ចរាចរណ៍
ពលរដ្ឋរស់នៅក្នុងក្រុងខេមរភូមិន្ទ ព្រួយបារម្ភសុវត្ថិភាពធ្វើដំណើរ ខណៈអ្នកបើកបរមិនគោរពច្បាប់
ប្រជាពលរដ្ឋរស់នៅក្នុងក្រុងខេមរភូមិន្ទ ខេត្តកោះកុង បាននាំគ្នាសម្ដែងក្ដីព្រួយបារម្ភពីសុវត្ថិភាពរាល់ពេលធ្វើដំណើរតាមដងផ្លូវ ខណៈភាគច្រើនមានអ្នកបើកបរហួសល្បឿនកំណត់ និងវ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់។

តាមដងផ្លូវថ្នល់ក្នុងក្រុងខេមរភូមិន្ទ សំបូរទៅដោយគំនូសវាស់វែងករណីគ្រោះថ្នាក់ចរាចរណ៍ស្ទើរតែគ្រប់ផ្លូវទាំងអស់។ រាល់ម៉ោង ៧ ព្រឹក មុខសាលាបឋមសិក្សាទីរួមខេត្ត មានអ្នកជិះម៉ូតូលឿនៗណាស់ មិនក្រែងដល់កូនសិស្សនោះទេ។
នេះជាការលើកឡើងរបស់ប្រជាពលរដ្ឋរស់នៅក្នុងក្រុងខេមរភូមិន្ទ តាមបណ្ដាញសង្គមហ្វេសប៊ុក កាលពីយប់ថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ ២០២៣ អំពីក្ដីកង្វល់របស់ពួកគាត់ជុំវិញឥរិយាបថរបស់អ្នកបើកបរសព្វថ្ងៃនេះ ដែលភាគច្រើនជាយុវជនអាយុ ១៥ ដល់ ២៩ ឆ្នាំ។

តំណាងពលរដ្ឋ បានបន្តថា ខ្លាចណាស់ឥឡូវហ្នឹង ជាពិសេសឡានបើកបរលើស្ពាននឹងហ្មង វ៉ាជែងដោយគ្មានការពិចារណា ស្ពានតូចតែមួយ ឆ្ងល់គាត់ប្រឹងវ៉ាប្រញាប់ទៅណា។
ចំណែកឯ លោក ពិន សេរីវឌ្ឍនៈ អនុប្រធានមន្ទីរពេទ្យបង្អែកខេត្តកោះកុង ថ្លែងដែរថា ជាក់ស្ដែងមួយរយៈនេះ មន្ទីរពេទ្យខេត្តបានទទួលអ្នកជំងឺធ្ងន់ៗដោយសារគ្រោះថ្នាក់ចរាចរណ៍ដែលបានកើតឡើងក្នុងទីរួមខេត្តរបស់យើងផងដែរ។ សំណូមពរចូលរួមគោរពច្បាប់ចរាចរណ៍ ជាពិសេសកុំបើកបរលើសល្បឿនកំណត់យប់។
ពលរដ្ឋខ្លះទៀត រអ៊ូរទាំថា យប់ៗនៅម្ដុំផ្ទះគាត់ រង្វង់មូលយាយរែកផ្លែឈើ តែងមានក្មេងស្ទាវមួយក្រុមជិះម៉ូតូ ហើយដាក់សំឡេងសារ៉ែនឡានសង្គ្រោះបន្ទាន់រាល់យប់តែម្ដង ក្រុមកម្លាំងសមត្ថកិច្ចគួរមានវិធានការខ្លះហើយ។

ទាក់ទិននឹងការបារម្ភរបស់ពលរដ្ឋយ៉ាងដូច្នេះ ត្រូវបានលោកឧត្ដមសេនីយ៍ទោ គង់ មនោ ស្នងការនគរបាលខេត្តកោះកុង លើកឡើងថា លោកនឹងពិនិត្យ និងសុំគោលការណ៍បន្ថែមពីថ្នាក់ដឹកនាំខេត្ត ដើម្បីអនុវត្តវិធានការរឹតបន្តឹងច្បាប់ចរាចរណ៍ឡើងវិញទៅតាមគោលដៅនីមួយៗ។
លោកស្នងការខេត្ត អះអាងថា សមត្ថកិច្ចរបស់លោកតែងចុះផ្សព្វផ្សាយអប់រំណែនាំដល់សាធារណជនជាច្រើនលើកច្រើនសាមកហើយពីការចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក ក្នុងន័យកាត់បន្ថយអត្រាគ្រោះថ្នាក់តាមដងផ្លូវ។ ប៉ុន្តែពួកគាត់គោរពច្បាប់តែពេលសមត្ថកិច្ចចុះអនុវត្តច្បាប់ប៉ុណ្ណោះ ក្រោយមកបន្តភាពខ្វះចន្លោះដដែល។

លោក ព្រំ វន្ថា ប្រធាននាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៃក្រសួងសាធារណការ និងដឹកជញ្ជូនបង្ហាញថា អត្រាគ្រោះថ្នាក់ចរាចរណ៍នៅខេត្តកោះកុង សព្វថ្ងៃបានកើនឡើងក្នុងស្ថានភាពគួរឲ្យបារម្ភខ្លាំង បើធៀបនឹងបណ្ដាខេត្តផ្សេងៗ ដោយភាគច្រើនអ្នកស្លាប់ និងរងរបួសជាយុវជនមានអាយុចន្លោះពី ១៥ ទៅ ២៩ ឆ្នាំ ជាក្រុមមនុស្សក្នុងវ័យពេញកម្លាំងសិក្សា និងប្រកបមុខរបរចិញ្ចឹមជីវិត។
មន្ត្រីជំនាញ បន្ថែមថា មូលហេតុដែលនាំឲ្យបង្កជាគ្រោះថ្នាក់ចរាចរណ៍តាមដងផ្លូវនៅពេលនេះ ក៏ដោយសារតែកត្តាបើកបរហួសល្បឿនកំណត់ សេពគ្រឿងស្រវឹង មិនពាក់មួកសុវត្ថិភាព បើកវ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់ និងមិនផ្ដល់សិទ្ធអាទិភាពឲ្យគ្នាទៅវិញទៅមកជាដើម៕
អត្ថបទ ៖ សិរីវឌ្ឍនៈ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


