Connect with us

ព័ត៌មានជាតិ

បទល្មើសអនឡាញ៖ រដ្ឋមន្ត្រីមហាផ្ទៃ ថា កុំដាក់បន្ទុកលើប្រទេសណាមួយ តែត្រូវបោះដៃសហការជាសកល

បានផុស

នៅ

ការរុញបញ្ហាដោយដាក់បន្ទុកតែទៅលើភាគី ឬប្រទេសណាមួយនោះ ត្រូវបានរដ្ឋមន្ត្រីក្រសួងមហាផ្ទៃកម្ពុជា ចាត់ទុកថា ជាកត្តានាំឱ្យការប្រយុទ្ធប្រឆាំងបទល្មើសបច្ចេកវិទ្យា និងអំពើលាងសម្អាតប្រាក់ គឺមិនមានប្រសិទ្ធភាព។ លោក​រដ្ឋមន្ត្រី បានសង្កត់ធ្ងន់ពីភាពចាំបាច់នៃការបង្កើនសមត្ថភាព និងបោះដៃសហការជាសកល ដើម្បីប្រយុទ្ធប្រឆាំងបទល្មើសនេះ ដោយកុំដាក់បន្ទុកលើប្រទេសណាមួយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងក្នុងពិធីបើកសិក្ខាសាលាស្តីពីការផ្លាស់ប្តូរបទពិសោធក្នុងការបង្ក្រាបបទល្មើសឆបោក និងសម្អាតប្រាក់ រៀបចំនៅទីស្ដីការក្រសួងមហាផ្ទៃ កាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥ លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសង្កត់ធ្ងន់ថា ការផ្លាស់ប្ដូរបទពិសោធជាទៀងទាត់និងការបង្កើនសមត្ថភាពមន្ត្រីជំនាញឱ្យទាន់និន្នាការនៃបទល្មើសជាប្រចាំ គឺជារឿងចាំបាច់បំផុត។

ចាត់ទុកជារឿងចាំបាច់ ក៏ព្រោះតែលោកឧបនាយករដ្ឋមន្ត្រីមើលឃើញពីការវិវត្តឥតឈប់ឈរនៃប្រព័ន្ធបច្ចេកវិទ្យាឌីជីថល ដែលបាននិងកំពុងផ្សារភ្ជាប់ក្នុងជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋកម្ពុជា ក៏ដូចគ្នានឹងមនុស្សជាតិទូទាំងពិភពលោក។ បើតាមលោកឧបនាយករដ្ឋមន្ត្រី ក្នុងបរិបទនេះជនខិលខូចមានលទ្ធភាពប្រព្រឹត្តអំពើឆបោក និងលួចបន្លំតាមគ្រប់វិធីសាស្ត្រ ដោយប្រើបច្ចេកវិទ្យាឌីជីថល ឬតាមបណ្ដាញអ៊ីនធឺណិតចេញពីទីតាំងគ្រប់កន្លែងលើពិភពលោក ដែលបញ្ហានេះទាមទារចាំបាច់នូវមន្ត្រីមានសមត្ថភាព និងក៏ទាមទារជាចាំបាច់ដែរ ការផ្លាស់ប្ដូរព័ត៌មាន និងបទពិសោធរវាងស្ថាប័នអនុវត្តច្បាប់នៃបណ្ដាប្រទេសពាក់ព័ន្ធ។

ពីវេទិកាសិក្ខាសាលានោះ លោករដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏បានគូសបញ្ជាក់ពីភាពរងគ្រោះរបស់កម្ពុជា ដូចទៅនឹងសកលលោកដែលទទួលរងគ្រោះពីបទល្មើសអនឡាញ និងការសម្អាតប្រាក់ ហើយបានក្លាយទៅជាការទទួលបន្ទុកចូលរួមដោះស្រាយករណីនេះដោយមិនត្រឹមសម្រាប់តែប្រជាពលរដ្ឋកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែក៏ដើម្បីបង្ការ ទប់ស្កាត់ និងជួយសង្រ្គោះមនុស្សជាតិនៅតាមប្រទេសផ្សេងទៀត ទាំងក្នុងតំបន់ និងពិភពលោកទាំងមូលផងដែរ។

លោកឧបនាយករដ្ឋមន្ត្រី ស សុខា មិនគាំទ្រឡើយរាល់ការចង្អុលមុខ ឬទម្លាក់កំហុសតែទៅលើភាគីណាមួយ នៅពេលនិយាយពីផលលំបាកបង្កឡើងដោយបទល្មើសទាំងពីរប្រភេទនេះ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម