កីឡា
តើ ភ្នំពេញក្រោន ឬ ព្រះខ័នរាជស្វាយរៀង ល្ងាចនេះ?
ប្រវត្តិសាស្ត្រដំបូងនៃក្លិបបាល់ទាត់កម្ពុជាប៉ះគ្នាក្នុងពានរង្វាន់អន្តរជាតិ នឹងកើតមានវេលាម៉ោង ៧ យប់ ថ្ងៃទី៥ ខែមីនា ឆ្នាំ ២០២៦ នៅពហុកីឡដ្ឋានជាតិអូឡាំពិក នៅពេល ភ្នំពេញក្រោន ប៉ះ ព្រះខ័នរាជស្វាយរៀង ជើងទី១ វគ្គ ៨ ក្រុមចុងក្រោយ AFC Challenge League។

ជំនួបដ៏សំខាន់នេះមានប្រវត្តិសាស្ត្រចំនួន ៤ ត្រូវដឹងគឺ ទី១ ក្លិបរបស់កម្ពុជា ២ ប៉ះគ្នាលើកដំបូងក្នុងពានអន្តរជាតិ។ ទី២ ជំនួបទាំងពីរជើងធ្វើនៅទឹកដីកម្ពុជា ដោយក្រុមមិនចាំបាច់ធ្វើដំណើរទៅក្រៅប្រទេស ហើយក្រុមទាំងពីរមានអ្នកគាំទ្រច្រើនដូចគ្នា។ ទី៣ ភ្នំពេញក្រោន ជាជើងឯករងពាននេះកាលពីឆ្នាំ ២០១១ និង ព្រះខ័នរាជស្វាយរៀង ជាជើងឯករងពាននេះឆ្នាំ ២០២៤-២៥ ដូច្នេះក្រុមទាំងពីរ ធ្លាប់ជាជើងឯករងដូចគ្នា និងទី៤ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដោយស្វ័យប្រវត្តិសម្រាប់កម្ពុជា។

វាពិតជាអស្ចារ្យណាស់សម្រាប់ការប្រកួតនេះដែលដាក់កីឡាករបរទេសចូលលេងដោយសេរី ខណៈភ្នំពេញក្រោន មានកីឡាករបរទេស ១១ នាក់គឺ ខ្សែការពារកូរ៉េ Park Yi-young, ខ្សែការពារអ៊ីតាលី Pape Lo, ខ្សែការពារហូឡង់ Rick Ketting, ខ្សែការពាររ៉ូម៉ានី Raul Feher, ខ្សែបម្រើអ៊ុយក្រែន Valeriy Hryshyn, ខ្សែបម្រើកាណាដា Diego Gutierrez, ខ្សែបម្រើកូរ៉េ Kim Seo-In, ខ្សែបម្រើប្រេស៊ីល Breno Caetano, ខ្សែប្រយុទ្ធអ៊ុយក្រែន Maksym Pryadun, ខ្សែប្រយុទ្ធនូវែលហ្សេឡង់ Mose DYER និង ខ្សែប្រយុទ្ធកូឡុំប៊ី Makerlo Tellez។

ចំណែក ព្រះខ័នរាជស្វាយរៀង មានកីឡាករបរទេស ៨ នាក់ គឺ ខ្សែការពារម៉ារ៉ុក Faris Hammouti, ខ្សែបម្រើជប៉ុន Ryo Fujii, ខ្សែបម្រើជប៉ុន Takashi Odawara, ខ្សែប្រយុទ្ធប្រេស៊ីល Cristian Roque, ខ្សែប្រយុទ្ធប្រេស៊ីល Patrick Robzon, ខ្សែប្រយុទ្ធណាហ្គា Kwame Peprah, ខ្សែប្រយុទ្ធព័រទុយហ្គាល់ Tiago Alves និង ខ្សែបម្រើស្លាបស្កុតឡែន Connor Shields។
លោក Oleg Starynskyi គ្រូបង្វឹកភ្នំពេញក្រោន មិនបានបង្ហាញជើងកីឡាករលំអិតទេ ថាតើកីឡាករណាខ្លះមិនអាចលេងបាន និងកីឡាករណាខ្លះអាចលេងបាន ប៉ុន្តែលោកទុកឲ្យអ្នកគាំទ្រតាមដាននៅថ្ងៃប្រកួត។

លោកបានចាត់ទុកការប្រកួតនេះសំខាន់ណាស់ដែលមិនមែនតែអ្នកគាំទ្រកម្ពុជាប៉ុណ្ណោះទេ សូម្បីបណ្តាប្រទេសផ្សេងៗក៏ចាប់អារម្មណ៍ដែរ ដូច្នេះអ្នកគាំទ្រកម្ពុជាគួរតែទៅមើលផ្ទាល់ឲ្យបានច្រើនកុះករ។
ជាមួយគ្នានេះ លោក Mcconkey Matthew គ្រូបង្វឹកព្រះខ័នរាជស្វាយរៀង បានលើកឡើងថា ការប្រកួតយប់នេះពិតជាលំបាកខ្លាំង ពីព្រោះរាល់ការប្រកួតជាមួយ ភ្នំពេញក្រោន គឺតែងតែតឹងតែង។ អ្វីដែលប្លែក គឺនៅលើទីលានមានកីឡាករបរទេសច្រើនលើសពីធម្មតា។ សន្ទុះនៃការគាំទ្ររបស់ប្រជាជនកម្ពុជាពិតជារួមចំណែកដ៏សំខាន់ដល់វិស័យកីឡាបាល់ទាត់។

មុនឈានដល់វគ្គ ៨ ក្រុមចុងក្រោយរដូវកាលនេះ
- ភ្នំពេញក្រោន៖ វគ្គសន្សំពិន្ទុក្នុងពូល ស្មើ Dewa United ១-១, ឈ្នះ Shan United ៣-១ និងឈ្នះ Tainan City ៣-២ ស្ថិតនៅលេខ ២ ក្នុងពូល
- ព្រះខ័នរាជស្វាយរៀង៖ វគ្គសន្សំពិន្ទុក្នុងពូល ឈ្នះ SP Falcons ៣-០, ឈ្នះ Ezra FC ៣-០ និងស្មើ Manila Digger ២-២ ស្ថិតនៅលេខ ១ ក្នុងពូល
ក្រុមកម្ពុជាមួយ ត្រូវជួបក្រុម
- Dewa United (ឥណ្ឌូណេស៊ី) ឬ Manila Digger (ហ្វីលីពីន) នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ

ស្ថិតិ ភ្នំពេញក្រោន ក្នុងពានរង្វាន់អាស៊ី
- ពាន AFC President’s Cup ឆ្នាំ ២០០៩៖ ឈ្នះ១ និងចាញ់២ ធ្លាក់ក្នុងពូល
- ពាន AFC President’s Cup ឆ្នាំ ២០១១៖ ឈ្នះ ៤ និងចាញ់ ២ ទទួលបាន ជើងឯករង
- ពាន AFC President’s Cup ឆ្នាំ ២០១២៖ ឈ្នះ ២ និងចាញ់ ២ ធ្លាក់ជុំទី២
- ពាន AFC Cup ឆ្នាំ ២០១៧៖ ចាញ់ ២ ធ្លាក់ក្នុងពូល
- ពាន AFC Cup ២០២២៖ ឈ្នះ១ ចាញ់ ២ ធ្លាក់ក្នុងពូល
- ពាន AFC Cup ឆ្នាំ ២០២៣-២៤ ៖ ឈ្នះ ៦ និងចាញ់ ២ ឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ តំបន់អាស៊ាន

ស្ថិតិ ព្រះខ័នរាជស្វាយរៀង ក្នុងពានរង្វាន់អាស៊ី
- ពាន AFC President’s Cup ឆ្នាំ ២០១៤៖ ចាញ់ ២ ធ្លាក់ក្នុងពូល
- ពាន AFC Cup ឆ្នាំ ២០២០៖ ឈ្នះ ៣ ចាញ់ ២ ធ្លាក់ក្នុងពូល
- ពាន AFC Challenge League ២០២៤-២៥៖ ឈ្នះ ៣ ស្មើ ១ និងចាញ់ ៣ ទទួល ជើងឯករង

ប្រវត្តិជួបគ្នារវាងក្រុមទាំងពីរ
- ជួបគ្នាគ្រប់កម្មវិធីចំនួន ២៩ លើក សរុបមាន ៨៧ គ្រាប់
- ភ្នំពេញក្រោន ឈ្នះ ៩ លើក ស៊ុតចូល ៤៤ គ្រាប់
- ព្រះខ័នរាជស្វាយរៀង ឈ្នះ ១១ លើក ស៊ុតចូល ៤៣ គ្រាប់
- ស្មើគ្នា ៧ លើក
ជំនួបជើងទី១នេះមិនទាន់កាត់សេចក្តីថា តើក្រុមណាត្រូវឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនោះទេ ពីព្រោះជើងទី២ ថ្ងៃទី១២ ខែមីនា ឆ្នាំ ២០២៦ នៅពហុកីឡដ្ឋានជាតិមរតកតេជោទើបជាពេលវេលាកាត់សេចក្តីចុងក្រោយ៕

អត្ថបទ៖ វិរបុត្រ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


