កីឡា
៨សំនួរបទសម្ភាសផ្តាច់មុខជាមួយកីឡាការិនីពហុជំនាញ នៅ ស្រីពៅ
អ្នកលេងគុនចម្រុះនារីកម្ពុជា នៅ ស្រីពៅ អវត្តមានពីសង្វៀនក្នុងស្រុក និងអន្តរជាតិជាងមួយឆ្នាំហើយ បន្ទាប់ពីប្រកួតចុងក្រោយបានចាញ់កីឡាការិនីឥណ្ឌា Ritu Phogat កាលពីខែតុលា ឆ្នាំ២០២០នៅប្រទេសសិង្ហបុរី។
នៅ ស្រីពៅ បានឲ្យដឹងថា ក្រោយពេលប្រកួតនៅ ONE Championship និងត្រូវបានកោះហៅចូលជម្រើសជាតិកម្ពុជា នាងបានផ្លាស់ប្តូរជំនាញជាមួយនឹងគោលដៅធំច្បាស់លាស់សម្រាប់ឆ្នាំ២០២២ និង២០២៣ខាងមុខ ប៉ុន្តែបើនិយាយពីជំនាញគឺកញ្ញាចេះច្រើនមាន គុនខ្មែរ គុនចម្រុះ និងប្រដាល់សកល។

សំនួរ ៖ ឆ្នាំ២០២១កន្លងទៅ តើកញ្ញាមានស្ថានភាពយ៉ាងណាចំពោះអាជីពប្រដាល់?
នៅ ស្រីពៅ៖ ជាឆ្នាំមួយដែលពិបាកខ្លាំង តែមិនមែនតែខ្ញុំទេ អ្នករាល់គ្នាក៏ជួបការលំបាកដូចគ្នា។ យើងប្រឈមនឹងវិបត្តិកូវីដ-១៩ ហើយខ្ញុំមិនបានឡើងប្រកួតសោះនៅឆ្នាំ២០២១។ យ៉ាងណា ខ្ញុំមិនបានឃ្លានទៅឆ្ងាយពីជំរំហ្វឹកហាត់ទេ។
ខ្ញុំត្រូវបានក្រុមជម្រើសជាតិកោះហៅឲ្យហ្វឹកហាត់នៅក្រោមវិធានការទប់ស្កាត់កូវីដដើម្បីត្រៀមខ្លួនសម្រាប់ការប្រកួតក្នុងព្រឹត្តិការណ៍អន្តរជាតិថ្នាក់តំបន់ដូចជាកីឡាស៊ីហ្គេមជាដើម។ យ៉ាងណា យើងហ្វឹកហាត់មិនបានទៀងទាត់ទេ។

សំនួរ៖ សម្រាប់ការហ្វឹកហាត់មួយរយៈពេលចុងក្រោយនេះ កញ្ញាផ្តោតលើជំនាញអ្វីសម្រាប់ក្រុមជម្រើសជាតិកម្ពុជា?
នៅ ស្រីពៅ៖ ខ្ញុំបានកំពុងហ្វឹកហាត់ប្រដាល់គុនខ្មែររយៈពេលជិតមួយឆ្នាំ។ តាមពិតទៅនេះមិនមែនជាការហ្វឹកហាត់ប្រដាល់គុនខ្មែរលើកដំបូងទេ។ ខ្ញុំបានចាប់ផ្តើមហាត់គុនខ្មែរតាំងពីពោលគឺជាមូលដ្ឋានដំបូងរបស់ខ្ញុំ។ ដូច្នេះហើយបានជាខ្ញុំចាប់ផ្តោតលើជំនាញនេះសាថ្មី។
សំនួរ៖ រហូតមកដល់ពេលនេះ កញ្ញាបានហ្វឹកហាត់ប្រដាល់អ្វីខ្លះដែរ?
នៅ ស្រីពៅ៖ ពីដំបូងឡើយខ្ញុំហាត់គុនខ្មែរទេ ប៉ុន្តែដោយសារខ្ញុំល្អកណ្តាប់ដៃ ដូច្នេះសហព័ន្ធកីឡាប្រដាល់សកលកោះហៅខ្ញុំចូលជម្រើសជាតិប្រដាល់សកលនៅឆ្នាំ២០១៨។ ចាប់ពីពេលនោះមក ខ្ញុំក៏ហ្វឹកហាត់ជាសំខាន់ផ្តោតលើជំនាញប្រដាល់សកល និងបានចេញទៅប្រកួតតំណាងជាតិក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមឆ្នាំ២០១៩នៅប្រទេសហ្វីលីពីន។ ពេលនោះខ្ញុំទទួលបានមេដាយប្រាក់ជូនជាតិ។
ក្រោយមក ខ្ញុំបានហាត់ប្រដាល់គុនចម្រុះនៅពេលខាង ONE Championship ទាក់ទងខ្ញុំទៅប្រកួត។ ដោយប្រកួតលើកទី១ ខ្ញុំបានឈ្នះកីឡាការិនីថៃ Rika Ishige ហើយរឹតតែបង្កើនការហ្វឹកហាត់ខ្លាំងឡើយ។ បន្ទាប់ខ្ញុំបានឱកាសឡើងប្រកួតនៅសង្វៀនពិភពលោកនេះពីរដងទៀត ប៉ុន្តែចាញ់ចាញ់កីឡាការិនីហ្វីលីពីន Priscilla Hertati Lumban Gaol និងចាញ់កីឡាការិនីឥណ្ឌា Ritu Phogat នៅឆ្នាំ២០២០។ ចាប់ពីពេលនោះមក ខ្ញុំក៏បានដកឃ្លាចេញពីគុនចម្រុះដោយផ្តោតលើគុនខ្មែរវិញ។
សំនួរ៖ ចុះហេតុអ្វីបានជាកញ្ញាប្តូរពីប្រដាល់សកល និងគុនចម្រុះមកផ្តោតលើគុនខ្មែរវិញ?
នៅ ស្រីពៅ៖ ខ្ញុំបានដូរពី MMA និងប្រដាល់សកលមកផ្តោតលើគុនខ្មែរតាំងពីដើមឆ្នាំ២០២១។ ពីព្រោះខ្ញុំដាក់ចិត្តលើគោលដៅសំខាន់គឺស្វែងរកមេដាយជូនជាតិ។ ខ្ញុំចង់ឈ្នះមេដាយពីកីឡាស៊ីហ្គេមនៅឆ្នាំ២០២២ក្នុងប្រទេសវៀតណាម។ ជាពិសេសស៊ីហ្គេមឆ្នាំ២០២៣ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ ដូច្នេះហើយបានជាខ្ញុំកំពុងផ្តោតលើការហ្វឹកហាត់ខ្លាំង។
ខ្ញុំស្វែងរកឃើញប្រដាល់គុនខ្មែរ ឬមួយថៃនៅកីឡាស៊ីហ្គេមមិនសូវស្ត្រីប្រកួតប្រជែងខ្លាំងទេ ដោយសារប្រទេសមួយចំនួននៅអាស៊ានមិនសូវមានស្ត្រីខ្លាំងគុនខ្មែរ ឬមួយថៃទេ។ ដូច្នេះខ្ញុំអាចមានលទ្ធភាពរកមេដាយជូនជាតិពីកីឡាស៊ាននេះបាន។
ម្យ៉ាងទៀត ផ្នែកប្រដាល់សកល ខ្ញុំគិតថា សំបូរកីឡាការិនីខ្លាំងៗច្រើននៅងាស៊ាន ដូច្នេះមានការប្រកួតប្រជែងខ្លាំង ហើយពិបាករកមេដាយណាស់។
សំនួរ៖ តើកញ្ញាអាចពន្យល់បានទេអំពីកីឡាប្រដាល់គុនខ្មែរ សកល និងគុនចម្រុះ មួយណាពិបាកជាង ហើយមួយណាដែលកញ្ញាចូលចិត្តជាង?
នៅ ស្រី៖ និយាយទៅកីឡាទាំង៣ប្រភេទនេះសុទ្ធតែពិបាកដូចគ្នា ហើយបើយើងហ្វឹកហាត់ឈានដល់កម្រិតដូចគ្នា យើងនឹងខ្លាំងដូចគ្នា។ ប៉ុន្តែសម្រាប់ខ្ញុំដោយសារពីដំបូងខ្ញុំហ្វឹកហាត់គុនខ្មែរ ដូច្នេះវាបានក្លាយជាមូលដ្ឋានគ្រឹះ ហើយមើលទៅស្រួល និងចូលចិត្តជាង។ ម្យ៉ាងវិញ ខ្ញុំមើលឃើញខ្លួនឯងថា មិនទាន់ដល់កម្រិតសម្រាប់ការប្រកួតប្រជែងជំនាញគុនចម្រុះ ឬប្រដាល់សកលទេ។

សំនួរ៖ ប៉ុន្តែហេតុអ្វីបានជាកាលពីឆ្នាំ២០១៩ កញ្ញាសម្រេចទៅប្រកួតគុនចម្រុះនៅ ONE Championship?
នៅ ស្រីពៅ៖ វាមានកត្តាពីរយ៉ាងដែលជំរុញឲ្យខ្ញុំសម្រេចចូលប្រឡូកប្រដាល់គុនចម្រុះ។ ទី១ ឱកាសហុចឲ្យ។ ពេលនោះ ឬរហូតដល់ពេលនេះគឺមិនសូវមាននារីខ្មែរទទួលបានឱកាសចូលប្រឡូកគុនចម្រុះទេ ដូច្នេះនៅពេលខាង ONE ទាក់ទង ខ្ញុំត្រូវតែទទួលយក។ ទី២ ខ្ញុំចង់សាកល្បងដើម្បីស្គាល់ខ្លួនឯងឲ្យបានច្បាស់ថាតើខ្ញុំចចាប់អាជីពថ្មីនេះបានដល់កម្រិតណា។ ពេលចេញប្រកួតដំបូង ហើយទទួលបានជ័យជម្នះ និងមានការគាំទ្រច្រើនពីមហាជន ខ្ញុំពិតជាទទួលបានការជំរុញទឹកចិត្តខ្លាំងណាស់។
សំនួរ៖ តើអ្វីជាគោលដៅសំខាន់សម្រាប់ឆ្នាំថ្មីខាងមុខ?
នៅ ស្រីពៅ៖ សម្រាប់ឆ្នាំ២០២២ និង២០២៣ខាងមុខ ខ្ញុំមានគោលដៅច្បាស់លាស់ណាស់គឺដណ្តើមមេដាយជូនជាតិពីកីឡាស៊ីហ្គេមនៅប្រទេសវៀតណាម និងប្រទេសកម្ពុជា។ ខ្ញុំធ្លាប់ឈ្នះមេដាយសំរឹទ្ធហើយ ដូច្នេះសម្រាប់ស៊ីហ្គេមពីរលើកខាងមុខនេះ ខ្ញុំចង់ប្រើប្រាស់គុនខ្មែរដើម្បីទទួលបានមេដាយប្រាក់ និងមាសជូនជាតិ។
ជាពិសេសទៀតនោះ ខ្ញុំចង់ប្រកួតគុនខ្មែរ ឬឃីកបុកសីងនៅ ONE Championship។ នាពេលខាងមុខ បើខាងស្ថាប័នប្រដាល់ពិភពលោកទាក់ទងខ្ញុំ ខ្ញុំពិចារណាប្រកួតជំនាញទាំងពីរនេះ។

សំនួរ៖ ចុះសម្រាប់លោកឪពុកដែលមានជំងឺប្រចាំកាយរហូតដល់ពេលនេះ មានអាការយ៉ាងណាដែរ?
នៅ ស្រីពៅ៖ ជំងឺដាច់សរសៃក្រពះរបស់ពុកខ្ញុំមួយរយៈពេលចុងក្រោយប្រសើរជាងឆ្នាំមុនច្រើន ពីព្រោះបានទៅមន្ទីរពេទ្យទៀងទាត់រាល់ខែ។ កាលពីមុនមិនសូវបានទៅមន្ទីរពេទ្យទៀងទាត់ ហើយអការធ្វើទុក្ខខ្លាំង។ ក្រុមគ្រួសារខ្ញុំត្រូវការប្រុងប្រយ័ត្ន និងមើលថែគាត់ដិត ពីព្រោះមិនអាចប្រហែសបានទេ។ យ៉ាងណា ការចំណាយនៅតែលំបាក ពីព្រោះខ្ញុំមិនបានឡើងប្រកួតយូរ តែត្រូវការចំណាយច្រើនរាល់ខែ៕


-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២១ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?