែល​ជា​អភិបាលរង និង​លោក ម៉ាក់ ប៊ុន​ហុង នាយក​រដ្ឋបាលខេត្ត បាន​ដឹកនាំ​កិច្ចប្រជុំ​មួយ​ជាមួយ​លោក​ហង់ សុគន្ធ និង​មន្ទីរ​ពាក់ព័ន្ធ ដោយ​លោក ម៉ាក់ ប៊ុន​ហុង បាន​លើកឡើងថា «​ប្រព័ន្ធ​ប្រឡាយ​ទឹក​ដែល​បងប្អូន​ធ្វើ​អាជីវកម្ម​ទាំងអស់ គឺថា​…​រដ្ឋ​នឹង​ទិញយក​ស្ថានីយ និង​ប្រឡាយទឹក​ទាំងអស់​ត្រឡប់មកវិញ ដើម្បី​រដ្ឋ​គ្រប់គ្រង យោងតាម សជណ លេខ​៧៧ ចុះ​ថ្ងៃទី​១៧ ខែមករា ឆ្នាំ​២០២៣ របស់​ទីស្តីការគណៈរដ្ឋមន្ត្រី​»​។ លុះដល់​អំឡុង​ខែមិថុនា ឆ្នាំ​២០២៣ ដោយ​ទន្ទឹងរង់ចាំ​មិនឃើញ​ការកោះប្រជុំ លោក​ក៏បាន​ធ្វើការ​សាកសួរ​ព័ត៌មាន​ពី​ម្ចាស់​ស្ថានីយ​ផ្សេងៗ និង​ក្រសួង​ពាក់ព័ន្ធ ទើប​ដឹងថា រដ្ឋបាលខេត្ត​ធ្វើ​សំណើ​ទិញ​ដោយ​មិន​បញ្ចូល​ប្រឡាយ​២​ខ្សែ​របស់​លោក​ឡើយ។

ដោយ​ដឹង​ហេតុ​បែបនេះ ដើម្បី​ការពារ​ផលប្រយោជន៍​ស្របច្បាប់ លោក​បាន​ស្នើសុំ​ទៅ​រដ្ឋបាលខេត្ត​ក្នុង​ការចូលទៅ​គ្រប់គ្រង​កាន់កាប់​ស្ថានីយ​បូមទឹក និង​ប្រឡាយ​របស់​ពួកលោក​វិញ ប៉ុន្តែ​ត្រូវបាន​រដ្ឋបាលខេត្ត​បដិសេធ តាម​លិខិត​លេខ ៨៤៩៨/២៣ សជណ ចុះ​ថ្ងៃទី​១១ ខែកញ្ញា ឆ្នាំ​២០២៣​។

ដោយឡែក នៅក្នុង​លិខិត​សុំ​អន្តរាគមន៍​របស់លោក ហង់ សុគន្ធ បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា «​ខ្ញុំបាទ​សូម​ជម្រាបជូន ឯកឧត្តម​រដ្ឋមន្ត្រី បន្ថែមថា ខ្ញុំបាទ​បាន​ស្រាវជ្រាវ​ដឹងថា លោក សុខ ហៃ ជា​អភិបាលរង​ខេត្ត ទទួលបន្ទុក​លើ​ការងារ​ទិញ​លក់​ស្ថានីយ និង​ប្រឡាយ បានផ្តល់​ព័ត៌មាន​បំភ្លៃ ទៅ​អង្គភាព​ពាក់ព័ន្ធ និង​គណៈកម្មការ​វាយតម្លៃ​ថ្នាក់ជាតិ ថា​យើងខ្ញុំ​អស់សិទ្ធិ​គ្រប់គ្រង​អាស្រ័យ​ផល​លើ​ស្ថានីយ និង​ប្រឡាយ​ព្រះ​គន្លង និង​ប្រឡាយ​ព្រះ​ស្នែង និង​លាក់កំបាំង​ព័ត៌មាន​មួយ​ចំនួន​ទៀត​ដែល​ពាក់ព័ន្ធ​នឹង​ប្រឡាយ​របស់​យើងខ្ញុំ ក្នុង​គោលដៅ​មិន​ឱ្យ​មានការ​ទិញ​លក់​ប្រឡាយ​០២​ខ្សែ​នេះ និង​ក្នុង​ចេតនា​ទុច្ចរិត​យក​ប្រឡាយ​របស់​យើងខ្ញុំ​ទៅឱ្យ​បក្ខ​ពួកគាត់​គ្រប់គ្រង ក្រោម​រូបភាព​បង្កើត​សហគមន៍​ខុសច្បាប់ ដោយ​រូបភាព​នេះ គឺ​ធ្លាប់​កើតមាន​ម្ដង​រួចមកហើយ​នៅក្នុង​ឆ្នាំ​២០១៩ ប៉ុន្តែ​ក្រុម​ទុច្ចរិត​ទាំងអស់នោះ ត្រូវបាន​តុលាការខេត្ត​កំពង់ធំ​ផ្តន្ទាទោស​តាមច្បាប់​រួចហើយ និង​បានចេញ​ដីការ​ក្សា​ការពារ​ហាម​ក្រុម​នេះ មិន​ឱ្យធ្វើ​សកម្មភាព​ផ្សេងៗ​នៅលើ​ប្រឡាយ​របស់​ខ្ញុំបាទ​ទៀតផង​»​។

ផ្អែក​តាម​ឯកសារ និង​ភស្តុតាង​នានា​ខាងលើនេះ លោក ហង់ សុគន្ធ យល់ឃើញថា សំណើ​ទិញ​ស្ថានីយ និង​ប្រឡាយ​របស់​រដ្ឋបាលខេត្ត ដោយ​មិនបាន​បញ្ចូល​ស្ថានីយ និង​ប្រឡាយ ព្រះ​គន្លង និង​ព្រះ​ស្នែង របស់​លោក ។ ហើយ​លោក ក៏បាន​ស្នើសុំ​ឱ្យមាន​កិច្ច​អន្តរាគមន៍ ធ្វើ​អធិការកិច្ច និង​ស្រាវជ្រាវ លើ​ភាពមិនប្រក្រតី​នៃ​ករណី​ខាងលើ​នេះ​ពី​សំណាក់ ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​អធិការកិច្ច ផងដែរ​។​

ប្រជាពលរដ្ឋ​ បាន​បង្ហើប​ឱ្យដឹងថា ដោយសារតែ​លោក​អភិបាលរង​ខេត្ត​រូបនេះ ជា​អតីត​មេធាវី ដឹង​ក្បួនច្បាប់​ការងារ​ច្រើន ទើប​មាន​វិធី​ដាក់ និង​ដោះ​បន្ទុក ជាមួយ​ប្រជាពលរដ្ឋ​ស្លូតត្រង់​ដែល​មិនបាន​យល់ដឹង​ផ្នែក​ច្បាប់ ហើយ​អភិបាលរង​ខេត្ត​រូប​នេះ តែង​រក​វិធី​ផ្សេងៗ​ដើម្បី​បង្កើត​ព្រឹត្តិការណ៍​អ្វីមួយ​មក​ទប់​នឹង​បញ្ហា​ដែល​លោក​ជា​អ្នកទទួល​ដោះស្រាយ​។

ជាក់ស្តែង ការបង្កើតឱ្យមាន​សហ​គម​ន៍​ខុសច្បាប់ ដើម្បី​គ្រប់​គ្រង់​លើ​ស្ថានីយ និង​ប្រឡាយ ព្រះ​គន្លង និង​ព្រះ​ស្នែង ដែល​ជា​របស់​ឯកជន​ស្របច្បាប់​នេះ​ជា​ឧទាហរណ៍​ស្រាប់។ ទោះបី​ជា​យ៉ាង​ណាក៏ដោយ កម្ពុជាថ្មី​មិនទាន់​ទង​ទៅអាជ្ញាធរខេត្តកំពង់ធំ​ដើម្បីធ្វើការ​ស្រាយបំភ្លឺ​ ជុំវិញ​នឹង​ករណី​ខាងលើ​នេះ​នៅ​ឡើយទេ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

​រដ្ឋមន្ត្រីក្រសួងព័ត៌មាន ៖ គ្មានមន្ត្រីនៃ​ក្រសួងព័ត៌មាន​ណាម្នាក់​ រកឃើញ​មាន​សារធាតុ​ញៀន​ នឹង​ពាក់ព័ន្ធគ្រឿងញៀនទេ

សន្តិសុខសង្គម៦ ម៉ោង មុន

នគរបាល​ខេត្តសៀមរាប ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​២​នាក់​ ករណី​លួច​ម៉ូតូ​ពលរដ្ឋ​នៅ​ស្រុក​កន្ទាយ​ស្រី​

ព័ត៌មានជាតិ៦ ម៉ោង មុន

១២៨គម្រោង មានទុនវិនិយោគ២៥០០លានដុល្លារ អាចបង្កើតការងារ១៣ម៉ឺនកន្លែង កើតចេញពីការទាក់ម៉ូយរបស់សម្ដេចធិបតី

ព័ត៌មានជាតិ៨ ម៉ោង មុន

អ្នកសារព័ត៌មាន​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ចំពោះ​កម្មវិធី​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ និង​បន្ត​ផ្សព្វផ្សាយ​ឱ្យបាន​ទូលំទូលាយ​ដល់​ពលរដ្ឋ

សន្តិសុខសង្គម១០ ម៉ោង មុន

ACU ឃាត់ខ្លួន​គ្រូបង្រៀន​២​នាក់ និង​មន្ត្រី​ក្រសួងផែនការ​ម្នាក់ ពាក់ព័ន្ធ​នឹង​ករណី​រត់​ការចូល​ក្របខ័ណ្ឌ​យក​មនុស្ស​ចូល​ក្របខណ្ឌ​គ្រូ

Sokha Hotels

ព័ត៌មានពេញនិយម