Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូងផ្ដើមទស្សនកិច្ចនៅកម្ពុជា ជាបេសកកម្មផ្ដោតលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ           

បានផុស

នៅ

រដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូងលោក Cho Hyun   បានចាប់ផ្ដើមដំណើរទស្សនកិច្ចនៅកម្ពុជា នៅព្រឹកថ្ងៃចន្ទ នេះ បន្ទាប់ពីមកដល់កម្ពុជានៅយប់ថ្ងៃទី៩ ខែវិច្ឆិកា។ លោក Cho Hyun   ចាប់ផ្ដើមជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ សម្ដេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី១០ ខែវិច្ឆិកា នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មិនទាន់មានសេចក្ដីលម្អិតណាមួយអំពីគោលបំណងនៃជំនួបពិភាក្សាការងារពីខាងរាជរដ្ឋាភិបាលកម្ពុជាឡើយ ប៉ុន្តែបើតាមសេចក្ដីរាយការណ៍របស់សារព័ត៌មានកូរ៉េ ដំណើររបស់រដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូងមកកម្ពុជា ក្នុងបំណងដើម្បី​ពិភាក្សា​លើ​កិច្ចសហការ​រវាង​ប្រទេស​កូរ៉េ និង​កម្ពុជា​ក្នុង​ការ​ចាប់​ផ្ដើម​សកម្មភាព​រួម​គ្នា​ឱ្យ​បាន​ឆាប់​ប្រឆាំង​នឹង​ឧក្រិដ្ឋកម្ម​ឆបោក​តាម​អនឡាញ​នៅ​កម្ពុជា។

តាមការចុះផ្សាយរបស់សារព័ត៌មានកូរ៉េ ដោយស្រង់សម្ដីអ្នកនាំពាក្យក្រសួងការបរទេសកូរ៉េ  Lee Jae-wo គឺ   ​កម្ពុជា និង​កូរ៉េ​ ក៏​កំពុង​រៀបចំ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​មួយ​លើ​ការងារ​ប្រឆាំង​បទ​ល្មើស​អនឡាញ​នេះ​ផង​ដែរ​។

គួរកត់សម្គាល់ថា ដំណើរទស្សនកិច្ចនេះ កើតមានឡើងក្រោយពីករណី​នៃ​ការ​ធ្វើទារុណកម្ម​ដោយ​ជនជាតិ​ចិន​រហូត​ដល់​ស្លាប់​និស្សិត​កូរ៉េ​ម្នាក់​នៅ​ក្រុង​បូកគោ ខេត្ត​កំពត កាល​ពី​ខែ​សីហា និង​បាន​ផ្ទុះ​ព័ត៌មាន​នៅ​ខែ​តុលា បាន​ធ្វើ​ឱ្យ​ប្រទេស​កូរ៉េ​ខាង​ត្បូង​ប្រតិកម្ម​ជា​បន្ត​បន្ទាប់​រហូត​ដល់​តំបន់​ខ្លះ​នៃ​កម្ពុជា​ជា​តំបន់​ហាម​ប្រាម​កម្រិត​ខ្ពស់​​ថែម​ទៀត​ផង។

នៅមុនដំណើរទស្សនកិច្ចរបស់លោក Cho Hyun មកកាន់កម្ពុជានាពេលនេះ, អនុរដ្ឋមន្ត្រីទី២ នៃក្រសួងការបរទេសកូរ៉េ លោកស្រី គីម ជីណា ក៏ធ្លាប់បានបំពេញទស្សនកិច្ចនៅកម្ពុជា ដោយ ជជែកលើបញ្ហាបទល្មើសឆបោកតាមអនអនឡាញជាមួយនាយករដ្ឋមន្ត្រីកម្ពុជា, មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេស,   រដ្ឋមន្ត្រីមហាផ្ទៃ និងអាជ្ញាធរជំនាញ និងបានចុះទៅខេត្តតាកែវជាដើម។

នៅថ្ងៃចុងក្រោយនៃដំណើរទស្សនកិច្ចរបស់លោកស្រី គីម ជីណា នៅកម្ពុជា កាលពីថ្ងៃទី១៦ ខែតុលា សមត្ថកិច្ចកម្ពុជា ក៏បានចាប់បញ្ជូនជនជាតិកូរ៉េខាងត្បូងដែលពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាចំនួន៦៤នាក់ ដាក់តាមជើងហោះហើរពិសេសបញ្ចូនទៅប្រទេសកំណើតវិញផងដែរ។

កាលពីចុងខែតុលា កន្លងទៅនេះ នាយករដ្ឋមន្ត្រីកម្ពុជា និងប្រធានាធិបតីកូរ៉េ ក៏បានជួបគ្នានៅក្រៅកិច្ចប្រជុំកំពូលអាស៊ាននៅម៉ាឡេស៊ី ជជែកពីបញ្ហាឆបោកតាមអនឡាញ និងអំពីក្រុមការងារចំពោះកិច្ចប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធអនឡាញដែលដំណើរការនៅខែវិច្ឆិកានេះ។ ក្នុងជំនួបនោះ ប្រធានាធិបតីកូរ៉េខាងត្បូងអះអាងថា បញ្ហាឧក្រិដ្ឋកម្មសាយប័រ ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាមិនអាចរាំងស្ទះដល់ទំនាក់ទំនងកម្ពុជា នឹងកូរ៉េបានឡើយ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម