Connect with us

ព័ត៌មានជាតិ

គណៈបញ្ជាការឯកភាពខណ្ឌ ៧ មករា ចុះរៀបចំសណ្ដាប់ធ្នាប់ ណែនាំម្ចាស់អាជីវកម្មរំលោភផ្លូវសាធារណៈ ក្បែរបុរីកីឡា

បានផុស

នៅ

កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ ៧ មករា បាន​ចុះ​រៀបចំ​សណ្ដាប់ធ្នាប់ និង​ធ្វើ​កិច្ចសន្យា​ណែនាំ​ប្រជាពលរដ្ឋ និង​ម្ចាស់​អាជីវកម្ម​មួយ​ចំនួន​ដែល​រំលោភ​ចិញ្ចើម​ផ្លូវ​សាធារណៈ បង្ក​ឲ្យ​បាត់បង់​សណ្ដាប់ធ្នាប់ និង​កក​ស្ទះ​ចរាចរណ៍​ដល់​អ្នក​ធ្វើដំណើរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពី​រសៀល​ថ្ងៃ​ទី ៣០ ខែ​តុលា ឆ្នាំ ២០២៥ ថ្មីៗ នេះ ដោយ​មាន​ការ​ណែនាំ​ពី​លោក ថេង សុថុល អភិបាល​ខណ្ឌ ៧ មករា បាន​ចាត់​ឲ្យ​លោក គ្រួច សុធន់ នាយករង​រដ្ឋបាល និង​លោក​វរសេនីយ៍ទោ ទឹម វុទ្ធី អធិការ​រង​ទទួល​ផ្នែក​សណ្ដាប់ធ្នាប់ នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ ៧ មករា ដឹកនាំ​កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ ចុះ​ណែនាំ និង​ធ្វើ​កិច្ចសន្យា ដល់​ម្ចាស់​អាជីវកម្ម​មួយ​ចំនួន ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​លេខ ១៥៦ ក្បែរ​បុរី​កីឡា សង្កាត់​វាលវង់ ខណ្ឌ ៧ មករា រាជធានី​ភ្នំពេញ ដែល​យក​ផ្លូវ​សាធារណៈ​ប្រកប​អាជីវកម្ម ដើម្បី​ប្រយោជន៍​ផ្ទាល់ខ្លួន បង្ក​ផល​ប៉ះពាល់​ដល់​សាធារណជន អ្នក​ធ្វើ​ដំណើរ។

លោក គ្រួច សុធន់ នាយករង​រដ្ឋបាល នៃ​រដ្ឋបាល​ខណ្ឌ ៧ មករា បញ្ជាក់​ថា អាជ្ញាធរ​ខណ្ឌ តែងតែ​ចុះ​រៀបចំ​ជា​ប្រចាំ​តាម​បណ្ដា​ផ្លូវ​ផ្សេងៗ ក្នុង​មូលដ្ឋាន​ខណ្ឌ បាន​ណែនាំ​ដល់​ម្ចាស់​អាជីវកម្ម​សូម​ចូលរួម​ជាមួយ​អាជ្ញាធរ​ខណ្ឌ ដើម្បី​រក្សា​បរិស្ថាន អនាម័យ សណ្ដាប់ធ្នាប់​សាធារណៈ ឲ្យ​បាន​ល្អ​ប្រសើរ។

ក្នុងនោះ លោក គ្រួច សុធន់ បាន​ណែនាំ និង​ធ្វើ​កិច្ចសន្យា ដល់​អ្នកគ្រប់គ្រង​សាលារៀន​ឯកជន និង​ទីតាំង​ជួសជុល​រថយន្ត ចូលរួម​រក្សា​សណ្ដាប់ធ្នាប់ កុំ​យក​ផ្លូវ​ធ្វើជា​ចំណត​បង្ក​ការ​កកស្ទះ ត្រូវ​រក្សា​សម្រាប់​អ្នក​ធ្វើដំណើរ។

លោក​ក៏បាន​បញ្ជាក់​ដែរ​ថា បើ​ក្នុង​ករណី​មិន​ចូលរួម ឬ​មិន​សហការ អាជ្ញាធរ នឹង​ចាត់​វិធានការ​រដ្ឋបាល​តែម្តង៕

អត្ថបទ ៖ រដ្ឋា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម