ព័ត៌មានជាតិ
សម្ដេច ហ៊ុន សែន ផ្ញើសារអបអរសាទរទីម័រដែលបានក្លាយជាសមាជិកទី១១ផ្លូវការរបស់អាស៊ាន
ប្រទេសទីម័រ ត្រូវបានប្រកាសទទួលស្គាល់ផ្លូវការជាសមាជិកទី១១ របស់អាស៊ាន នៅថ្ងៃទី២៦ ខែតុលានេះ ក្នុងពិធីបើកកិច្ចប្រជុំកំពូលអាស៊ាន នៅទីក្រុងកូឡាឡាំពួ ដែលម៉ាឡេស៊ីធ្វើជាម្ចាស់ផ្ទះសម្រាប់តួនាទីប្រធានប្តូរវេន។ ជាអ្នកតែងជួយជ្រោមជ្រែង និងគាំទ្រទីម័រឱ្យចូលក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍មួយនេះ សម្ដេចតេជោ ហ៊ុន សែន បានផ្ញើសារអបអរសាទរទីម័ររដែលបានក្លាយជាសមាជិកផ្លូវការរបស់អាស៊ាន។

សារលិខិតរបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ផ្ញើទៅកាន់ទាំងប្រធានាធិបតីរបស់ទីម័រ លោក ចូហ្សេ ម៉ានូអ៊ែល រ៉ាមូស អរតា និងនាយករដ្ឋមន្ត្រី លោក ខៃ រ៉ាឡា សាណាណា គុសម៉ៅ បានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្តៅបំផុត និងអបអរសាទរចំពោះទីម័រឡេស្តេ ដែលបានចូលជាផ្លូវការជាសមាជិកពេញសិទ្ធិនៃសមាគមអាស៊ាន បន្ទាប់ពីបានរង់ចាំយ៉ាងយូរ។ សម្ដេច ថា នេះជានិមិត្តរូបនៃមោទនភាពសម្រាប់ប្រជាជនទីម័រឡេស្តេទាំងមូល និងជានិមិត្តរូបនៃឯកភាព មជ្ឈភាព និងវប្បធម៌អាស៊ាន។

សាររបស់សម្ដេចតេជោ គូសរំលេចថា ជាមិត្តដ៏យូរឆ្នាំ និងដៃគូមិនងាករេក្នុងដំណើរចាប់តាំងពីការទទួលយកទីម័រឡេស្ដេជាគោលការណ៍ជាសមាជិកទី១១ នៃអាស៊ាន ក្នុងសន្និសីទកំពូលអាស៊ានលើកទី៤០ និង៤១ នៅភ្នំពេញ គឺកម្ពុជាគាំទ្រយ៉ាងពេញទំហឹងចំពោះការចូលរួមជាសមាជិកពេញសិទ្ធិរបស់ទីម័រឡេស្តេ ដែលនឹងពង្រឹងកិច្ចខិតខំប្រឹងប្រែងរួមក្នុងការបង្កើនឯកភាព បរិយាបន្ន និងការអភិវឌ្ឍប្រកបដោយចីរភាពទូទាំងតំបន់ ជាពិសេសក្នុងបរិការណ៍សកលលោកបច្ចុប្បន្នដែលពោរពេញដោយបញ្ហាប្រឈមកាន់តែស្មុគស្មាញ។

បើតាមសម្ដេចតេជោ នៅពេលដែលតំបន់កំពុងប្រឈមនឹងបញ្ហាជាច្រើន ទាំងក្នុងប្រទេស តំបន់ និង អន្តរជាតិ ការចូលរួមសកម្ម និងប្រកបដោយគោលការណ៍របស់ទីម័រឡេស្តេ នឹងរួមចំណែកដ៏មានអត្ថន័យក្នុងការសម្រេចបាននូវចក្ខុវិស័យរួមនៃតំបន់មួយប្រកបដោយសន្តិភាព ភាពធន់ និងវិបុលភាព។
សម្ដេចតេជោ ក៏បានគូសទៅកាន់មេដឹកនាំទីម័រអំពីការទន្ទឹងរង់ចាំធ្វើការសហការយ៉ាងជិតស្និទ្ធជាមួយភាគីទីម័រ ដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគី និងលើកកម្ពស់សហគមន៍អាស៊ានឱ្យកាន់តែរីកចម្រើននៅឆ្នាំខាងមុខ។ សម្ដេចតេជោ ជឿជាក់ថា ចំណងមិត្តភាពរវាងប្រទេសកម្ពុជា និងទីម័រ នឹងកាន់តែរឹងមាំ ក្រោមសមាជិកភាពរួមគ្នានៅក្នុងអាស៊ាន៕
-
ព័ត៌មានជាតិ៣ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ១ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ២ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
សន្តិសុខសង្គម១ សប្តាហ៍ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


