ព័ត៌មានជាតិ
ទោះរកបានចំណូលតិចតួចក្តី ប៉ុន្តែសហគមន៍ជនជាតិដើមភាគតិចតស៊ូត្បាញកន្សែង ក្រមា លក់ ដើម្បីរក្សាអត្តសញ្ញាណ
គ្រួសារជនជាតិដើមភាគតិចនៅខេត្តមណ្ឌលគិរី ដែលមានជំនាញតម្បាញ ព្យាយាមត្បាញកន្សែង ក្រមា និងសម្លៀក បំពាក់លក់ ដើម្បីចូលរួមថែរក្សាវប្បធម៌ប្រពៃណីជនជាតិដើមភាគតិចផង ក៏ដូចជារកថវិកាជួយដោះស្រាយជីវភាពប្រចាំថ្ងៃ បើទោះបីជាមុខរបរមួយនេះទទួលបានប្រាក់ចំណូលតិចតួចក្តី។

សមាជិកគ្រួសារតម្បាញមួយរូបមានអ្នកស្រី គ្រើង ចាន់ទី អាយុ២៤ឆ្នាំ រស់នៅភូមិឡាំមេះ ឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី បានថ្លែងប្រាប់កម្ពុជាថ្មី សព្វថ្ងៃខ្លួនមានមុខរបរធ្វើស្រែចម្ការជាមួយស្វាមីនិងកូនមួយនាក់ ហើយទំនេរពីការងារគ្រួសារផ្ទាល់ខ្លួន រូបគាត់តែងជួយតម្បាញម្ដាយបង្កើត។ អ្នកស្រីនិយាយថា៖«ការចេះជំនាញតម្បាញនេះគឺបន្តតពីម្ដាយបង្កើត ចាប់តាំងពីឆ្នាំ២០១៥មកម្លេះ មានរយៈពេល១០កន្លងមកហើយ។ សព្វថ្ងៃខ្ញុំចេះត្បាញជាច្រើនមុខដូចជា កន្សែង សំពត់ អាវ ប៉ឹង និងការបូបស្ពាយ ជាដើម»។
បើតាមស្រ្តីតម្បាញជនជាតិដើមភាគតិចរូបនេះ មួយថ្ងៃអាចត្បាញបានតែកន្សែងមួយប៉ុណ្ណោះ ហើយពេលបានគ្រប់ចំនួនម្ដងៗយកទៅបោះឱ្យឈ្មួញកណ្តាលយកទៅលក់បន្តនៅឯរមណីដ្ឋានទឹកជ្រោះប៊ូស្រា។ សម្រាប់កន្សែងបង់កខ្នាតតូចលក់ទៅឱ្យឈ្មួញមួយតម្លៃ ៥ ០០០ រៀល និងកន្សែងខ្នាតធំជាងនេះបន្តិចគឺបានតម្លៃ ៧ ០០០រៀល។ អ្នកស្រីបានរៀបរាប់ពីជំនាញនេះថា ការអង្គុយតម្បាញសម្លៀកបំពាក់និងកន្សែងទាំងអស់នេះមិនមែនជាការងាយស្រួលទេ ពោលគឺមានការលំបាកខ្លាំងណាស់ ត្រូវអង្គុយត្បាញពីព្រឹករហូតដល់ល្ងាចទើបបានកន្សែងមួយលក់តម្លៃ ៥ ០០០រៀល។

ទោះការងារនេះមានការលំបាក និងទទួលបានប្រាក់កម្រៃតិចតួច ប៉ុន្តែអ្នកស្រី ប្រឹងប្រែងតស៊ូដើម្បីរកចំណូលខ្លះសម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារ និងថែរក្សាប្រពៃណីជនជាតិដើមភាគតិច។ អ្នកស្រីថា៖« ជាងនេះទៅទៀត កន្សែងនិងសំពត់អាវផ្សេងៗគឺជាអត្តសញ្ញាណតជំនាន់ពីដូនតាតាំងពីយូរលង់មកហើយ និងដើម្បីចង់ថែរក្សាវប្បធម៌ប្រពៃណីកុំឱ្យបាត់បង់ទៅថ្ងៃអនាគត ទើបខ្ញុំនិងបងប្អូននៅក្នុងសហគមន៍បន្តតម្បាញរហូតមកពេលបច្ចុប្បន្ននេះ»។ ជនជាតិដើមរូបនេះបានបញ្ជាក់ថា ដោយឡែកសម្រាប់កន្សែងដែលតម្បាញមួយចំនួនទទួលបានការឧបត្ថម្ភគាំទ្រពី មន្ទីរកិច្ចការនារីខេត្តមណ្ឌលគិរី ដូចជាការផ្គត់ផ្គង់អំបោះជាដើម។

ជាមួយគ្នានេះ អ្នកស្រី ម៉ៅ ជាអាជីវករលក់វត្ថុអនុស្សាវរីយ៍នៅក្នុងរមណីយដ្ឋានទឹកជ្រោះប៊ូស្រា ថ្លែងប្រាប់កម្ពុជាថ្មីថា កន្សែងបង់កក៏ដូចជាសម្លៀកបំពាក់ផ្សេងៗដែលលក់ជូនភ្ញៀវទេសចរជាប្រចាំ គឺគាត់ទទួលទិញពីបងប្អូនជនជាតិដើមភាគតិចព្នងដែលតម្បាញនៅក្នុងសហគមន៍ផ្ទាល់តែម្ដង មិនបានទទួលយកពីខាងក្រៅនោះទេ។

ជាមួយនឹងការលក់ក្នុងតម្លៃសមរម្យ អ្នកស្រី ម៉ៅ អំពាវនាវទៅដល់ប្រជាពលរដ្ឋក៏ដូចជាភ្ញៀវទេសចរដែលមកកម្សាន្តនៅរមណីយដ្ឋានទឹកជ្រោះប៊ូស្រា ជួយគាំទ្រផលិតផលដូចជាកន្សែង សំពត់អាវ កាបូបស្ពាយនិងវត្ថុអនុស្សាវរីយ៍ផ្សេងៗដែលសុទ្ធសឹងតែជារបស់ជនជាតិដើមភាគតិច។ អ្នកស្រីថា៖«ការគាំទ្រទាំងអស់នេះគឺជាការគាំទ្រផ្ដល់ការងារឱ្យបងប្អូនជនជាតិដើមភាគតិចនៅក្នុងសហគមន៍ឱ្យមានការងារធ្វើជាប្រចាំ ហើយពួកគេអាចរកចំណូលបានសម្រាប់ទ្រទ្រង់ជីវភាពគ្រួសាប្រចាំថែមទៀតផង៕
អត្ថបទ៖ រៀម សុខហេង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម៤ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន


