Connect with us

ព័ត៌មានជាតិ

រដ្ឋមន្រ្តីសុខាភិបាល​ ណែនាំគ្រូពេទ្យត្រូវតម្កល់អ្នកជំងឺជាធំ ភ្ជាប់ជាមួយមនុស្សធម៌ និងក្តីករុណា

បានផុស

នៅ

រដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោក ឈាង រ៉ា បានណែនាំដល់ថ្នាក់ដឹកនាំមន្ទីរពេទ្យនិងគ្រូពេទ្យទាំងអស់ត្រូវបង្កើនការយកចិត្តទុកដាក់ព្យាបាលថែទាំអ្នកជំងឺប្រកបដោយគុណភាព ប្រសិទ្ធិភាព ស័ក្តិសិទ្ធិភាព និងសមធម៌ ដោយចាត់ទុកអ្នកជំងឺជាសាច់ញ្ញាតិរបស់ខ្លួននិងតម្កល់អ្នកជំងឺជាធំ ភ្ជាប់ជាមួយមនុស្សធម៌ និងក្តីករុណា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការណែនាំនេះបានធ្វើឡើងកាលពីថ្ងៃទី ២៣ ខែតុលា ក្នុងឱកាសលោកបានអញ្ជើញជាអធិបតីក្នុងពិធីបើកទិវាវេជ្ជសាស្រ្ត សល្យសាស្រ្ត និងថែទាំវេជ្ជសាស្ត្រលើកទី១ ឆ្នាំ២០២៥ ក្រោមមូលបទ៖ «សាមគ្គីភាពក្នុងវិស័យសុខាភិបាល ការលើកកម្ពស់គុណភាពព្យាបាល ព្រមទាំងការថែទាំតាមរយៈនវានុវត្តន៍ និងកិច្ចសហការ» នៅមន្ទីរពេទ្យជាតិ តេជោសន្ដិភាព។

នាឱកាសនោះ លោកបានជំរុញឱ្យថ្នាក់ដឹកនាំ និងមន្ត្រីរាជការ បុគ្គលិកនៃសុខាភិបាលទាំងអស់ត្រូវបង្កើនការងារទំនាក់ទំនងគ្នាឱ្យបានជិតស្និត ជាពិសេសអ្នកជំងឺរបស់យើងតែម្តង ត្រូវបង្កើនការផ្សារភ្ជាប់ជាមួយសហភារតៈ ដោយថ្នាក់ដឹកនាំ ត្រូវចុះទៅដល់ផ្នែកជួបជាប់ផ្ទាល់ជាមួយមន្រ្តីសុខាភិបាល ដឹងសុខទុក្ខជាមន្រ្តីរបស់ខ្លួន និងសុខទុក្ខអ្នកជំងឺនិងត្រូវដាក់ចេញនូវការធ្វើរោគវិនិច្ឆ័យបានទាន់ពេលវេលា និងត្រឹមត្រូវ។ បន្ថែមពីនេះ ត្រូវផ្ដល់ព័ត៌មានស្តីពីការវិវត្តជំងឺដល់គ្រួសារអ្នកជំងឺ ចៀសវាងការព្យាបាលណាមួយ ដែលគ្រួសារអ្នកជំងឺមិនបានដឹង និងចូលរួមវគ្គបណ្ដុះបណ្ដាលនានា ដើម្បីបង្កើនចំណេះដឹងថ្មីៗនិងនវានុវត្ដន៍និងចែករំលែកចំណេះដឹងនិងបទពិសោធន៍ដល់សហភារតៈ ដើម្បីការព្យាបាលកាន់តែប្រសើរឡើង។

ជាមួយគ្នានេះដែរ ត្រូវផ្សារភ្ជាប់ជាមួយគោលនយោបាយរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ហើយត្រូវមានចក្ខុវិស័យនៃទំនើបកម្ម សមភាព និងមនុស្សធម៌។ គុណភាព និងសុវត្ថិភាពការព្យាបាល ត្រូវតែមានពិធីសារ និងនីតិវិធីស្តង់ដានៃការព្យាបាលឱ្យបានច្បាស់លាស់ ហើយត្រូវឱ្យចងចាំ បិតនៅលើជញ្ជាំង ដើម្បីងាយស្រួលអនុវត្តឱ្យបានត្រឹមត្រូវ និងត្រូវចេះផ្តួចផ្តើមនូវគំនិតថ្មីៗ។ លោករដ្ឋមន្រ្តី បញ្ជាក់ថា ព្រោះថាប្រសិទ្ធភាពផ្សារភ្ជាប់ជាមួយការអនុវត្ត ត្រូវទៅដល់តាមគ្រប់មធ្យោយបាយ ហើយត្រូវតម្កល់អ្នកជំងឺជាធំ ភ្ជាប់ជាមួយមនុស្សធម៌ និងក្តីករុណាហើយសមភាព ឬសមធម៌ ត្រូវតែមានភាពស្មើគ្នាគ្រប់អ្នកជំងឺ ហើយត្រូវមើលឱ្យបានវែងឆ្ងាយ។

លោកសាស្ត្រាចារ្យ ក៏បានណែនាំដល់ថ្នាក់ដឹកនាំត្រូវធានារៀបចំឱ្យមានការបណ្តុះបណ្តាលជានិរន្ត អនុវត្ត មានការលើកទឹកចិត្ត ប្រកបដោយនវានុវត្តន៍ឱ្យបានល្អ ទាំងនវានុវត្តន៍ផ្នែកបច្ចកវិទ្យា នវានុវត្តន៍ឌីជីថល និងនវានុវត្តន៍អង្គភាព ហើយត្រូវផ្សារភ្ជាប់ក្រមសីលធម៌ ស្របតាមក្បួនខ្នាត៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម