Connect with us

សន្តិសុខសង្គម

សមត្ថកិច្ច កំពុងស្រាវជ្រាវអ្នកប្រើប្រាស់រូប AI កាត់រូបភាពកម្សត់ ឆបោក ប្រមូលប្រាក់តាមបណ្តាញសង្គម

បានផុស

នៅ

នៅព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា កំពុងស្រាវជ្រាវគណនីហ្វេសប៊ុក ខ្មៃរខ្មែរ ដែលបានបង្កើតរូបភាព AI កាត់រូបក្មេងកំព្រា កម្សត់ និងរូបភាពកងទ័ព ដើម្បីកៀរគរថវិកាលើបណ្តាញសង្គមហ្វេសប៊ុក។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប៉ុន្មានថ្ងៃមុន មានហ្វេសប៊ុកឈ្មោះ ខ្មៃរ ខ្មែរ បានកាត់រូបភាព AI ជារូបក្មេងកំព្រា កម្សត់ ត្រូវបានម្តាយស្លាប់ចោល និងការបង្ហោះពីរូបភាពកងទ័ពនៅព្រំដែន ហើយគណនីខាងលើក៏បានដាក់ QR code កុងធនាគារដើម្បីប្រមូលប្រាក់តាមបណ្តាញសង្គម។

ពាក់ព័ន្ធករណីនេះ នៅព្រឹកថ្ងៃទី៩ ខែកក្កដា នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបង្ហោះលើបណ្តាញសង្គមថា តាមការសង្កេត គណនីហ្វេសប៊ុកឈ្មោះ «ខ្មៃរ ខ្មែរ» បានផ្សព្វផ្សាយព័ត៌មានឆបោក សប្បុរសជន តាមបណ្តាញទំនាក់ទំនងសង្គម ដោយធ្វើការផ្សព្វផ្សាយកៀរគរថវិកាជូនដល់វីរះកងទ័ព ដែលកំពុងឈរជើងនៅតាមព្រំដែនកម្ពុជា-ថៃ, ផ្សព្វផ្សាយពីទុរគតជនខ្វះខាតថវិកា ក្នុងការទិញក្តាមម្ឃូសអោយប្តីដែលបានបាត់បង់ជីវិត, ផ្សព្វផ្សាយឆបោកដោយប្រើប្រាស់បច្ចេកវិទ្យា AI ធ្វើការកាត់តរូបភាពកុមារកំព្រាឪពុកម្តាយ ដើម្បីឆបោកសប្បុរសជន និងភ្ជាប់ជាមួយ រូបភាព QR កូដដើម្បីទទួលប្រាក់ពីសប្បុរជន។

ប្រភពខាងលើ បញ្ជាក់ថា៖ “បច្ចុប្បន្ននាយកដ្ឋានកំពុងធ្វើការកំណត់ និងស្រាវជ្រាវគណនីខាងលើដើម្បីមានចំណាត់ការតាមផ្លូវច្បាប់ ក្នុងករណីរកឃើញបានថាជាករណីផ្សព្វផ្សាយព័ត៌មានឆបោកសប្បុរសជនពិតប្រាកដមែន”។

បន្ថែមពីនេះ នាយកដ្ឋាន ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋគ្រប់រូប មានការប្រុងប្រយ័ត្នខ្ពស់ចំពោះករណីទាំងអស់នេះ និងប្រយ័ត្នចំពោះការប្រមូលកៀរគរថវិកា ដែលគ្មានប្រភពច្បាស់លាស់ ពោល មុននឹងចង់បរិច្ចាគទៅកាន់នរណាម្នាក់ ត្រូវពិនិត្យឱ្យបានច្បាស់លាស់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម