Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិក​គំរាមក្រុម​ហាម៉ាស​ឲ្យរំសាយ​​អាវុធ សម្រាប់​ដំណាក់កាល​បន្ទាប់​នៃ​បទ​ឈប់​បាញ់

បានផុស

នៅ

សហរដ្ឋអាមេរិក បានបង្កើនសម្ពាធលើក្រុមហាម៉ាស​ឲ្យ​ចាប់ផ្តើម​ការរំសាយអាវុធនៅក្នុងដំណាក់កាលបន្ទាប់​នៃបទឈប់បាញ់តំបន់ហ្គាហ្សា ខណៈដែលប្រធានាធិបតី ដូណាល់ ត្រាំ កំពុង​ស្វែងរកការធានានូវអ្វីដែលលោកហៅថា«សន្តិភាពចុងក្រោយ» ដើម្បីបញ្ចប់សង្រ្គាម​រវាង​អ៊ីស្រាអែលនិង​ប៉ាឡេស្ទីន។

លោក JD Vance (រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងអំឡុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសអ៊ីស្រាអែល​កាល​ពី​ថ្ងៃ​អង្គារ​ទី​២១​ខែតុលា អនុប្រធានាធិបតីអាមេរិក លោក JD Vance បាននិយាយថា ផែនការបទឈប់បាញ់គឺ«ដំណើរការល្អជាងការរំពឹងទុក» ប៉ុន្តែបានព្រមាន​​ហាម៉ាស​​ថា វានឹងត្រូវបាន«លុបចោល» បើ​ក្រុម​សកម្ម​​ប្រយុទ្ធ​ប៉ាឡេស្ទីន​មួយ​នេះ​មិន​ព្រម​​សហការ។​ លោក​បាន​លើក​ឡើង​អំពី​ការ​គំរាម​កំហែង​របស់​លោក​ត្រាំ​ ដែល​ថា បើ​ហាម៉ាស​មិន​អនុវត្ត​បទ​ឈប់បាញ់ នោះ​ទី​បញ្ចប់​របស់​ខ្លួននឹងត្រូវ​​វិនាស​ខ្ទេច​គ្មាន​សល់។

ការ​លើក​ឡើង​នេះ​ បាន​កើត​ឡើង​ចំ​ពេល​ដែល​មាន​ការ​ចោទ​ប្រកាន់​គ្នា​អំពី​​ការ​​​​រំលោភ​បទ​ឈប់​បាញ់ ​ដែល​បាន​ចូល​ជា​ធរមាន​កាលពី​ដើម​ខែ​តុលា​នេះ ពាក់ព័ន្ធ​នឹង​​ការ​​បញ្ជូន​​​សាកសពចំណាប់ខ្មាំង ការ​ដឹក​ជំនួយ និងការបើកព្រំដែនឡើងវិញ។ ក្រសួងសុខាភិបាល​ហ្គាហ្សា បាននិយាយថា អ៊ីស្រាអែលបានសម្លាប់ជនជាតិប៉ាឡេស្ទីនយ៉ាងហោចណាស់ ៨៧នាក់ ចាប់តាំង​ពី​បទ​ឈប់​បាញ់ ខណៈដែល​ទាហានអ៊ីស្រាអែលពីរនាក់ ត្រូវបានសម្លាប់កាលពីចុងសប្តាហ៍។

គណៈប្រតិភូ​ក្រុម​ហាម៉ាស​នៅក្នុងប្រទេសតួកគី បាន​លើក​ឡើង​ថា ក្រុមខ្លួន​នៅតែប្តេជ្ញាចិត្តចំពោះកិច្ចព្រមព្រៀង ទោះបីជា​មាន​«ការរំលោភ​បទ​ឈប់​បាញ់​ម្តងហើយម្តងទៀតរបស់​អ៊ីស្រាអែលក៏ដោយ»។ ប្រទេសតួកគី រួមជាមួយនឹងអេហ្ស៊ីប និងកាតា បានជួយសម្រប​សម្រួល​ឯកសារបទឈប់បាញ់របស់លោកត្រាំ កាលពីដើមខែនេះនៅ​ទីក្រុង Sharm el-Sheikh។

តំបន់​ហ្គាហ្សា​ (រូបថត៖ Reuters)

ផែនការ​២០​ចំណុច​របស់លោក​ត្រាំ អំពាវនាវ​​ឲ្យក្រុម​ហាម៉ាស​​រំសាយអាវុធទាំងស្រុង ដើម្បី​ឲ្យ​អ៊ីស្រាអែល​ដកខ្លួនចេញពីតំបន់ហ្គាហ្សា និង​ការបង្កើត​អាជ្ញាធរបច្ចេកទេស​ប៉ាឡេស្ទីន ក្រោម​ការត្រួតពិនិត្យជាអន្តរជាតិ។ កងកម្លាំងរក្សាសន្តិភាពពហុជាតិ នឹងជំនួសតួនាទីសន្តិសុខរបស់ក្រុមហាម៉ាស។

លោក Vance ដែលនឹងជួប​នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល បេនចាមីន ណេតាន់យ៉ាហ៊ូ នៅថ្ងៃពុធ​នេះ បាន​បញ្ជាក់​ថា លោកមានសុទិដ្ឋិនិយម ប៉ុន្តែបានព្រមានថា «ការសម្រេចបានពេញលេញនៃផែនការនេះនឹងចំណាយពេលយូរណាស់»។

ក្រុមសិទ្ធិមនុស្សបានរិះគន់ការគំរាមកំហែង​ទាំង​បង្ខំ​របស់សហរដ្ឋអាមេរិកថាជា ការរំលោភលើច្បាប់អន្តរជាតិ ប៉ុន្តែទីក្រុងវ៉ាស៊ីនតោនទទូចថា ការរំសាយអាវុធមានសារៈសំខាន់ចំពោះសន្តិភាពយូរអង្វែង។

សូម​ជម្រាប​ជាថ្មីម្ដង​ទៀត​ថា ក្រសួងសុខាភិបាល​ហ្គាហ្សា បាន​បង្ហាញ​តួលេ​ខ​​​ថា ជនជាតិប៉ាឡេស្ទីនចំនួន ៦៨ ២២៩​នាក់ ត្រូវបានសម្លាប់ចាប់តាំងពីសង្គ្រាម​ផ្ទុះ​ឡើង​បន្ទាប់ពី​ការវាយប្រហារកាលពីថ្ងៃទី​៧​ខែតុលា​ឆ្នាំ​២០២៣របស់​ក្រុម​ហាម៉ាស ដែលបានធ្វើ​ឲ្យ​ជនជាតិអ៊ីស្រាអែលចំនួន ១ ២០០​នាក់បានស្លាប់ និង ២៥១​នាក់ត្រូវបានចាប់ធ្វើជាចំណាប់ខ្មាំង៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម