កីឡា
ឡុង សុភី លើកឡើងថា កីឡាករនឹងឆ្គួតវង្វេង បើវ៉ៃញឹកញាប់ពេក
កីឡាករប្រដាល់គុនខ្មែរ ឡុង សុភី បានចាត់ទុកការឡើងប្រកួតញឹកញាប់ពេកក្នុងរយៈពេលខ្លីរបស់កីឡាករប្រដាល់អាចប៉ះពាល់ដល់ខួរក្បាល និងរាងកាយយ៉ាងធ្ងន់ធ្ងរ។

ក្នុងពិធីថ្លឹងទម្ងន់ព្រឹត្តិការណ៍ប្រកួតយុទ្ធគុនចម្រុះខ្មែរបុរាណ ពានរង្វាន់សម្តេចបវរធិបតីកាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ កីឡាករ ឡុង សុភី ដែលធ្លាប់ជាកីឡាករលំដាប់ជួរមុខមួយរូបបានលើកឡើងថា ៖«ការប្រកួតរាល់សប្តាហ៍ ឬប្រកួត៣ទៅ៤ដងក្នុងមួយសប្តាហ៍អាចប៉ះពាល់ធ្ងន់ធ្ងរ។ កីឡាករឲ្យតែវ៉ៃញាប់គឺពុកហើយ។ ដូចទឹកស្រក់លើថ្មអីចឹង យូរៗនឹងស្រាំ ឬធ្លុះ តែកីឡាករវ៉ៃល្អបំផុត២ដងក្នុងមួយខែ។ វ៉ៃមួយអាទិត្យ សម្រាកមួយអាទិត្យ ពីព្រោះសម្រាកមួយអាទិត្យ យើងព្យាបាលខ្លួនបានល្អ។ ក្នុងរយៈពេលមួយអាទិត្យ យើងអាចព្យាបាលរបួសបានជាសះស្បើយហោចណាស់៨០ទៅ៩០% តែបើយើងវ៉ៃរាល់អាទិត្យ ខ្ញុំប្រាប់ វ៉ៃយូរខ្ទាំសាច់ ខ្ទាំឆ្អឹង នឹងបាក់ដៃ បាក់ជើង បាក់ថ្គាមលឿន ឲ្យតែបើកមុខឲ្យគេវ៉ៃ»។

ឡុង សុភី បានបង្កត់ធ្ងន់ថា ប្រសិនបើកីឡាករក្នុងមួយខែប្រកួត៤ទៅ៥ដងគឺមិនយូរនឹងប៉ះពាល់ដល់ផ្នែកណាមួយមិនខាន។ «ទោះបីជាវ៉ៃត្រូវគេ ប៉ុន្តែគេក៏វ៉ៃត្រូវយើងវិញដែរ តែបើវ៉ៃគេសន្លប់លឿនអត់សូវអីទេ។ តែបើ៣ទៅ៥ទឹកពេញៗរាល់សប្តាហ៍ ខ្ញុំប្រាប់ទៅមិនយូរទេគឺខួរក្បាល បើមិនឆ្គួត ក៏ប្រសៃប្រសាទដែរ។ ខ្ញុំអាចនិយាយបានថា កីឡាករទាំងអស់ឲ្យតែពូកែដាក់មុខឲ្យគេវ៉ៃ មិនយូរទេនឹងប្រសៃប្រសាទហើយ ពីព្រោះខួរក្បាលខ្ទាំ ត្រូវកែង ត្រូវកណ្តាប់ដៃ យូរៗខ្ទាំ។ ពេលឥឡូវនេះមិនសូវកើតបញ្ហាអីទេ តែដល់អាយុចាប់ពី៣០ឆ្នាំឡើងទៅចាប់ផ្តើមមានបញ្ហាដល់ខួរក្បាល ដូចជាភ្លេចភ្លាំង ឬប្រសៃប្រសាទរជាដើម»។
ទោះបីជាយ៉ាងណា ឡុង សុភី បានបញ្ជាក់ថា ប្រសិនបើអត់បានប្រកួតយូរក៏មិនល្អដែរ ក្នុងនោះបាត់បង់ចំណូលចិញ្ចឹមជីវិត។ ក្បាច់ អាវុធ និងកម្លាំងស៊ុហ្វមិនល្អ ប្រសិនបើខកខានឡើងសង្វៀនចាប់ពី៣ខែឡើងទៅហើយ។

បច្ចុប្បន្ន ឡុង សុភី មិនសូវបានឡើងប្រកួតញឹកញាប់ទេ បន្ទាប់ពីវ័យកាន់តែច្រើន។ ជាពិសេសក្បាច់វ៉ៃរបស់ខ្លួនមិនល្អដូចមុនឡើយ ហើយទម្ងន់ក៏កាន់តែធ្ងន់។ ក្នុងអាជីពប្រដាល់កីឡាកររូបនេះធ្លាប់បានឈ្នះខ្សែក្រវាត់៨ខ្សែ ហើយដៃគូដ៏ជក់ចិត្តគួរឲ្យចងចាំបំផុតសម្រាប់អ្នកគាំទ្រគឺ កែវ រំចង់។
សម្រាប់ការប្រកួតក្នុងកម្មវិធីយុទ្ធគុនចម្រុះខ្មែរបុរាណ ពានរង្វាន់សម្តេចបវរធិបតី លើកទី១ ពីថ្ងៃទី១៩ដល់ទី២០ ខែតុលា ឆ្នាំ២០២៤ ឡុង សុភី មិនទទួលបានមេដាយទេ បន្ទាប់ពីចាញ់សិស្សប្អូន ឈឿង ល្វៃ និង សំអឿន សុផា សម្រាប់ការប្រកួតវិញ្ញាសាអាជីពទម្ងន់៧៥គីឡូក្រាម ខណៈវិញ្ញាសានេះមេដាយមាសបានទៅកីឡាករ ឈឿង ល្វៃ មេដាយប្រាក់បានទៅ មាស ម៉ើ និងមេដាយសំរិទ្ធ បានទៅ សំអឿន សុផា៕
អត្ថបទ៖ វីរបុត្រ

-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សពទ័ពមួកខៀវកម្ពុជា២រូប កំពុងត្រូវបានបញ្ចូនមកកម្ពុជាតាមយន្តហោះ ដែលនឹងមកដល់មាតុភូមិឆាប់ៗនេះ
-
ព័ត៌មានជាតិ១៧ ម៉ោង ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
នគរបាលជំនាញព្រមានចាត់វិធានការលើម្ចាស់គណនីហ្វេសប៊ុកមួយ ដែលតែងបង្ហោះព័ត៌មានក្លែងក្លាយសុំជំនួយដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សពកងទ័ពមួកខៀវកម្ពុជាទាំង២រូប មកដល់មាតុភូមិកំណើតវិញហើយនៅល្ងាចថ្ងៃទី២៦ ខែឧសភា នេះ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
តុលាការសម្រេចឃុំខ្លួនអតីតអ្នកឧកញ៉ា ហេង សិទ្ធី ដាក់ពន្ធនាគារព្រៃស
-
ព័ត៌មានជាតិ១ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
មន្ទីរធម្មការនិងសាសនា ចុះធើ្វកិច្ចសន្យាបុគ្គល២នាក់ តាំងខ្លួនជាអ្នកស្នងបារមី