កីឡា
កីឡាគុនល្បុក្កតោ មានគោលដៅពង្រីកក្លិប នៅគ្រប់ទីវត្តអារាម ដែលមានជាង ២ម៉ឺនវត្តក្នុងទូទាំងប្រទេស
លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងជាអនុប្រធានសហព័ន្ធកីឡាល្បុក្កតោកម្ពុជា បានមានប្រសាសន៍ឲ្យដឹងថា សហព័ន្ធកីឡាល្បុក្កតោគោលដៅសំខាន់មួយនោះ គឺមានបំណងពង្រីកក្លឹបគុនរបស់ល្បុក្កតោ នៅតាមទីវត្តអារាមទាំងអស់នៅទូទាំងប្រទេស ដែលមានជាង ២ ម៉ឺនវត្តអារាមនោះ។

លោកបានបញ្ជាក់ថា ទីវត្តអារាមទាំងនោះសុទ្ធតែជាទីកន្លែងធ្លាប់ហ្វឹកហាត់ជាទីកន្លែង ដែលធ្លាប់មានសកម្មភាពហាត់ក្បាច់គុន ហើយការហ្វឹកហាត់នេះ ក៏មិនជាការខុសអ្វីទេ ព្រោះមិនមែនជាការបង្ហាត់ ដើម្បីវ៉ៃតប់គ្នា ដែលផ្ទុយទៅវិញ គឺជាការហ្វឹកហាត់គុនល្បុក្កតោ ក្នុងន័យអប់រំផ្លូវចិត្ត អប់រំផ្លូវកាយ ឲ្យស្មារតីស្រលាញ់ជាតិ ស្រលាញ់ទឹកដី ស្រឡាញ់អរិយធម៌របស់ខ្លួន។ នេះជាបំណងធំរបស់សហព័ន្ធនាពេលអនាគតដ៏ឆាប់ខាងមុខ។ ក្នុងនាមជាអ្នកស្រឡាញ់ក្បាច់គុនល្បុក្កតោ ដែលយើងហៅថា ជាក្បាច់គុនព្រលឹងជាតិអត្តសញ្ញាណជាតិ ឬជាកេរដំណែលរបស់បុព្វបុរសយើង ដែលយើងរស់នៅដល់សព្វថ្ងៃ មានអត្តសញ្ញាណ មានមនុស្ស មានជាតិ មកដល់សព្វថ្ងៃនេះ ក៏ដោយសារក្បាច់គុននេះដែរ លោក វ៉ាត់ ចំរើន បញ្ជាក់បែបនេះ។

លោកបានរំលឹកថា កាលពីសម័យអង្គរយើងរុងរឿង គឺដោយសារខ្មែរយើងនៅពេលនោះ សុទ្ធតែចេះក្បាច់គុន សុទ្ធតែជាអ្នកហាត់រៀននូវក្បាច់គុន ហើយអង្គររុងរឿងសម័យនោះបានយកក្បាច់គុនជាធំ ក្នុងការការពារជាតិ ការពារទឹកដី ការពង្រីកឥទ្ធិពល ហើយបើតាមប្រវត្តិសាស្ត្រយើងដឹងហើយថា ក្បាច់គុននេះ គឺជាព្រលឹងរបស់បុព្វបុរសខ្មែរយើង។ ដូច្នេះហើយព្រលឹងរបស់បុព្វបុរសខ្មែរយើង គឺទាមទារឲ្យយើងទាំងអស់គ្នាពីជំនាន់មួយទៅជំនាន់មួយ រួមគ្នាការពារអភិរក្ស និង អភិវឌ្ឍក្បាច់គុនល្បុក្កតោ ហើយធ្វើការផ្សព្វផ្សាយនៅក្នុងថ្នាក់ជាតិក៏ដូចជានៅលើឆាកអន្តរជាតិ។

លោក វ៉ាត់ ចំរើន បានបញ្ជាក់ឲ្យដឹងថា ក្បាច់គុនល្បុក្កតោរបស់យើង បានចូលដល់កម្រិតជាតិហើយ ដោយត្រូវបានក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានដាក់ចូលជាបេតិកភណ្ឌអរូបីនៃមនុស្សជាតិ នៅក្នុងកម្រិតជាតិ ហើយពេលនេះយើងកំពុងតែតស៊ូមតិ ក្នុងការដាក់ចូលបញ្ជីបេតិកភណ្ឌអរូបិយមនុស្សជាតិ នៅអង្គការយូណេស្កូ។ លោកបន្តថា យើងបានខិតខំប្រឹងប្រែងរយៈពេល៤-៥ ឆ្នាំមកហើយ ក្នុងការចងក្រងរៀបចំឯកសារ ក៏ដូចជាសិក្សាស្រាវជ្រាវជាមួយនឹងក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងការដាក់បញ្ចូលគុនល្បុក្កតោក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ហើយលោកសង្ឃឹមថា នៅថ្ងៃណាមួយនាពេលខាងមុខ យើងនឹងទទួលបានជោគជ័យ៕
អត្ថបទ៖ វិសិទ្ធ
-
ព័ត៌មានជាតិ២ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៦ ម៉ោង agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ១ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៦ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


