Connect with us

កីឡា

ព្រះខ័នរាជស្វាយរៀង ជួប ភ្នំពេញក្រោន វគ្គ ៨ ក្រុម ផ្តល់ផលល្អ​ ២ ដល់កម្ពុជា

បានផុស

នៅ

ក្រុមបាល់ទាត់កំពូលរបស់ កម្ពុជា ២ គឺ ព្រះខ័នរាជស្វាយរៀង និង ភ្នំពេញក្រោន ជួបគ្នានៅវគ្គ ៨ ក្រុមចុងក្រោយពានរង្វាន់ក្លិបកម្រិតទី ៣ AFC Challenge League ត្រូវបាន​មើលឃើញ អំពីផលចំណេញ ២ ធំៗសម្រាប់បាល់ទាត់ កម្ពុជា។

រូបភាពការប្រកួតលីគរវាង ព្រះខ័នរាជស្វាយរៀង និង ភ្នំពេញក្រោន
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បន្ទាប់ពីក្រុម ព្រះខ័នរាជស្វាយរៀង និង ភ្នំពេញក្រោន ត្រូវជួបគ្នាវគ្គ ៨ ក្រុមចុងក្រោយពាន ACGL រដូវកាលនេះ ត្រូវបានអ្នកគាំទ្រយល់ឃើញខុសៗគ្នា ដោយមតិខ្លះគិត ថា មិនទាន់ជួបគ្នា ហើយចាំជួបគ្នានៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រវិញទើបល្អជាង។ ចំណែកមតិខ្លះទៀតគិត ថា បើជួបគ្នានៅវគ្គ ៨ ក្រុមចុងក្រោយនេះ​ក៏ល្អដែរ។

យ៉ាងណា បើមើលតាមតថភាពជាក់ស្តែង ការជួបគ្នារវាង ព្រះខ័នរាជស្វាយរៀង និង ភ្នំពេញក្រោន នៅវគ្គ ៨ ក្រុមនេះ នឹងផ្តល់ផលចំណេញ ២ ចំណុចធំៗដល់បាល់ទាត់ កម្ពុជា។ ចំណុចទី ១ ការជួបគ្នារវាងក្រុមទាំង ២ នឹងធានា ១០០% ដល់​គឺ កម្ពុជា នឹងមាន ១ ក្រុមត្រូវទទួលបានកៅអីឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។

ក្រុមព្រះខ័នរាជស្វាយរៀង

ក្នុងករណី ប្រសិនបើក្រុមទាំង ២ មិនទាន់ជួបគ្នា នោះនឹងអាចមិនបានឡើងទាំង ២ ឬក៏អាចបានឡើងទាំង ២ តែម្តង ប៉ុន្តែបន្ទាប់ពីក្រុមទាំង ២ ជួបគ្នាវគ្គ ៨ ក្រុមបែបនេះ បានធ្វើឱ្យអ្នកគាំទ្រស្កប់ចិត្ត ថា ការប្រកួតខាងមុខ មិនខ្វល់លទ្ធផលបែបណានោះទេ នោះនឹងមានក្រុម កម្ពុជា មួយ ឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។

ចំណុចទី ២ គឺពាក់ព័ន្ធនឹងចំណាត់ថ្នាក់ក្លិប​លីគ​កម្ពុជា ក្នុងតារាងចំណាត់ថ្នាក់របស់ AFC។ បន្ទាប់ពី ព្រះខ័នរាជស្វាយរៀង និង ភ្នំពេញក្រោន ធ្វើបានល្អក្នុងការប្រកួតវគ្គសន្សំពិន្ទុក្នុងពូល គឺបានធ្វើឱ្យចំណាត់​ថ្នាក់​កម្ពុជា ពេលនេះ​បាន​រំកិលខ្លួន​ឡើង ២ ចំណាត់ថ្នាក់ ពីលេខ ១១ មកលេខ ៩ សម្រាប់ចំណាត់​ថ្នាក់​តំបន់​អាស៊ីខាងកើត។

សម្រាប់ការជួបគ្នារវាង ព្រះខ័នរាជស្វាយរៀង និង ភ្នំពេញក្រោន នៅវគ្គ ៨ ក្រុម ក៏នឹងធានាផងដែរដល់ចំណាត់ថ្នាក់បច្ចុប្បន្នរបស់ កម្ពុជា នឹងអាចនៅថេរ ឬឡើងជាងនេះបន្តិចបន្តួចទៀត ពីព្រោះក្រុមទាំង ២ ជួបគ្នា នឹងមិនធ្វើឱ្យ​ចំណាត់​ថ្នាក់​​កម្ពុជា ត្រូវថយចុះឡើយ ទោះមានក្រុមណាមួយបរាជ័យក៏ដោយ។ ផ្ទុយមកវិញ បើក្រុមទាំង ២ មិនទាន់ជួបគ្នាវគ្គនេះ ហើយទទួលលទ្ធផលបរាជ័យទាំង ២ វិញនោះ នឹងធ្វើឱ្យចំណាត់ថ្នាក់លីគ កម្ពុជា ធ្លាក់ចុះទៅវិញ​ក៏​ថា​បាន។

ទោះបីជាយ៉ាងណា នេះគ្រាន់តែជាការលើកឡើងមួយជ្រុងប៉ុណ្ណោះ។ ប្រសិនបើក្រុមទាំង ២ មិនទាន់ជួបគ្នាវគ្គ ៨ ក្រុមនេះទេ ក៏នឹងមានផលចំណេញច្រើនផងដែរដល់បាល់ទាត់ កម្ពុជា។ ករណីក្រុមទាំង ២ ឈ្នះនៅវគ្គ ៨ក្រុមដូចគ្នា នោះរឿងល្អបំផុត គឺក្រុមទាំង ២ នឹងឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រទាំង ២ ហើយ​ចំណាត់ថ្នាក់លីគ ក៏នឹងកើនឡើង​បន្ត​ទៀត។

គួរបញ្ជាក់ជាថ្មី ថា មុនក្រុមទាំង ២ ត្រូវជួបគ្នានៅវគ្គ ៨ ក្រុមចុងក្រោយពាន ACGL គឺព្រះខ័នរាជស្វាយរៀង បញ្ចប់ការប្រកួតក្នុងពូល ដោយស្ថិតនៅលេខរៀងទី ១ ពូល D។ ចំណែក ភ្នំពេញក្រោន ស្ថិតនៅលេខរៀងទី ២ ក្នុងពូល E៕

អត្ថបទ៖ សេម កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម