Connect with us

ព័ត៌មានជាតិ

កសិដ្ឋាននៅបាត់ដំបងមួយ បង្កើនការចិញ្ចឹមគោ ចៀម និងពពែ ដើម្បីបំពេញតម្រូវការទីផ្សារ

បានផុស

នៅ

ក្រៅពីការចិញ្ចឹមគោ និងដាំដំណាំចម្រុះ កសិដ្ឋាននៅខេត្តបាត់ដំបងមួយ​ បានទិញចៀម និងពពែ និង​បានដាក់ផែនការបង្កើនការចិញ្ចឹមបន្ថែមដើម្បីផ្គត់ផ្គង់តម្រូវការទីផ្សារក្នុងស្រុកដែលកំពុងកើនឡើងខ្លាំង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ប៊ុនលុច ពេត្រុស អ្នកគ្រប់គ្រងទូទៅ នៃកសិដ្ឋានមនោរម្យ ស្ថិតនៅស្រុកសំឡូត ខេត្តបាត់ដំបង ប្រាប់ កម្ពុជាថ្មី ថា កសិដ្ឋានរបស់លោក ក្រៅពីការចិញ្ចឹមគោ សម្រាប់ផ្គត់ផ្គង់សាច់ទៅកាន់ទីផ្សារ បច្ចុប្បន្ននេះកសិដ្ឋានក៏បានដាក់ចិញ្ចឹមចៀម និងពពែ បន្ថែមទៀតដើម្បីធ្វើយ៉ាងណាអាចឆ្លើយទៅនឹងតម្រូវការទីផ្សារ។

លោក ពេត្រុស បន្តថា មូលហេតុដែលកសិដ្ឋានចិញ្ចឹមចៀម និងពពែបន្ថែម ដោយសារតែបច្ចុប្បន្ននេះ តម្រូវការនៃប្រភេទសាច់ទាំងនេះ កំពុងមានតម្រូវការខ្លាំងនៅក្នុងប្រទេសកម្ពុជា។ ជាក់ស្ដែង រយៈពេលចុងក្រោយនេះ ប្រជាជនខ្មែរពហិការទំនិញថៃ និងឱ្យតម្លៃផលិតក្នុងស្រុកកាន់តែច្រើនឡើងៗ ការចិញ្ចឹមសត្វក្នុងស្រុកក៏កាន់តែមានទីផ្សារល្អផងដែរ។

សម្រាប់ពេលបច្ចុប្បន្ន កសិដ្ឋានមនោរម្យ របស់លោក ពេត្រុស កំពុងបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការផ្គត់ផ្គង់សាច់ និងដំណាំហូបផ្លែជាច្រើនមុខដូចជា៖ ខ្នុរ ល្ហុង ចេក ស្វាយ និងពោត ពិសេសគឺប្រភេទសត្វចិញ្ចឹមដែលមានដូចជា៖​ គោ ជ្រូក មាន់ទា ចៀម និងពពែ ចំនួនរាប់ពាន់ក្បាលដែលស្ថិតនៅក្នុងកសិដ្ឋានតែមួយ។

លោក​ពេត្រុស បានឱ្យដឹងទៀតដែរថា ទាក់ទងនឹងការចិញ្ចឹមសត្វក្នុងកសិដ្ឋានផ្ទាល់ មានលក្ខណៈងាយស្រួលម្យ៉ាងដែរ ដោយសារតែកសិដ្ឋានអាចផលិតចំណីបានដោយខ្លួនឯង។ កសិដ្ឋានមានពោត ដំឡូងមី ដែលដាំនៅក្នុងកសិដ្ឋានស្រាប់សម្រាប់ទុកធ្វើចំណីសត្វ។ ជាងនេះ ការចិញ្ចឹមសត្វក្នុងកសិដ្ឋានក៏បានទុកគ្រាន់ធ្វើម្ហូបសម្រាប់កម្មការដែលបម្រើការនៅក្នុងកសិដ្ឋានផ្ទាល់។

គួរឱ្យដឹងថា កសិដ្ឋានមនោរម្យ ជាកសិដ្ឋានចិញ្ចឹមសត្វ និងដំណាចម្រុះមួយ ដែលស្ថិតនៅស្រុកសំឡូត ខេត្តបាត់ដំបង។ កសិដ្ឋានមួយនេះ បានបើកដំណើរឡើងមកតាំងពីឆ្នាំ ២០១០មកម្ល៉េះ។ បច្ចុប្បន្ន កសិដ្ឋានមានផ្ទៃដីសរុបប្រមាណ ៣៥០ហិកតា និងបង្កើតការងារឱ្យកម្មករបានធ្វើការផ្ទាល់ក្នុងកសិដ្ឋានប្រមាណជាង ៧០នាក់ ផងដែរ៕

អត្ថបទ ៖ សួស​ សិត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម