កីឡា
តើខ្សែក្រវាត់ ISKA គុនខ្មែរពិភពលោកទទួលស្គាល់កម្រិតណា?
សហព័ន្ធកីឡាប្រដាល់គុនខ្មែរបានរៀបចំឲ្យមានការប្រកួតដណ្តើមខ្សែក្រវាត់ ISKA (International Sport Kickboxing Association) គុនខ្មែរពិភពលោកជាលើកទី២ បន្ទាប់ពីលើកទី១រៀបចំការប្រកួតដណ្តើមខ្សែក្រវាត់ប្រភេទនេះនៅឆ្នាំ២០០៨។

កាលពីឆ្នាំ២០០៨ សហព័ន្ធកីឡាប្រដាល់កម្ពុជាសហការជាមួយក្រសួងអប់រំ យុវជន និងកីឡាស្ថាប័នប្រដាល់ឃីកបុកស៊ីងអន្តរជាតិ ISKA បានរៀបចំឲ្យមានការប្រកួតដណ្តើមខ្សែក្រវាត់ ISKA ពិភពលោក២ខ្សែគឺ កីឡាករកម្ពុជា វ៉ន់ វីវ៉ា ជាមួយកីឡាករអង់គ្លេស Ben Barwise និងកីឡាករ មាស ចន្ថា ជាមួយកីឡាករអង់គ្លេស Tim Thomas។
វ៉ន វីវ៉ា និង មាស ចន្ថា បានក្លាយជាកីឡាករ២រូបដំបូងគេដែលបានឈ្នះខ្សែក្រវាត់ ISKA ពិភពលោក ប៉ុន្តែ មាស ចន្ថា ត្រូវបានកីឡាករអង់គ្លេសមកវ៉ៃដណ្តើមបានវិញនៅឆ្នាំ២០១២ ខណៈ វ៉ន វីវ៉ា បានការពារបានជោគជ័យ និងរក្សាទុករហូតដល់បច្ចុប្បន្ន។

ឥឡូវនេះ សហព័ន្ធកីឡាប្រដាល់គុនខ្មែរបានរៀបចំឲ្យមានការប្រកួតដណ្តើមខ្សែក្រវាត់ ISKA ជាថ្មីលើទឹកដីកម្ពុជា ដោយប្រើឈ្មោះ«ខ្សែក្រវាត់ ISKA គុនខ្មែរពិភពលោក»។ កាលពីថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៤ សហព័ន្ធកីឡាប្រដាល់គុនខ្មែរសហការជាមួយស្ថានីយ៍ទូរទស្សន៍បាយ័ន និងម្ចាស់ឧបត្ថម្ភបានរៀបចំការប្រកួតដណ្តើមខ្សែក្រវាត់ ISKA គុនខ្មែរពិភពលោកដល់ទៅ៣ខ្សែ។
ជាលទ្ធផលកីឡាករកម្ពុជា ប៊ុន សុធា បានឈ្នះខ្សែក្រវាត់ក្នុងទម្ងន់៥៧គីឡូក្រាម។ កីឡាករប្រេស៊ីល-កម្ពុជា សែន ចន្ទរិទ្ធីគុន បានឈ្នះខ្សែក្រវាត់ក្នុងទម្ងន់៧៥គីឡូក្រាម និងកីឡាករថៃ ផនសាវ៉ាន បានឈ្នះខ្សែក្រវាត់ក្នុងទម្ងន់៦៥គីឡូក្រាម។

ក្នុងសន្និសីទសារព័ត៌មាន លោកស្រី Roma Maria Rozanska-Steffen ដែលជាភរិយារបស់កីឡាករ សែន ចន្ទរិទ្ធីគុន បានតំណាងស្ថាប័នប្រដាល់ ISKA បានបញ្ជាក់ថា ស្ថាប័នប្រដាល់អន្តរជាតិនេះបានទទួលស្គាល់ខ្សែក្រវាត់ ISKA គុនខ្មែរពិភពលោកដែលរៀបចំនៅប្រទេសកម្ពុជា។
ជាក់ស្តែងផេកឈ្មោះ ISKA Europe បានផ្សព្វផ្សាយយ៉ាងទូលំទូលាយអំពីការប្រកួតដណ្តើមខ្សែក្រវាត់ ISKA គុនខ្មែរពិភពលោកនេះក្នុងនោះមានការបង្ហោះផ្សាយពីកម្មវិធីប្រកួត វីដេអូផ្សព្វផ្សាយមុនការប្រកួត និងលទ្ធផលនៃការប្រកួតជាដើម។ ប្រការនេះមានន័យថា ស្ថាប័នអន្តរជាតិបានទទួលស្គាល់ និងគាំទ្រជាផ្លូវការពីខ្សែក្រវាត់នៅប្រទេសកម្ពុជា ប៉ុន្តែមិនមែនជាប្រភេទខ្សែក្រវាត់ដែលស្ថាប័នអន្តរជាតិមករៀបចំនៅប្រទេសកម្ពុជាដោយផ្ទាល់នោះទេ។

ផេក ISKA Europe បានទទួលស្គាល់ខ្សែក្រវាត់ខ្សែក្រវាត់ ISKA នៅតាមបណ្តាប្រទេសផ្សេងៗទូទាំងពិភពលោក ដូចដែលពួកគេទទួលស្គាល់ពីកម្ពុជាដែរ។ វាជាការទទួលស្គាល់ និងគាំទ្រអំពីការរៀបចំ ប៉ុន្តែមិនមែនជាព្រឹត្តិការណ៍ដែលស្ថាប័នអន្តរជាតិមួយនេះរៀបចំដោយខ្លួនឯងផ្ទាល់នោះទេ។
នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរនេះ សង្វៀនប្រដាល់ Kun Khmer International Fight Gym រៀបចំឲ្យមានការប្រកួតខ្សែក្រវាត់ ISKA គុនខ្មែរពិភពលោក២ខ្សែ។ កីឡាករ ឈឿង ល្វៃ ប្រកួតជាមួយកីឡាករអូស្ត្រាលី Tonkin ទម្ងន់៧២.៥គីឡូក្រាម និងកីឡាករ រិន ដេវីត ប្រកួតជាមួយកីឡាករប្រេស៊ីល Olivera ទម្ងន់៦១គីឡូក្រាម។ ផេក ISKA Europe ក៏បានផុសពីការប្រកួតដណ្តើមខ្សែក្រវាត់របស់ ឈឿង ល្វៃ និង រិន ដេវីត ដែរ។

រូបភាពខ្សែក្រវាត់ក៏មានលក្ខណៈខុសប្លែកពីខ្សែក្រវាត់ម្យ៉ាងដែរ។ លោក សំណព្វ អ្នកផ្គូផ្គងកម្មវិធីប្រដាល់នេះបានប្រាប់ផេក Khmer Sports ថា ខ្សែក្រវាត់ ISKA Kun Khmer World Championship ផលិតនៅប្រទេសអង់គ្លេស។ គិតត្រឹមថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤ ISKA គុនខ្មែរមិនទាន់មានតំណាងឡើយនៅទូទាំងពិភពលោក។ ការរៀបចំនេះគឺក្នុងលក្ខខណ្ឌដែលស្ថាប័ន ISKA អនុញ្ញាតឲ្យរៀបចំក្នុងកិច្ចសហការគ្នា និងទទួលស្គាល់។ ប្រការនេះមានន័យថា ស្ថាប័នណាដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក៏អាចចាប់ដៃគូជាមួយគេដើម្បីរៀបចំការប្រកួតដណ្តើមខ្សែក្រវាត់ ISKA ដែរ។
ជាមួយរួម ស្ថាប័ន International Sport Kickboxing Association ទទួលស្គាល់ជាផ្លូវការពីខ្សែក្រវាត់ ISKA គុនខ្មែរពិភពលោកទាំងខ្សែក្រវាត់ដែលរៀបចំដោយស្ថានីយ៍ទូរទស្សន៍បាយ័ន និង KKIF ដែលស្ថិតក្រោមការគ្រប់គ្រងរបស់សហព័ន្ធកីឡាប្រដាល់គុនខ្មែរតែមួយ។

មែនទែនទៅ ស្ថាប័ន ISKA មានកីឡាប្រយុទ្ធច្រើនប្រភេទដូចជាកីឡា ឃីកបុកស៊ីង ការ៉ាតេ គុនចម្រុះ ក្បាច់ឃ្លេ មួយថៃ គុនខ្មែរ ជាដើម ដែលមានខ្សែក្រវាត់កម្រិតពិភពលោកទៅតាមប្រភេទកីឡានីមួយៗ៕
អត្ថបទ៖ វីរបុត្រ
-
សេដ្ឋកិច្ច៥ ម៉ោង agoអគារប្រណីតពន្ធដារថ្មី ដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក Vance ថា ការចរចាជាមួយអ៊ីរ៉ង់ រីកចម្រើនខ្លះៗហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក រូប៊ីយ៉ូ ជាប់ក្នុងបញ្ជីទណ្ឌកម្មចិន ចុះហេតុអ្វីបានអាចអមដំណើរ ត្រាំ ក្នុងក្រុងប៉េកាំង?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសមត្ថកិច្ចខេត្តកំពតបង្ក្រាបទីតាំងប្តូរសម្បកបាវស្ករសអក្សរថៃនាំចូលពីថៃ ទៅជាបាវអក្សរវៀតណាម ដើម្បីបំភាន់ភ្នែកសមត្ថកិច្ច និងចលនាពហិការផលិតផលថៃ
-
សន្តិសុខសង្គម៦ ថ្ងៃ agoសង្ស័យភ្លើងប្រច័ណ្ឌ ស្រីស្រលាញ់ស្រីយកកាំបិតចុងស្រួចអារកជនរងគ្រោះបណ្ដាលឲ្យស្លាប់ រួចរត់គេចខ្លួនបានជាង៧ម៉ាង
-
កីឡា៤ ថ្ងៃ agoក្រុមកីឡាបាល់បោះ បាល់ទាត់លើតុ រីករាយចំពោះការចូលរួមកាន់តែច្រើនពីវិស័យឯកជនមកលើកីឡានៅកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoផ្លូវបុរាណចំនួន ៧ ខ្សែ អ្នកស្រាវជ្រាវរកឃើញសាងសង់ភ្ជាប់ពីរាជធានីអង្គរទៅតំបន់ឆ្ងាយៗដែនដីអាណាចក្រខ្មែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoកាតព្វកិច្ចយោធានៅវៀតណាម៖ វិន័យដែក និងទណ្ឌកម្មធ្ងន់ធ្ងរ សម្រាប់អ្នកគេចវេះ


