កីឡា
៣ចំណុចសំខាន់ៗ សម្រាប់ឆ្ពោះទៅជោគជ័យស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា
លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ (SEA Games) លើកទី៣២ ឆ្នាំ២០២៣ ហៅកាត់ គ.ជ.ប.អ (CAMSOC) បានមានប្រសាសន៍ថា កម្ពុជាកំពុងធ្វើដំណើរដោយស្វាហាប់ ម៉ឺងម៉ាត់ ប្រកបដោយក្តីសង្ឃឹមបំផុតក្នុងដំណើរឆ្ពោះទៅទទួលរៀបចំធ្វើជាម្ចាស់ផ្ទះឲ្យទទួលបានជោគជ័យ នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅព្រះរាជាណាចក្រកម្ពុជា។

អគ្គលេខាធិការCAMSOC រូបនេះ បញ្ជាក់ថា CAMSOCបានត្រៀមខ្លួនរួចជាស្រេចហើយជាមួយនិងការដាក់ចេញនូវយុទ្ធសាស្ត្រ រៀបចំក្រុមពិសេសសម្រាប់ប្រភេទកីឡានីមួយៗសម្រាប់ស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ដោយសហព័ន្ធកីឡាជាតិទាំងអស់ ត្រូវសម្រិតសម្រាំងក្រុមពិសេសរបស់ខ្លួន ដើម្បីបង្កើនគុណភាពកាន់តែខ្ពស់ ។
លោក វ៉ាត់ ចំរើន បានបញ្ជាក់ទៀតថា «ស៊ីហ្គេម លើកទី៣១ ឆ្នាំ២០២១ នៅប្រទេសវៀតណាម គឺជាហ្គេមយុទ្ធសាស្ត្រនៃការបញ្ជាក់នូវលទ្ធភាព ចំពោះប្រភេទកីឡារបស់កម្ពុជាយើង ដែលអាចបន្តចូលទៅស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ បានឬមិនបាន ទៅលើលទ្ធផលបច្ចេកទេសនៃស៊ីហ្គេមលើកទី៣១ នេះហើយ ចំពោះលក្ខណៈពិសេសក្នុងការត្រៀមឆ្ពោះទៅស៊ីហ្គេមឆ្នាំ២០២៣ ដោយកម្ពុជាសហការជាមួយអ្នកឯកទេសក្រៅប្រទេស នឹងរៀបចំក្រុមពិសេស ដែលសំដៅសម្រុកឆ្ពោះទៅគោលដៅដ៏ធំចម្បងរបស់ខ្លួន ដូចជាការត្រៀមឆ្ពោះទៅការប្រកួតអូឡាំពិកហ្គេម គឺត្រូវត្រៀម៤ឆ្នាំ ហើយកម្ពុជាក្នុងការត្រៀមស៊ីហ្គេម២០២៣នេះ ក៏ត្រៀមកម្លាំងពិសេសដូចគ្នា ផងដែរ»។

គោលដៅយុទ្ធសាស្ត្រចំនួន៣ចំណុចសំខាន់ៗ ត្រូវបានលោកអះអាងថា ទី១. សហព័ន្ធកីឡាជាតិមួយ ត្រូវបង្កើតគោលការណ៍យន្តការច្បាស់លាស់មួយ ផ្តល់ការគាំទ្រដល់ក្រុមនេះមានភាពកក់ក្តៅ ក្នុងការអភិវឌ្ឍជំនាញរបស់ខ្លួន។ ទី២. អភិវឌ្ឍបច្ចេកទេសដល់ក្រុមពិសេសនេះ ឲ្យមានគុណផលកីឡាកាន់តែខ្ពស់។ ទី៣. ត្រូវស្វែងរកនូវមូលនិធិ ដើម្បីទ្រទ្រង់ ឧបត្ថម្ភគាំទ្រទៅដល់ក្រុមពិសេសនេះ ដើម្បីសម្រួចគោលដៅបាញ់ឆ្ពោះទៅស៊ីហ្គេម ២០២៣។
លោក វ៉ាត់ ចំរើន បានលើកឡើងថា CAMSOC សហការគ្នាយ៉ាងជិតស្និទ្ធជាមួយក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងជាមួយសហព័ន្ធកីឡាជាតិទាំងអស់ ដោយធ្វើយ៉ាងណា រួមគ្នាធ្វើដំណើរដោយស្វាហាប់ យ៉ាងម៉ឺងម៉ាត់បំផុតជាពិសេស គឺដំណើរប្រកបដោយក្តីសង្ឃឹមបំផុត ឆ្ពោះទៅជោគជ័យស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ នៅព្រះរាជាណាចក្រកម្ពុជា៕
អត្ថបទ៖ វិសិទ្ធ
-
ព័ត៌មានជាតិ១ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១៥ ម៉ោង agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៦ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


