កីឡា
ព្រឹត្តិការណ៍កីឡា៣ ផ្ទុះការចាប់អារម្មណ៍ខ្លាំងក្នុងប្រទេសកម្ពុជា១០ឆ្នាំចុងក្រោយ
នៅក្នុងរយៈពេលប្រមាណ១០ឆ្នាំចុងក្រោយនេះ មានព្រឹត្តិការណ៍កីឡាបាល់ទាត់៣ដែលផ្ទុះការចាប់អារម្មណ៍ខ្លាងបំផុតនៅក្នុងប្រទេសកម្ពុជា។
- ទី១. ជម្រុះជើងឯកពិភពលោកឆ្នាំ២០១៥
អ្នកគាំទ្របាល់ទាត់កម្ពុជាចាំមិនភ្លេចទេកាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៥ ការប្រកួតជម្រុះជើងឯកពិភពលោក ជុំដំបូង រវាងម្ចាស់ផ្ទះ កម្ពុជា និង កោះម៉ាកាវ នៅស្តាតចាស់ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីមហាជន។

ចន្លោះឆ្នាំ២០១៣ ដល់២០១៥ បាល់ទាត់កម្ពុជាចាប់ផ្តើមទទួលបានការចាប់អារម្មណ៍ជាបណ្តើរៗតាមរយៈកីឡាករកម្ពុជាមួយចំនួនក្លាយជាតារាល្បីៗ ហើយស្របពេលកម្ពុជាប្រកួតជម្រុះជើងឯកពិភពលោកផងនោះ ក៏បានទាក់ទាញមហាជនយ៉ាងខ្លាំង។ ពេលនោះពហុកីឡដ្ឋានជាតិអូឡាំពិកត្រូវបានជួសជុល ហើយគ្មានកីឡដ្ឋានណាផ្សេងទេ ដូច្នេះមានតែរៀបចំការប្រកួតនៅស្តាតចាស់។ ទីបំផុតកន្លែងអង្គុយជុំវិញមានអ្នកគាំទ្រពេញអស់ពោលគឺ៨០០០នាក់។
កម្ពុជា បានយកឈ្នះ ម៉ាកាវ ដោយលទ្ធផល ៣-០ ដែលជាការស៊ុតដោយកីឡាករ ចាន់ វឌ្ឍនាកា ២គ្រាប់ និង ឃួន ឡាប៊ូរ៉ាវី ១គ្រាប់។ នារាត្រីនោះ អ្នកគាំទ្រចេញពីស្តាតចាស់មកវិញនាំនាំគ្នាជិះម៉ូតូ រថយន្តហែរតាមដងវិថីនានាក្នុងរាជធានីភ្នំពេញយ៉ាងសប្បាយរីករាយបំផុត។ ជើងទី២ នៅទឹកដី ម៉ាកាវ បញ្ចប់ដោយលទ្ធផលស្មើគ្នា ១-១ ដូច្នេះសរុបទាំងពីរជើង កម្ពុជា ឈ្នះ ៤-១ បានឡើងទៅជម្រុះជុំទី២។

សូមបញ្ជាក់ថា ការលើកឡើងមកនេះគឺសំដៅលើទឹកចិត្តអ្នកគាំទ្រផ្ទុះការចាប់អារម្មណ៍ប៉ុណ្ណោះ ប៉ុន្តែមិនមែនសំដៅទៅលើចំនួនអ្នកគាំទ្រច្រើន ឬតិចនោះទេ ពីព្រោះការប្រកួតបន្តបន្ទាប់មកទៀតសម្រាប់ជម្រុះជើងឯកពិភពលោកជុំទី២ និងមិត្តភាពអន្តរជាតិនានា មានអ្នកគាំទ្រយ៉ាងច្រើនរហូតដល់៥ទៅ៦ម៉ឺននាក់ក៏មាននៅពហុកីឡដ្ឋានជាតិអូឡាំពិក។
- ទី២. ការប្រកួតបាល់ទាត់ក្នុងកីឡាស៊ីហ្គេម ឆ្នាំ២០២៣
នៅពេលកម្ពុជាទទួលរៀបចំការប្រកួតកីឡា ស៊ីហ្គេម ជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់ខ្លួនគឺជាក្តីស្រមៃបានក្លាយជាការពិតសម្រាប់ប្រជាជនកម្ពុជា។ បន្ថែមលើមោទនភាពក្នុងនាមជាម្ចាស់ផ្ទះ កម្ពុជាផ្តល់ឲ្យការប្រកួតកីឡាដោយឥតគិតថ្លៃពោលគឺគ្រប់ប្រទេសទាំងអស់ដែលចូលរួមប្រកួតមិនបង់ថ្លៃឡើយ។

មិនត្រឹមតែប៉ុណ្ណោះ អ្នកគាំទ្រជាតិ និងអន្តរជាតិក៏មិនចាំបាច់ទិញសំបុត្រចូលទស្សនាដែរគឺចូលទស្សនាដោយគិតថ្លៃ។ ទោះបីជាយ៉ាងណាដើម្បីឲ្យមានរបៀបរៀបរយ អ្នកទស្សនាត្រូវមានសំបុត្រត្រឹមត្រូវ។ គណៈកម្មការរៀបចំការប្រកួតបានសម្រេចរៀបចំចែកសំបុត្រដល់អ្នកគាំទ្រទៅតាមប្រភេទកីឡាដែលពេញនិយម។

បាល់ទាត់ជាកីឡាដែលពេញនិយមខ្លាំង។ សំបុត្រត្រូវបានចែកជូននៅពហុកីឡដ្ឋានជាតិអូឡាំពិក។ ពេលនោះគឺជារឿងស្ទើរនឹកស្មានមិនដល់ដែលអ្នកគាំទ្រយ៉ាងច្រើនកុះករបានទៅយកសំបុត្រនៅពហុកីឡដ្ឋានជាតិអូឡាំពិក។ មនុស្សពេញនៅខាងក្នុងបរិវេណ ហើយតាមផ្លូវចាប់ពីអាងទឹកអូឡាំពិក រហូតដល់រង្វល់មូលមុខផ្សារអូឡាំព្យាគឺមានមនុស្សពេញផ្លូវ។ នេះហើយជាសន្ទុះការចាប់អារម្មណ៍ខ្លាំងបំផុត។
- ទី៣. ការប្រកួតវគ្គផ្តាច់ព្រ័ត្រ AFC Challenge League 2024-25
លទ្ធផលនៃការប្រកួតបាល់ទាត់របស់ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាទាំងមិត្តភាពអន្តរជាតិ និងពានរង្វាន់ផ្សេងៗមិនល្អប្រសើរបានធ្វើឲ្យអ្នកគាំទ្រថយចុះគួរឲ្យកត់សំគាល់។ ផ្ទុះទៅវិញនៅពេលក្លិបបាល់ទាត់តំណាងកម្ពុជាចូលរួមប្រកួតក្នុងពានរង្វាន់កម្រិតអាស៊ី ទទួលបានលទ្ធផលល្អប្រសើរ បានស្រួបទាញអ្នកគាំទ្រគួរឲ្យសំគាល់។

តាមរយៈលទ្ធផលល្អរបស់ក្លិប ព្រះខ័នរាជស្វាយរៀង លើឆាកអន្តរជាតិ និងតាមរៈការប្រឹងប្រែងរបស់ឯកឧត្តម ឌី វិជ្ជា ជាប្រធានក្លិបដើម្បីពង្រឹងក្រុម បានធ្វើឲ្យអ្នកគាំទ្រចាប់អារម្មណ៍យ៉ាងខ្លាំង។ ទីបំផុត ការប្រកួតវគ្គផ្តាច់ព្រ័ត្រ AFC Challenge League 2024-25 ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥ រវាងក្លិប ព្រះខ័នរាជស្វាយរៀង និង FK Arkadag នៅពហុកីឡដ្ឋានជាតិ មរតកតេជោ មានអ្នកគាំទ្រចំនួន ៥១,៦១០នាក់ ដែលជាកំណត់ត្រាថ្មីសម្រាប់ការប្រកួតរបស់ក្លិបក្នុងប្រទេសកម្ពុជា និងជាកំណត់ត្រាថ្មីនៅក្នុងពានរង្វាន់អាស៊ីមួយនេះ។

មែនទែនទៅ អ្នកគាំទ្រច្រើនណាស់ដែលស្វះស្វែងរកសំបុត្រទៅទស្សនា ប៉ុន្តែសំបុត្រមានចំនួនកំណត់ ដូច្នេះអ្នកគាំទ្រទៅមើលផ្ទាល់ត្រឹមតែជាង៥ម៉ឺននាក់ប៉ុណ្ណោះ។ ទោះបីជាយ៉ាងណា មហាជនទូទាំងប្រទេសបានចាប់អារម្មណ៍យ៉ាងខ្លាំងលើការប្រកួតវគ្គផ្តាច់ព្រ័ត្រនេះ៕

អត្ថបទ៖ វីរបុត្រ

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ផែថងថាន លើកយកជម្លោះព្រំដែនកម្ពុជា-ថៃនិងឧក្រិដ្ឋកម្មអនឡាញ ពិភាក្សាជាមួយ ម៉ាក្រុង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពលរដ្ឋថៃ រាប់ពាន់នាក់រត់ភៀសខ្លួន បន្ទាប់ពីយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកនៅព្រំដែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារ ដុតកម្ទេចចោលដូងក្រអូប១៥០០គីឡូក្រាម ដែលលួចនាំចេញពីថៃ ឆ្លងកាត់ប្រទេសឡាវចូលមកកម្ពុជាដោយខុសច្បាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា ទទួលរងឥទ្ធិពលពីព្យុះមួយទៀត គឺព្យុះទី២ ឈ្មោះ សេពផេត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជប៉ុន ប្រកាសពង្រឹងទំនាក់ទំនងកងទ័ពជាមួយកម្ពុជាឱ្យកាន់តែរឹងមាំ
-
នយោបាយ៦ ថ្ងៃ ago
ក្រោយបិទនាំចូលឥន្ធនៈនាយករដ្ឋមន្ត្រីថានៅអាចឆ្លើយតបថែមទៀតបើថៃចង់លេង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
PTT៖ ការផ្អាកនាំចូលប្រេងថៃរបស់កម្ពុជា មិនប៉ះពាល់ធ្ងន់ធ្ងរដល់ចំណូលក្រុមហ៊ុនទេ