Connect with us

សេដ្ឋកិច្ច

​តម្លៃ​មាស​បំបែក​កំណត់​ត្រា​ខ្ពស់​បំផុត ៥ ០០០ ​ដុល្លារ មួយ​តម្លឹង​

បានផុស

នៅ

តម្លៃហាងឆេងមាស​បានបំបែកកំណត់ត្រារបស់ខ្លួនខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រមិនធ្លាប់មាន ៥ ០០០ ដុល្លារ ក្នុងមួយតម្លឹង នៅព្រឹកថ្ងៃអង្គារនេះ ​ដោយសារអត្រាការ​ប្រាក់ធនា​គារកណ្ដាល​អាមេរិក ​និងស្ថានភាព​ភូមិសាស្ត្រន​យោបាយពិភព​លោក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក ឡុង សំណាង ​ប្រធានផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុក្រុមហ៊ុន ​PP Link securities មាន​ប្រសាសន៍ថា​ គិតត្រឹមម៉ោង ៨៖០០ ព្រឹកថ្ងៃទី ១៤ ខែតុលា ឆ្នាំ ២០២៥ ហាងឆេងមាស​មានតម្លៃ ៥០០០ ​ដុល្លារ ក្នុងមួយតម្លឹងដោយ​សារ​អាមេរិកត្រៀមកាត់បន្ថយអត្រាការប្រាក់ម្ដងទៀតនៅចុងឆ្នាំនេះ ប៉ុន្តែត្រូវ​បានរំខាន​ដោយ​អតិផ​រ​ណា ដោយសារតែនៅ​ខណៈនេះ អត្រាអតិផរណានៅសហរដ្ឋ​អាមេរិកបាន​កើនឡើងខ្ពស់ ដែល​ធ្វើ​ឱ្យ​ធនា​គារកណ្ដាលពិបាកក្នុងការសម្រេចចិត្តកាត់បន្ថយអត្រាការប្រាក់។

លោក ឡុង សំណាង បន្ថែមថា៖ «កត្តាសំខាន់បំផុតដែលរុញច្រានឱ្យតម្លៃហាងឆេងមាស​កើន ឡើងខ្លាំង ​គឺពាក់ព័ន្ធជាមួយ​នឹងទំនុកចិត្ត ​ទាំងវិនិយោគិន ​និងធនាគារ ​ដែលគេមើលឃើញថា ​ប្រាក់ដុល្លារ ទោះបីជារក្សាអត្រាការប្រាក់ក៏ដោយ ​ឬក៏ដំឡើងអត្រាការប្រាក់ក៏ដោយ​គ្រាន់តែទប់​ក្នុងការ ការពារ​អត្រា​អតិផរណា​កើនឡើងតែប៉ុណ្ណោះ»។​

​ស្ថានភាពគោលនយោបាយដឹកនាំប្រទេសរបស់អាមេរិក ​កំពុងជួបប្រទះ​ក្នុងការ Lockdown រដ្ឋាភិ​បាលធ្វើឱ្យ​ស្ថាន​ភាពនៅអាមេរិក​កំពុងតែច្របូកច្របល់​ហើយ​ប្រាក់ដុល្លារថយចុះ ខណៈស្ថានភាព​សង្គ្រាម​នៅតែបន្ត។

លោកបណ្ឌិត ជ័យ តិច អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច យល់ឃើញថា៖ «មាស និងថាមពលដើរបញ្ច្រាស់គ្នា ជាធម្មតា នៅពេលដែលមាសឡើងថ្លៃ គឺប្រេងចុះថោក នៅពេលដែលប្រាក់ដុល្លារចុះថោកមាសក៏ឡើងថ្លៃដែរ នេះគឺវាពាក់ព័ន្ធបញ្ហាភូមិសាស្ត្រនយោបាយ នៅពេលដែលភូមិសាស្ត្រនយោបាយ ឬក៏សង្គ្រាមផ្សេងៗ កើតឡើងគឺវាធ្វើឱ្យតម្រូវ ការមានការថយចុះ មានន័យថា ការផលិតថយចុះ ដូច្នេះតម្រូវការនៃថាមពលមានការថយចុះ ដូច្នេះតម្លៃប្រេងសាំងមានការចុះថ្លៃ»។

លោកបណ្ឌិត ជ័យ តិច បន្ថែមថា នៅពេលដែលសេដ្ឋកិច្ចមិនច្បាស់លាស់ គឺធ្វើឱ្យអ្នកវិនិយោគស្ទាក់ស្ទើក្នុងការដាក់ទុន សេដ្ឋកិច្ចមានភាពមិនច្បាស់លាស់ ដូច្នេះ អ្វីដែលជាទំនុកចិត្តគឺការជឿជាក់ទៅលើមាស នៅពេលដែលសេដ្ឋកិច្ចមិនច្បាស់លាស់មាសគឺជាទំនុកចិត្តដ៏ខ្ពស់ ដែលតម្រូវឱ្យមានការទិញចូល ធ្វើឱ្យតម្លៃកើនឡើង៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម