កីឡា
ក្រុម Manila Digger ប្រកាសថា មកជួបព្រះខ័នរាជស្វាយរៀង លើកនេះ ពួកគេខ្លាំងជាងមុន
ក្រុមខ្លាំងរបស់ប្រទេសហ្វីលីពីន Manila Digger FC នឹងត្រូវជួប ព្រះខ័នរាជស្វាយរៀង វេលាម៉ោង ៧ យប់ ថ្ងៃព្រហស្បតិ៍ ទី៩ ខែមេសា ឆ្នាំ ២០២៦ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ក្នុងជើងទី១ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ពានរង្វាន់អាស៊ី AFC Challenge League ។

វាជាការជួបគ្នាលើកទី ២ របស់ក្រុមទាំងពីរក្នុងពានរង្វាន់ AFC Challenge League រដូវកាលនេះ បន្ទាប់ពីលើកទី ១ ពួកគេបានជួបគ្នាក្នុងវគ្គសន្សំពិន្ទុក្នុងពូល កាលពីថ្ងៃទី ១ ខែវិច្ឆិកា ឆ្នាំ ២០២៥ ដែលបញ្ចប់ទៅដោយលទ្ធផល ២-២។ ពេលនោះ ក្រុម Manila Digger បានបើកការនាំមុខ ១-០ នៅនាទី ៣៩ មុនពេល ព្រះខ័នរាជស្វាយរៀង តាមស្មើ ១-១ នៅនាទី ៤៧ ហើយក្រុមរបស់ ហ្វីលីពីន បានមុខជាថ្មី ២-១ នៅនាទី ៦២ ប៉ុន្តែក្រុមរបស់កម្ពុជាបានតាមស្មើ ២-២។
ការប្រកួតនោះ អាចត្រូវបានចាត់ទុកជាការប្រកួតតាមបច្ចេកទេស និងប្រុងប្រយ័ត្នខ្ពស់មែនទែន ដោយសារ ក្រុមទាំងពីរស្ថិតនៅលេខ ១ និង លេខ ២ ក្នុងពូលបានឡើងវគ្គ ៨ ក្រុមចុងក្រោយរួចជាស្រេចទៅហើយ។

ទោះបីជាយ៉ាងណា ក្រុមទាំងពីរមានវាសនាបានជួបគ្នាទៀតនៅក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ បន្ទាប់ពីបង្ហាញភាពខ្លាំង និងទទួលបានជោគជ័យរៀងៗខ្លួនកាលវគ្គ ៨ ក្រុមចុងក្រោយ។ ការជួបគ្នាលើកនេះរឹតតែពិសេស រឹតតែខ្លាំង រឹតតែគួរឲ្យចាប់អារម្មណ៍ បន្ទាប់ពីពួកគេបានពង្រឹង និងនាំចូលកីឡាករបរទេសថ្មីរៀងៗខ្លួន។
មុនជំនួបដ៏សំខាន់នៅលើទឹកដីកម្ពុជាជាថ្មី ក្រុម Manila Digger FC បានប្រកាសថា ពួកគេមកកាន់កម្ពុជាលើកនេះខ្លាំងជាងមុន និង ស្រេកឃ្លានជ័យជម្នះជាងមុន។ ក្លិបបានប្រកាសថា ៖«យើងធ្លាប់បានទៅទីនោះប្រកួតជាមួយ ព្រះខ័នរាជស្វាយរៀង ម្តងរួចហើយ ហើយឥឡូវនេះយើងទៅទីនោះម្តងទៀត។ លើកនេះយើងកាន់តែមុតស្រួចខ្លាំងជាងមុន យើងកាន់តែស្រេកឃ្លានជ័យជម្នះ ហើយយើងបានត្រៀមខ្លួនរួចរាល់ហើយដើម្បីបញ្ចប់នូវអ្វីដែលបានចាប់ផ្តើម។ លើកនេះ យើងទៅទីនោះដើម្បីបំពេញបេសកកម្ម»។

ក្រុម Manila Digger FC មានពេលវេលាសម្រាកក្នុងការត្រៀមខ្លួនជាង ១០ ថ្ងៃសម្រាប់ការមកប្រកួតនៅកម្ពុជា បន្ទាប់ពីការប្រកួតចុងក្រោយរបស់ពួកគេតាំងពីថ្ងៃទី ២៩ ខែមីនា ខណៈ ព្រះខ័នរាជស្វាយរៀង មានពេលត្រៀមខ្លួនប្រមាណតែ ៤ ថ្ងៃប៉ុណ្ណោះ ដោយសារទើបប្រកួតជាមួយ ភ្នំពេញក្រោន កាលពីថ្ងៃទី៤ ខែមេសា។
សូមបញ្ជាក់ថា ការប្រកួតនៅថ្ងៃទី ៩ ខែមេសា នេះគឺជាជើងទី១ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដូច្នេះអ្វីៗមិនទាន់បញ្ចប់ត្រឹមនេះឡើយ ដោយនៅមានជើងទី២ នាថ្ងៃទី១៦ ខែមេសាទើបរកឃើញក្រុមឡើងវគ្គផ្តាច់ព្រ័ត្រប្រចាំតំបន់អាស៊ីខាងកើត។ ទោះបីជាយ៉ាងណា ជើងទី ១ ពិតជាសំខាន់ណាស់សម្រាប់ក្រុម ព្រះខ័នរាជស្វាយរៀង ក្នុងនាមជាម្ចាស់ផ្ទះដើម្បីស្វែងរកជ័យជម្នះសម្រាប់ភាពកក់ក្តៅមុនពេលធ្វើដំណើរទៅលេងនៅទឹកដីរបស់គេវិញម្តង៕


អត្ថបទ៖ វិរបុត្រ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


