ចរាចរណ៍
រថយន្តបែនដឹកដី បើកគេចរថយន្ត ១ គ្រឿង ជ្រុលបុកកុងតឺន័របត់ឆ្លងផ្លូវ របួសធ្ងន់-ស្រាល ៣ នាក់ នៅខណ្ឌដង្កោ
រថយន្តបែនដឹកដី បើកគេចរថយន្ត ១ គ្រឿង ជ្រុលបុករថយន្តកុងតឺន័របត់ឆ្លងផ្លូវ បណ្ដាលឲ្យរេចង្កូតធ្លាក់ប្រឡាយគាបជាប់តៃកុងក្នុងរថយន្ត រងរបួសធ្ងន់-ស្រាល ៣ នាក់ នៅខណ្ឌដង្កោ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ៩ ព្រឹក ថ្ងៃទី ២១ ខែធ្នូ ឆ្នាំ ២០២៥ ជិតស្តុបគងណយ ផ្លូវ ១០៤ សង្កាត់គងណយ ខណ្ឌដង្កោ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសម្នាក់ បើករថយន្តប្រភេទ សណ្ដោងរ៉ឺម៉កធុនធំ ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2C 2056 ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ ១០៤ ទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុ បានបត់ឆ្វេងឆ្លងផ្លូវចូលទៅផ្លូវលំ។ គាប់ជួនពេលនោះ ស្រាប់តែមានបុរស ៣ នាក់ រួមទាំងអ្នកបើកបរ បានបើករថយន្តប្រភេទបែនដឹកដី ក្បាលពណ៌ស ចង្កូតស្តាំ ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ ១០៤ ទិសដៅបញ្ច្រាសគ្នា ពីកើតទៅលិច ដែលបានគេចរថយន្ត ១ គ្រឿង មិនស្គាល់ម៉ាក ក៏ជ្រុលទៅបុកនឹងកន្ទុយរ៉ឺម៉ករថយន្តសណ្តោងបត់ឆ្លងផ្លូវ បណ្ដាលឲ្យរថយន្តបែនដឹកដី រេចង្កូតទៅខាងស្ដាំដៃធ្លាក់ប្រឡាយដាំក្បាលរថយន្តកប់ចូលភក់ គាប់ជាប់តៃកុងក្នុងកាប៊ីន រងរបួសធ្ងន់។ ចំណែកបុរស ២ នាក់ទៀតជាអ្នកដំណើរ រងរបួសស្រាល។ ករណីនេះ ដោយសារមិនអាចទាញយកតៃកុងចេញពីរថយន្តបាន សមត្ថកិច្ចមូលដ្ឋាន ក៏ទាក់ទងកងសង្គ្រោះ ៧១១ កងពលតូចលេខ ៧០ ជួយកាត់គាស់ទាញយកតៃកុងចេញបាន ដោយរងរបួសបាក់ដៃខាងស្ដាំ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យព្រះកុសុមៈ ហៅពេទ្យលោកសង្ឃ។ ដោយឡែករថយន្តសណ្ដោងរ៉ឺម៉កវិញ ខូចខាតផ្នែកខាងក្រោយតិចតួចតែប៉ុណ្ណោះ។

ក្រោយកើតហេតុ មិនអាចដោះស្រាយគ្នាបានភ្លាមៗ មធ្យោបាយទាំងអស់ ត្រូវសមត្ថកិច្ចជំនាញចរាចរណ៍ក្រុង វាស់វែងយកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក រង់ចាំដំណោះស្រាយ៕
អត្ថបទ ៖ សុខា

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


