កីឡា
លោកថោង ខុន វាយតម្លៃខ្ពស់ចំពោះ ការសាងសង់ពហុកីឡដ្ឋានជាតិមរតកតេជោ
លោក ថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) និង ជាប្រធានគណៈកម្មការបច្ចេកទេសសម្រាប់គម្រោងសាងសង់ពហុកីឡដ្ឋានជាតិមរតកតេជោ នៅថ្ងៃទី២៩ខែធ្នូនេះ បានដឹកនាំប្រតិភូចុះត្រួតពិនិត្យវឌ្ឍនភាពការសាងសង់កីឡដ្ឋានធំ (Main Stadium) និងបានពាំនាំការផ្ដាំផ្ញើសួរសុខទុក្ខ និងសារជូនពរពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដល់ថ្នាក់ដឹកនាំសាងសង់ វិស្វករ និងកម្មករទាំងភាគីចិន និងកម្ពុជា ក្នុងឱកាសបុណ្យ ចូលឆ្នាំថ្មីឆ្នាំសកល ២០២១ ខាងមុខ ផងដែរ។

ឆ្លៀតឱកាសនោះ លោកប្រធានNOCC បានធ្វើការវាយតម្លៃខ្ពស់ ចំពោះក្រុមការងារសាងសង់ ពិសេសក្រុមហ៊ុនសាងសង់ CSCEC តំណាងភាគីចិន រួមទាំងកម្មករសរុប ៥៣៤នាក់ ដែលបានខិតខំប្រឹងប្រែងសាងសង់ប្រកបដោយស្មារតីទទួលខុស ត្រូវខ្ពស់ ក្នុងដំណាក់កាលវិបត្តិកូវីដ-១៩ ដោយបន្ដការសាងសង់ធម្មតា និងជំរុញឲ្យសំណង់ជាប្រវត្តិសាស្ដ្រលេចរូបរាងឡើង រហូតមកទល់ពេលនេះ សម្រេចលទ្ធផលបានប្រមាណ ៨៥% ហើយគ្រោងនឹងបញ្ចប់ទាំងស្រុង នៅដំណាច់ខែឧសភា ឆ្នាំ ២០២១ ខាងមុខ។


លោក ថោង ខុន បានថ្លែងថា «ថ្ងៃនេះ គណៈកម្មការបច្ចេកទេសបានមកជួបជុំគ្នា ដើម្បីជូនពរក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល ២០២១ ហើយអរគុណពួកគាត់ និងកោតសរសើរដល់កិច្ចខិតខំរបស់គាត់ប្រកបដោយការទទួលខុសត្រូវ ពិសេសយើងសង្កេតឃើញក្នុងដំណាក់កាលកូវីដ- ១៩ ការសាងសង់អត់មានឈប់ទេ គាត់គ្រប់គ្រងបានល្អណាស់ ទាំងកម្មករខ្មែរ និងកម្មករចិន»។ លោកប្រធានNOCCបន្ដថា «ក្នុងដំណាក់កាលកូវីដ-១៩ ក៏ត្រូវការអ្នកជំនាញចិនប្រហែល ៥៩នាក់ ដើម្បីរៀបចំដំបូល និងការងារមួយចំនួនដែរ ហើយយើងបានសម្រួលជាមួយគណៈកម្មការអន្ដរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ ដើម្បីឲ្យពួកគាត់បានមក តែត្រូវអនុវត្តវិធានក្រសួងសុ ខាភិបាលយ៉ាងម៉ត់ចត់ ដោយធ្វើចត្ដាឡីស័ក ១៤ថ្ងៃ។ ដូច្នេះការសាងសង់នៅទីនេះ គឺអត់មានយឺតទេ ទោះការងារខ្លះយឺតតិចតួច ដោយសារសម្ភារមួយចំនួន ត្រូវដឹកមកពីក្រៅប្រទេស ដូចជាដំបូល ដែលដឹកនាំពីប្រទេសអាល្លឺម៉ង់ជាដើម»។

ផ្អែកលើសមិទ្ធផល ដែលកំពុងបង្ហាញរូបរាងដ៏ទាក់ទាញនេះ លោក ថោង ខុន បានចាត់ទុកនេះ គឺជាមោទកភាពជាតិមួយ សម្រាប់ចំណងមិត្តភាព សាមគ្គីភាពរវាងចិន និងកម្ពុជា ហើយក៏ជាសម្បត្តិដ៏អស្ចារ្យ ដែលជាអនុស្សាវរីយ៍ សម្រាប់ប្រជាជនកម្ពុជាបច្ចុប្បន្ន និងកូនចៅជំនាន់ក្រោយផងដែរ។

សូមបញ្ជាក់ថា បន្ទាប់ពីសាងសង់សំណង់រឹងស្ទើររួចរាល់ ១០០% បច្ចុប្បន្នក្រុម ការងារសាងសង់ កំពុងមមាញឹកក្នុងការបំពាក់ដំបូល ដោយសម្រេចបានលទ្ធផលប្រមាណ ៧០% និងជញ្ជាំង ដែលរំលេចនូវផ្ការំដួល បានសម្រេចលទ្ធផលប្រមាណជាង ៩០%។ រីឯការតុបតែងបន្ទប់ និងការ សាងសង់ទីលានស្មៅធម្មជាតិ ក៏ដូចជាទី លានរត់អត្តពលកម្មវិញ ក៏កំពុងដំណើរការសាងសង់ជាបន្ដបន្ទាប់ផងដែរ។ កីឡដ្ឋានធំនៃពហុកីឡដ្ឋានជាតិមរតកតេជោនេះ បានបើកការដ្ឋានសាងសង់តាំង ពីថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៧ ក្រោមអធិបតីភាពសម្ដេចតេជោ ហ៊ុន សែន ដែលជាជំនួយឥតសំណងរបស់រដ្ឋាភិបាលនិងប្រជាជនចិន ក្នុងរង្វង់ទឹកប្រាក់ប្រមាណ ១៦០លានដុល្លារ។ សមិទ្ធផលដ៏ធំសម្បើម ដែលអាចផ្ទុកអ្នកទស្សនាបានប្រមាណ ៦ម៉ឺននាក់នេះ គឺសាងសង់ឡើង ដើម្បីត្រៀមស្វាគមន៍ព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ២០២៣ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ៕
អត្ថបទ៖ វិសិទ្ធ
សូមចុចអាន៖ ពហុកីឡដ្ឋានមរតកតេជោ សង់ជិតរួច លេចរូបរាងច្បាស់ចំពោះមុខ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម១៣ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


