Connect with us

កីឡា

ប៊ុនសិទ្ធ ដេញ​​វ៉ៃ​​​ថៃ​​៥​​ទឹក​​ពេញ​​អត់​​ឈ្នះ​ ខណៈ​ វិឆ័យ​ វ៉ៃ​​ឲ្យ​​​​ថៃ​​សន្លប់​​ឈរ

បានផុស

នៅ

អ្នក​លេង​គុន​ខ្មែរ​ ពេជ្រ ប៊ុនសិទ្ធ ​បាន​ចាញ់​ពិន្ទុ​កីឡាករ​ថៃ ផេតអភិឆាត ស៊ីតហ្វាស៊ីថង បើ​ទោះ​ជា​រូប​គេ​បាន​ដេញ​វ៉ៃ​​​៥​ទឹក​ពេញ​ក៏​ដោយ ខណៈ វង្ស វិឆ័យ ផ្តល់​មេ​រៀន​ចចាស់​ដៃ​ដល់​កីឡាករ​ថៃ ឆានឆ័យ ឆ.អាតវីន សន្លប់​ឈរ​ក្នុង​ទឹក​ទី​៤។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ប្រកួត​ប្រដាល់​គុន​ខ្មែរ​ប្រចាំ​សប្តាហ៍​នៅ​សង្វៀន​ខារ៉ាបាវ​ស្ទឹង​មាន​ជ័យ​កាល​ពី​​យប់​ថ្ងៃ​អាទិត្យ ទី២៨ ខែ​សីហា​ ឆ្នាំ​២០២២ ​បាន​ធ្វើ​ឲ្យ​កក្រើក​មិន​ខុស​ពី​ការ​ប្រកួត​​ខ្សែ​ក្រវាត់​ខារ៉ាបាវ​​​​ប៉ុន្មាន​ឡើយ។ ទោះ​ជា​យ៉ាង​ណា​យប់​មិញ​នេះ អ្នក​គាំទ្រ​ថប់​អារម្មណ៍​មិន​ស្ទើរ​ទេ​នៅ​ពេល​កីឡាករ ផេតអភិឆាត បាន​ព្យាយាម​រត់​​ពេញ​សង្វៀន​តាំង​ពី​ទឹក​ទី​១​ដល់​ទី​៥។

ការ​ពិត​នៅ​លើ​សង្វៀន​បង្ហាញ​​ថា ពេជ្រ ប៊ុនសិទ្ធ បាន​ព្យាយាម​សម្រុក​ចូល​វ៉ៃ​កីឡាករ ផេតអភិឆាត ​យ៉ាង​ខ្លាំង​តាំង​ពី​ទឹក​ទី​១​រហូត​ដល់​ទឹក​ទី​៥ ប៉ុន្តែ​អាវុធ​ប្រចាំ​ត្រកូល​របស់​គេ​គឺ​កណ្តាប់​ដៃ និង​កែង​មិន​អាច​ធ្វើ​អ្វី​បាន​លើ​កីឡាករ​ថៃ​ឡើយ។ ផ្ទុយ​ទៅ​វិញ ផេតអភិឆាត ថ្វី​បើ​ព្យាយាម​ថយ​ក្រោយ​មែន​ ប៉ុន្តែ​អាវុធ​របស់​គេ​ចេញ​ច្បាស់​ៗ។

នៅ​ទឹក​ទី​១ នៅ​ពេល ពេជ្រ ប៊ុនសិទ្ធ ព្យាយាម​ដើរ​ចូល​វ៉ៃ​ត្រូវ​បាន​​កីឡាករ​ថៃ ផេតអភិឆាត ទាត់​ជើង​ក្រោម​ផ្ទួន​ៗ និង​ទាត់​ផ្កាប់​ចាន​ចំ​ក​របស់​អ្នក​លេង​គុន​ខ្មែរ​បណ្តាល​ឲ្យ​អាជ្ញា​កណ្តាល​រាប់ ពេជ្រ ប៊ុនសិទ្ធ ៨​ម្តង។ បន្ទាប់​ពី​ត្រូវ​បាន​រាប់​៨​ម្តង ប៊ុនសិទ្ធ រឹត​តែ​ប្រឹង​សម្រុក​ចូល​វ៉ៃ តែ​គ្មាន​ប្រសិទ្ធភាព​សោះ។

នៅ​ទឹក​ទី​២ ពេជ្រ ប៊ុនសិទ្ធ បន្ត​សម្រុក​ចូល​វ៉ៃ ខណៈ​លើក​នេះ​កីឡាករ​ថៃ​​ថយ​ក្រោយ​ចេញ​ផ្លែ​កែង​បណ្តាល​ឲ្យ​អ្នក​លេង​គុន​ខ្មែរ​បែក​ឈាម។ នៅ​ទឹក​ទី​៣ ៤ និង​៥ ផេតអភិឆាត ​កាន់​តែ​ថយ​ខ្លាំង​ឡើង ប៉ុន្តែ​​រូប​គេ​ថយ​ក្រោយ​ចេញ​អាវុធ ខណៈ​​ ប៊ុន​សិទ្ធ ​ដាក់​សម្ពាធ​ចូល​វ៉ៃ​យ៉ាង​ណា​ក៏​គ្មាន​ប្រសិទ្ធភាព។ ទីបំផុត​ចៅ​ក្រម​កាត់​សេចក្តី​ឲ្យ​កីឡាករ​ថៃ​ឈ្នះ​ពិន្ទុ​ ប៊ុនសិទ្ធ។

គូ​អន្តរជាតិ​ជា​មួយ​ទៀត វង្ស វិឆ័យ​​ បាន​ផ្តួល​កីឡាករ​ថៃ ឆានឆ័យ ឆ.អាតវីន ឲ្យ​សន្លប់​ឈរ​ក្នុង​ទឹក​ទី​៤។ មែន​ទែន​ទៅ គូ​នេះ​ចាប់​ពី​ទឹក​ទី​៣ ការ​ប្រកួត​មិន​សូវ​ជា​លើស​ខ្វះ​គ្នា​ប៉ុន្មាន​ឡើយ ហើយ វង្ស វិឆ័យ ត្រូវ​ភ្នែក​ហើម​ឡើង​ធំ។

យ៉ាង​ណា នៅ​ទឹក​ទី​៤ វិឆ័យ បាន​យក​ជើង​ធាក់​ចំ​លើ​ពោះ​របស់​កីឡាករ​ថៃ​ដែល​ប្រហែល​ជា​ធ្វើ​ឲ្យ​រូប​គេ​ចុក​ឆ្អល់​ខ្លាំង​ទើប​​គ្មាន​​កម្លាំង​វ៉ៃ​សោះ​បណ្តាល​ឲ្យ​អ្នក​លេង​គុន​ខ្មែរ​វ៉ៃ​សន្ធាប់​បន្ថែម​ទាំង​កណ្តាប់​ដៃ និង​កែង ហើយ​ក៏​​ទ្រេត​ទៅ​លើខ្សែ​សង្វៀន​ដែល​ត្រូវ​បាន​រាប់​ និង​បញ្ឈប់​ការ​ប្រកួត​តែ​ម្តង។ នៅ​ពេល​នោះ ប្រសិន​បើ អាជ្ញា​កណ្តាល​មិន​ជួយ​ទប់​ទេ​ ឆានឆ័យ ប្រហែល​ជា​ដួល​ផ្តាប់​មុខ​បាត់​ទៅ​ហើយ៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម