Connect with us

ព័ត៌មានអន្ដរជាតិ

ភរិយានាយករដ្ឋមន្រ្តីថៃ រងការរិះគន់ថាបានគំរាមអ្នកសារព័ត៌មាន

បានផុស

នៅ

លោកស្រី Thananon Niramit ភរិយារបស់លោកនាយករដ្ឋមន្ត្រីថៃ  អានុទីន​ ឆានវីរៈគុល(Anutin Charnvirakul) កំពុងរងការរិះគន់យ៉ាងខ្លាំង បន្ទាប់ពីលោកស្រីបានស្ដីឲ្យអ្នកយកព័ត៌មានថា ពួកគេមានចិត្តអាក្រក់លើស្វាមីរបស់លោកស្រី ដោយការសួរសំណួរសួរចាក់ឬសចាក់គល់។ នេះបើយោងតាមការចេញផ្សាយរបស់កាសែត Bangkok Post នៅថ្ងៃទី៣០ខែតុលា។

នាយករដ្ឋមន្ត្រីថៃ Anutin Charnvirakul និងភរិយាលោកស្រី Thananon Niramit (រូបភាព៖ Bangkok Post)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រឿងនេះបានកើតឡើងនៅពេលដែលលោក Anutin បានត្រឡប់មកពីប្រទេសម៉ាឡេស៊ីវិញ ហើយត្រូវបានសួរសំណួររសើបចំនួនពីរ អំពីការកត់សម្គាល់របស់លោកពាក់ព័ន្ធថៃឈ្លានពានកម្ពុជា និងអំពីការអះអាងថា សមាជិកសភារដ្ឋាភិបាលម្នាក់ទទួលសំណូកពីក្រុមឆបោកតាមអ៊ីនធឺណិត។

បន្ទាប់ពីលោក Anutin បានបញ្ចប់ការសម្ភាស លោកស្រី Thananon បានញញឹម ហើយនិយាយទៅកាន់អ្នកយកព័ត៌មានថា «ហេតុអ្វីបានជាអ្នកមានចិត្តអាក្រក់ចំពោះនាយករដ្ឋមន្ត្រីយ៉ាងនេះ? លើកក្រោយខ្ញុំនឹងចងចាំ។ ការសួរនេះច្រើនពេកហើយ»។

លោកស្រី Pukkamon Nunarnan សមាជិកសភាប្រឆាំងមកពីគណបក្សប្រជាជន(People’s Party) បានចោទប្រកាន់លោកស្រី Thananon ពីបទគំរាមកំហែងដល់ប្រព័ន្ធផ្សព្វផ្សាយ។ ទោះបីជាសំឡេងរបស់លោកស្រី Thananon ហាក់ដូចជារួសរាយរាក់ទាក់ក៏ដោយ ក៏ពាក្យសម្ដីរបស់លោកស្រីអាចត្រូវបានគេមើលឃើញថាជាការព្រមានដល់អ្នកសារព័ត៌មាន ខណៈដែលអ្នកសារព័ត៌មានមានកាតព្វកិច្ចសួរសំណួរថ្នាក់ដឹកនាំដើម្បីផលប្រយោជន៍សាធារណៈ។

លើសពីនេះលោកស្រី Pukkamon បាននិយាយថា អ្នកយកព័ត៌មានមានកាតព្វកិច្ចសួរសំណួរពិបាកៗ ហើយប្រសិនបើនាយករដ្ឋមន្ត្រីមានបញ្ហាជាមួយរឿងនោះ លោកគួរតែដោះស្រាយវាដោយខ្លួនឯង ជំនួសឱ្យការអនុញ្ញាតឱ្យភរិយារបស់លោកនិយាយជំនួសបែបនេះទេ៕

(រូបភាព៖ Pattaya Mail)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម