Connect with us

កីឡា

មុន​ប៉ះ​គ្នា Manila Digger មាន​ពេល​​ត្រៀម​ខ្លួន​ជាង​ ១០ ថ្ងៃ​ ខណៈ ព្រះខ័នរាជស្វាយរៀង មាន​តែ ៤ ថ្ងៃ

បានផុស

នៅ

គិត​ចាប់​ពី​ថ្ងៃ​ទី​២៩ ខែ​មីនា មក ក្រុម​ខ្លាំង​របស់​ហ្វីលីពីន Manila Digger មិន​មាន​ការ​ប្រកួត​ឡើយ​ដោយ​ត្រៀម​ខ្លួន​ទាំង​ស្រុង​សម្រាប់​ការ​ប្រកួត​​ជា​មួយ ព្រះ​ខ័ន​រាជ​ស្វាយរៀង នៅ​ថ្ងៃ​ទី​ ៩ ខែ​មេសា ឆ្នាំ ២០២៦។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុម Manila Digger ទទួល​បាន​ជ័យជម្នះ​យ៉ាង​ធំ​ធេង​លើ​ក្រុម Philippine Army ដោយលទ្ធផល ១០-០ សម្រាប់​ការ​ប្រកួត​​ក្នុង​លីគ​ កាល​ពី​ថ្ងៃ​ទី​២៩ ខែ​មីនា ឆ្នាំ ២០២៦។ ពួក​គេ​ត្រូវ​ប្រកួត​ជា​មួយ​ក្រុម Taguig នៅ​ថ្ងៃ​ទី​ ៨ ខែ​មេសា ក្នុង​លីគបន្ត​​​ទៀត​ ប៉ុន្តែ​ការ​ប្រកួត​នេះ​ត្រូវ​បាន​លើក​ពេល ដោយសារ​ត្រូវ​ធ្វើ​ដំណើរ​មក​ប្រទេស​កម្ពុជា។

ប្រការ​នេះ​មាន​ន័យ​ថា ក្រុម Manila Digger បាន​សម្រាក​​រហូត​ដល់​ជាង ១០ ថ្ងៃ​​ដើម្បី​ត្រៀម​ខ្លួន​សម្រាប់​ការ​ប្រកួត​ជា​មួយ ព្រះ​ខ័ន​រាជ​ស្វាយរៀង នៅ​ថ្ងៃ​ទី​៩ ខែ​មេសា ឆ្នាំ ២០២៦ ​ក្នុង​​ជើង​ទី​១ វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ ពាន​រង្វាន់ AFC Challenge League នៅ​ពហុកីឡដ្ឋាន​ជាតិ​មរតក​តេជោ។

ក្រោយ​ប្រកួត​ជា​មួយ ព្រះ​ខ័ន​រាជ​ស្វាយរៀង នៅ​កម្ពុជា​ ក្រុម​ Manila Digger ​ត្រូវ​ប្រកួត​ជា​មួយ​ក្រុម Laguna Stallions នាថ្ងៃ​ទី​១១ មេសា ក្នុង​លីគ​ ប៉ុន្តែ​នៅ​មិន​ទាន់​ច្បាស់​ថា ការ​ប្រកួត​នេះ​លើក​ពេល ឬ​យ៉ាង​ណា​នោះ​ទេ មុន​ពេល​ពួក​គេ​ត្រូវ​ទទួល​ ព្រះ​ខ័ន​រាជ​ស្វាយរៀង នៅ​ថ្ងៃ​ទី​១៦ ខែ​មេសា នៅ​ហ្វីលីពីន​ សម្រាប់​ជើង​ទី​២ វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ AFC Challenge League។

ទោះ​បី​ជា​យ៉ាង​ណា ការ​ប្រកួត​នេះ​ទំនង​ជា​អាច​ត្រូវ​បាន​លើក​ពេល ពី​ព្រោះ​កាល​ប្រួត​វគ្គ ៨ ក្រុម​ចុង​ក្រោយ និង​វគ្គ​សន្សំពិន្ទុ​ក្នុង​ពូល ពាន​អាស៊ី​កម្រិត​ទី​៣​ កន្លង​មក​ លីគ​បាល់ទាត់​ហ្វីលីពីន​បាន​លើក​ពេល​ឲ្យ​ពួក​គេ​ត្រៀម​ខ្លួន​យ៉ាង​ល្អ។

ចំណែក ព្រះ​ខ័ន​រាជ​ស្វាយរៀង មាន​ពេល​ត្រៀម​ខ្លួនត្រឹម​តែ ៤ ថ្ងៃ​ប៉ុណ្ណោះ​សម្រាប់​ការ​ប្រកួត​​ជើង​ទី ​១​ ពីព្រោះ​​ត្រូវ​ប្រកួត​ជា​មួយ​ ភ្នំពេញ​ក្រោន នៅ​​លីគ​កំពូល​កម្ពុជា នា​​ថ្ងៃ​សៅរ៍ ទី​៤ ខែ​មេសា ឆ្នាំ ២០២៦ នៅកីឡដ្ឋាន​ភ្នំពេញ​ក្រោន មុន​ពេល​ប៉ះ Manila Digger នៅ​ថ្ងៃ​ទី​៩ ខែ​មេសា។

បើ​យោង​តាម​កាល​វិភាគ​ដែល​ក្លិប​ព្រះ​ខ័ន​រាជ​ស្វាយរៀង​បាន​បង្ហាញ​ថា ក្លិប​នឹង​ត្រូវ​ប្រកួត​ជា​មួយ ក្រុមអឹមអូអាយ កំពង់ដេវ៉ា នៅ​ថ្ងៃ​អាទិត្យ ទី​១២ ខែ​មេសា មុន​ពេល​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ហ្វីលីពីន ដូច្នេះ​ពួក​គេ​មាន​ពេលត្រឹម​តែ ៤ ថ្ងៃ​ប៉ុណ្ណោះសម្រាប់​ការ​ធ្វើ​ដំណើរ និង​ត្រៀម​ខ្លួន​ប្រកួត​ជា​មួយ Manila Digger សម្រាប់​ជើង​ទី​២ នៅ​ថ្ងៃ​ទី​១៦ ខែ​មេសា។

សូម​បញ្ជាក់​ថា ពីរ​ប្រកួត​ចុង​ក្រោយ​របស់ Manila Digger បាន​លត់​ដៃ​យ៉ាង​ចាស់​​តែ​ម្តង​គឺ​ឈ្នះ Tuloy  FC ១៤-០ និង ឈ្នះ Philippine Army ១០-០ ខណៈពីរ​ប្រកួត​ចុង​ក្រោយ​របស់​ ព្រះ​ខ័ន​រាជ​ស្វាយរៀង ឈ្នះ អង្គរថាយហ្គឺរ ២-០ និង​ស្មើ បឹងកេត ០-០៕

កម្មវិធី​ប្រកួត​របស់ Manila Digger

  • ប៉ះ Taguig ថ្ងៃ​ទី​៨ មេសា (លីគ) លើក​ពេល
  • ប៉ះ ព្រះ​ខ័ន​រាជ​ស្វាយរៀង ថ្ងៃ​ទី​៩ មេសា (AFC)
  • ប៉ះ Laguna Stallions ថ្ងៃ​ទី​១១ មេសា (លីគ)
  • ប៉ះ ព្រះ​ខ័ន​រាជ​ស្វាយរៀង ថ្ងៃ​ទី​១៦ មេសា (AFC)

កម្មវិធី​ប្រកួតរបស់ ព្រះ​ខ័ន​រាជ​ស្វាយរៀង

  • ប៉ះ ភ្នំពេញក្រោន ថ្ងៃទី​៤ មេសា (លីគ)
  • ប៉ះ Manila Digger ថ្ងៃទី​៩ មេសា (AFC)
  • ប៉ះ អឹមអូអាយ កំពង់ដេវ៉ា ថ្ងៃទី១២ ​មេសា (លីគ)
  • ប៉ះ Manila Digger ថ្ងៃ​ទី​១៦ មេសា  (AFC)

អត្ថបទ៖ វិរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម