Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីរ៉ែ និងថាមពល៖ កម្ពុជា ជាប្រទេសបំពុលឧស្ម័នលើផែនដីតិចបំផុត និងជាប្រទេសទី២ នៅអាស៊ាន​ ដែលបញ្ចូលថាមពលស្អាត ៦២% ក្នុងបណ្តាញជាតិ

បានផុស

នៅ

រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល លោក កែវ រតនៈ អះអាងថា កម្ពុជា ជាប្រទេសដែលបំពុលឧស្ម័នលើផែនដីតិចបំផុត ពីព្រោះកម្ពុជា មិនមានប្រភេទឧស្សាហកម្មធន់ធ្ងន់នោះទេ ខណៈកម្ពុជា ជាប្រទេសទី២ នៅក្នុងតំបន់អាស៊ាន ដែលបានបញ្ចូលថាមពលស្អាតរហូត៦២ភាគរយ នៅក្នុងបណ្តាញជាតិ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកថ្លែងបែបនេះ ក្នុងឱកាសផ្តល់បទសម្ភាសដល់ក្រុមអ្នកសារព័ត៌មាន បន្ទាប់ពីលោកបានបញ្ចប់ថ្លែងសន្ទករថាគន្លឹះបើកកិច្ចប្រជុំទី៣៖ ពីដំណើរបម្លាស់ប្តូរការប្រើប្រាស់ថាមពលរបស់ប្រទេសកម្ពុជាឆ្ពោះទៅកាន់អនាគតដែលគ្មានកាបូន នៅរសៀលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥នេះ ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលបៃតង និងចីរភាពសកលឆ្នាំ២០២៥ ក្រោមប្រធានបទ «ការកសាងអនាគត និងការស្ថាបនាពិភពលោកប្រកបដោយចីរភាព» នៅរាជធានីភ្នំពេញ។

រដ្ឋមន្ត្រី កែវ រតនៈ បានថ្លែងយ៉ាងដូច្នេះថា៖ «កម្ពុជា ជាប្រទេសដែលមានការបំពុលឧស្ម័នលើផែនដីតិចបំផុត ដោយសារតែយើងអត់មានឧស្សាហកម្មធន់ធ្ងន់ណាមួយដែលបំផ្លាញដល់បរិស្ថាន អាកាសនោះទេ។ ហេតុដូចនេះ បងប្អូនប្រជាពលរដ្ឋអាចសង្កេតឃើញថាជារៀងរាល់ឆ្នាំនៅពេលប្រទេសនៅលើពិភពលោក ខ្ញុំមិននិយាយចំប្រទេសណានោះទេ តែមានផ្សែងពុលក្នុងក្រុងផ្អាកសាលារៀនជាដើមតែកម្ពុជា មិនដែលជួបប្រទះបញ្ហានេះទេ»។

លោករដ្ឋមន្ត្រី កែវ រតនៈ បានឱ្យដឹងថា នៅកម្ពុជា មានខ្យល់លើបរិយាកាសល្អ មិនជាប់ស្តង់ដារកម្រិតប្រកាសអាសន្ននោះទេ។ បន្ថែមពីនេះរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បានកសាងមូលដ្ឋានថាមពលបៃតងជាគ្រឹះ ហើយនឹងកំពុងពង្រីកដោយសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី នីតិកាលទី៧ ដោយបានដាក់គោលដៅទៅរកការផលិតថាមពលមួយ ដែលមានភាពបៃតងកាន់តែច្រើនឡើង។

បើតាមលោករដ្ឋមន្ត្រី កែវ រតនៈ បច្ចុប្បន្ននេះ នៅកម្ពុជា បើនិយាយពីអានុភាពតម្លើងថាមពលនៅក្នុងបណ្តាញជាតិ ថាមពលរបស់កម្ពុជា គឺមាន៦២ភាគរយ ជាថាមពលស្អាត។ មានន័យថា ថាមពលអគ្គិសនី ថាមពលជីវម៉ាស់ និងថាមពលពន្លឺព្រះអាទិត្យ ដែលកំពុងចូលរួមបង្កើតឱ្យមានអត្រាខ្ពស់ គឺរហូតដល់៦២ភាគរយ នៃបណ្តាញជាតិ។

«៦២ភាគរយនេះ គឺមានតែប្រទេសឡាវតែមួយគត់ នៅក្នុងតំបន់អាស៊ាន ដែលលើសយើង ប៉ុន្តែ បើគិតជាមួយប្រទេសជិតខាងយើង គឺប្រទេសដទៃទៀតបានបញ្ច្រាសទិសយើង។ គេ៦០ ទៅ៧០ភាគរយ នៃថាមពលអគ្គិសនី កើតចេញពីផូស៉ីស ធ្យូងថ្ម និងប្រើថាមពលដើរដោយឧស្ម័នច្រើនជាដើម ដូចនេះ នៅកម្ពុជា អាចចាត់ទុកថាជាប្រទេសជាប់លំដាប់ទី២ ទៅហើយ»។ នេះជាការគូសបញ្ជក់បន្ថែមរបស់លោករដ្ឋមន្ត្រី កែវ រតនៈ។

ជាមួយគ្នានេះដែរ លោករដ្ឋមន្ត្រី កែវ រតនៈ បានបន្ថែមថា ចំពោះការប្រើប្រាស់ថាមពលស្អាត ៦២ភាគរយ នៅក្នុងបណ្តាញជាតិរបស់កម្ពុជា បើប្រៀបធៀបក្នុងផែនការរបស់អាស៊ាន គឺកម្ពុជា បានលើសពីផែនការរបស់អាស៊ាន ៣០ភាគរយរួចទៅហើយ។ ខណៈកិច្ចប្រជុំរដ្ឋមន្ត្រីថាមពល អាស៊ាន នៅទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៉ី ថ្មីៗនេះ គឺរដ្ឋមន្ត្រីបណ្តាសមាជិកអាស៊ានទាំងអស់ បានដាក់គោលការណ៍ថា «ត្រូវនាំអាស៊ាន ឱ្យបានទៅដល់ប្រហាក់ប្រហែល ៤០ភាគរយ នៃថាមពលស្អាត នៅក្នុងឆ្នាំ២០៣០ និងឆ្នាំ២០៣៥»។

ត្រង់ចំណុចនេះ ត្រូវបានរដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានគូសបញ្ជាក់ថា ផែនការនេះត្រូវបានកម្ពុជា បានដើរឆ្លងកាត់រួចទៅហើយ ព្រោះការបញ្ចូលថាមពលស្អាតក្នុងបណ្តាញជាតិរបស់កម្ពុជា មានដល់៦២ភាគរយឯណោះ។ ចំពោះការប្រើប្រាស់ថាមពលស្អាតនេះ មហិច្ចតារបស់រាជរដ្ឋាភិបាល នឹងពង្រីករហូតទៅដល់ ៧០ភាគរយ នៅត្រឹមឆ្នាំ២០២៣០ ដើម្បីចូលរួមចំណែកក្នុងពិភពលោកមួយដែលមានចីរភាព ជាពិសេសដើម្បីអនាគតរបស់ខ្លួនកម្ពុជាខ្លួនឯងតែម្តង។

លោករដ្ឋមន្ត្រី កែវ រតនៈ បានថ្លែងថា រាជរដ្ឋាភិបាល មានបំណងយកថាមពលបៃតងនេះ ដើម្បីទាក់ទាញការវិនិយោគថ្មីៗបន្ថែមទៀត។ ព្រោះឧស្សាហកម្មថ្មីៗ អ្នកវិនិតយោគិន ចង់បានជាខ្លាំងលើថាមពលបៃតង ភ្ញៀវទេសចរចង់បានថាមពលបៃតង ប្រជាជនចង់បានថាមពលបៃតង ដែលជាឱកាសឈានទៅបង្កើតការងារថ្មីៗជូនដល់យុវជនផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម