Connect with us

កីឡា

ក្លិប​យក្ស​ម៉ាឡេស៊ី Johor នឹង​មក​ប្រកួត​នៅ​កម្ពុជា​លើក​ទី​២ ប៉ះ ព្រះ​ខ័័ន​រាជ​ស្វាយរៀង

បានផុស

នៅ

ក្លិប​បាល់ទាត់ជោគជ័យ​បំផុត​ប្រចាំ​ប្រទេស​ម៉ាឡេស៊ី Johor Darul Ta’zim ​នឹង​មក​ប្រកួត​នៅ​ប្រទេស​កម្ពុជា​​ជា​មួយ​ ​ព្រះខ័ន​រាជ​ស្វាយរៀង នៅ​ថ្ងៃ​ទី​​៤ ខែ​ធ្នូ ឆ្នាំ ២០២៥ នៅ​ពហុកីឡដ្ឋាន​ជាតិ​មរតក​តេជោ វគ្គ​សន្សំពិន្ទុ​ក្នុង​ពូល ពាន​រង្វាន់​ក្លិប​លំដាប់​កំពូល​អាស៊ាន ASEAN Club Championship។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នេះ​ជា​លើក​ទី​ ២ ​ដែលមក​ Johor Darul Ta’zim នៅ​ប្រទេស​កម្ពុជា បន្ទាប់​ពី​លើកទី​ ១ ជា​មួយ បឹងកេត នៅ​ថ្ងៃ​ទី​១៩ ខែមេសា ឆ្នាំ ២០១៧ ដោយបាន​យក​ឈ្នះ ៣-០ នៅ​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក វគ្គ​សន្សំពិន្ទុ​ពូល​ពាន​រង្វាន់ ​ AFC Cup ជើង​ទី​២។ កាល​ពី​ជើង​ទី​១ នៅ​ទឹក​ដី​របស់​ខ្លួន​ពួក​គេ​បាន​យក​ឈ្នះ បឹងកេត ៣-០ ដែរ។

ចាប់​ពី​ឆ្នាំ ២០០៩ ដល់ ឆ្នាំ ២០១៧ ក្លិប​អ្នក​មាន​របស់​ម៉ាឡេស៊ី​មួយ​នេះ ស្ថិត​នៅ​ក្នុង​វគ្គ​ជម្រុះ​ពាន​រង្វាន់​ក្លិប​អាស៊ីលំដាប់​ទី​១ AFC Champions League និង​​ធ្លាក់​មក​ប្រកួត​នៅ​ពាន​កម្រិត​ទី​២ AFC Cup។ ចាប់​ពី​ឆ្នាំ ២០១៩ មក ពួក​គេ​​ឡើង​ខ្លាំង​មែន​ទែន​ដោយ​លេង​ពាន​រង្វាន់​កម្រិត​ទី១ AFC Champions League រហូត​ដល់​បច្ចុប្បន្ន។

ការ​បាន​ជួប​ក្លិប​របស់​កម្ពុជាជា​ថ្មី​នេះ បន្ទាប់​ពី​សហព័ន្ធ​កីឡា​បាល់ទាត់​អាស៊ាន​បាន​សម្រេច​បង្កើត​ពាន​ក្លិប​អាស៊ាន​ ASEAN Club Championship ដែល​ត្រូវ​ឲ្យ​ក្លិប​លំដាប់​កំពូល​ៗ​តំណាង​ឲ្យ​ប្រទេស​ទាំង​ ១១ ចូល​រួម​ប្រកួត។

ក្លិប Johor Darul Ta’zim ត្រូវ​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ ១៩៧២ ដោយ​មាន​អាយុ​កាល ៥៣ ឆ្នាំ​ហើយ។ ពួក​គេ​ជា​ក្លិប​ដែល​មាន​ធន​ធាន​បំផុត​ដែល​ហ៊ាន​ចំណាយ​ប្រាក់​ច្រើន​ក្នុង​ការ​នាំ​យក​កីឡាករ​លំដាប់​ល្បី​លំដាប់​ពិភព​លោក​មក​ពង្រឹង​ក្រុម។ គិត​ចាប់​តាំង​ពី​ឆ្នាំ ២០១៤​ មក ពួក​គេ​តែង​តែ​ឈ្នះ​ជើង​ឯក​លីគ​កំពូល​ម៉ាឡេស៊ី​ រហូត​ពោល​គឺ​ចំនួន ១១ លើក​ជាប់​គ្នា​គិត​ត្រឹមរដូវ​កាល ២០២៤-២៥។

ងាកមក​ពាន​រង្វាន់ ASEAN Club Championship វិញ ពួក​គេ​កំពុង​ឈរ​លេខ​ ១ ក្នុង​ពូល B ដោយ​ឆ្លង​កាត់ ២ ប្រកួត​គឺ​ឈ្នះ​ទាំង​ ២ ប្រកួត ខណៈ ព្រះ​ខ័ន​រាជ​ស្វាយរៀង ឈរ​លេខ​ ២ បន្ទាប់​ពី​ឈ្នះ១ និង​ចាញ់​១។ ដូច្នេះ​ការ​ជួប​គ្នា​រវាង ព្រះ​ខ័ន​រាជ​ស្វាយរៀង និង Johor Darul Ta’zim ត្រូវ​បាន​ចាត់​ទុក​ជា​ការ​ប្រកួត​គួរ​ឲ្យ​ចាប់​អារម្មណ៍​បំផុត​សម្រាប់​ក្រុម​ទាំង​ពីរ៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម