ចរាចរណ៍
ក្រុមហ៊ុន វីរៈ រិទ្ធី ដែលបង្កគ្រោះថ្នាក់ស្លាប់មនុស្ស ១៦នាក់ បានចូលខ្លួនដោះស្រាយតាមផ្លូវច្បាប់ និងចូលបុណ្យអ្នកស្លាប់ម្នាក់១លានរៀល
ម្ចាស់ក្រុមហ៊ុនរថយន្ដក្រុងដឹកអ្នកដំណើរ វីរៈ រិទ្ធី ដែលបង្កគ្រោះថ្នាក់បុកបង្កាន់ដៃស្ពានអូរប្រាសាទ ក្នុងឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ ដែលបណ្ដាលឲ្យមានអ្នកស្លាប់រហូតដល់១៦នាក់ និងរបួស២៤នាក់ បាននិងកំពុងចូលខ្លួនដោះស្រាយតាមនិតិវិធីច្បាប់ជាមួយក្រុមគ្រួសារជនរងគ្រោះ និងបានចូលរួមបុណ្យអ្នកស្លាប់ក្នុងម្នាក់១លានរៀលផងដែរ។ ការចូលបុណ្យសពក្នុងម្នាក់១លានរៀលនេះ គឺគ្រាន់តែជាការចូលរួមជាមួយក្រុមគ្រួសារជនរងគ្រោះនៅថ្ងៃធ្វើបុណ្យសពតែប៉ុណ្ណោះ ចំណែកការដោះស្រាយសំណងយ៉ាងណានោះ ក្រុមហ៊ុនអះអាងថា នឹងព្យាយាមចូលខ្លួនដោះស្រាយតាមផ្លូវច្បាប់បន្ថែម។ នេះជាការបញ្ជាក់ពីនាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ប្រាប់ កម្ពុជាថ្មី នៅព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ។

នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ បញ្ជាក់ថា កាលពីថ្ងៃកើតហេតុ ទី២០វិច្ឆិកា តំណាងក្រុមហ៊ុនបានផ្ទេរលុយតាមគណនីធនាគាររបស់ក្រុមគ្រួសារជនរងគ្រោះនីមួយៗទាំង១៦នាក់រួចហើយ ដើម្បីចូលរួមធ្វើបុណ្យជូនជនរងគ្រោះ ចំណែកវិធានការដោះស្រាយសំណងយ៉ាងណានោះ គឺក្រុមហ៊ុននឹងព្យាយាមចេញមុខដើម្បីដោះស្រាយតាមផ្លូវច្បាប់ដោយមិនគេចវេះនោះឡើយ។

បើតាមមន្ត្រីជំនាញរូបនេះ គិតមកត្រឹមថ្ងៃទី២៤ ខែវិច្ចិកា ឆ្នាំ២០២៥នេះ ជនរងគ្រោះរងរបួសដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ គឺនៅលស់តែ១៣នាក់ប៉ុណ្ណោះ ខណៈ២នាក់របួសធ្ងន់កំពុងសង្គ្រោះនៅមន្ទីរពេទ្យភ្នំពេញ ចំណែកអ្នកផ្សេងរបួសស្រាលបានសុំចេញពីមន្ទីរពេទ្យត្រឡប់ទៅផ្ទះវិញអស់ហើយ ហើយតំណាងក្រុមហ៊ុនក៏កំពុងសង្កេត និងសម្របសម្រួលជាមួយអ្នករបួសស្រាលផងដែរ។

ទោះបីមានការសម្របសម្រួលដោះស្រាយសំណងជូនជនរងគ្រោះយ៉ាងណាក្ដី បើតាមលោកនាយការិយាល័យនគរបាលចរាចរណ៍ លោកក៏បានធ្វើរបាយការណ៍ជូនទៅព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំផងដែរ ដើម្បីចោទប្ដឹងទៅលើអ្នកបើកបរបង្កហេតុដែលបណ្ដាលឲ្យមានជនរងគ្រោះច្រើនបែបនេះ ហើយក៏ឲ្យម្ចាស់ក្រុមហ៊ុនត្រូវទទួលខុសត្រូវលើផ្លូវច្បាប់សំណងរដ្ឋប្បវេណីផងដែរ។

គួររំលឹកថា កាលពីវេលាទាបភ្លឺ ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥ រថយន្ដក្រុងដឹកអ្នកដំណើររបស់ក្រុមហ៊ុន វីរៈ រិទ្ធី បានបើកបុកបង្កាន់ដៃស្ពានអូរប្រាសាទ ក្នុងឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ ដែលបណ្ដាលឲ្យមានជនរងគ្រោះសរុប៤០នាក់ ក្នុងនោះស្លាប់១៦នាក់ និងរបួសធ្ងន់ស្រាល២៤នាក់។ តាមការបញ្ជាក់ពីមន្ត្រីជំនាញចរាចណ៍ ករណីនេះតាមការសន្និដ្ឋានអាចកើតឡើងដោយសារអ្នកបើកបររថយន្ដងងុយដេក៕
អត្ថបទ៖ សុខុម


-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៨ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


