Connect with us

ព័ត៌មានជាតិ

រដ្ឋ​មាន​គម្រោង​ខ្ចី​លុយ​បរទេស​ជាង​៣ពាន់លានដុល្លារ​ក្នុង​ឆ្នាំ២០២៦ ​

បានផុស

នៅ

​រដ្ឋាភិបាល​កម្ពុជា​មាន​គម្រោង​ខ្ចី​លុយ​បរទេស​ក្នុង​ទំហំ​ប្រមាណ​ ២ប៊ីលាន​ពីរ​រយ​ហាសិប​លាន​អេសដេអ៊ែ ឬ​ប្រមាណ ១២ ៨០៨ ១៧៦ លាន​រៀល ស្មើ​នឹង​ជាង​៣ពាន់២០០​លាន​ដុល្លារ។ នេះ​បើ​តាម​សេចក្ដី​ព្រាង​ច្បាប់​ហិរញ្ញវត្ថុ​សម្រាប់​ការ​គ្រប់គ្រង​ឆ្នាំ២០២៦។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ក្នុង​សេចក្ដីព្រាង​ច្បាប់​នេះ​លុយ​ដែល​ខ្ចី​ក្នុង​ឆ្នាំ​២០២៦​ នឹង​ត្រូវ​ប្រើប្រាស់​សម្រាប់​ហិរញ្ញប្បទាន​គម្រោង​វិនិយោគ​សាធារណៈ និង​គាំទ្រ​មូលនិធិ​ទ្រទ្រង់​ថវិកា ជា​គុណប្រយោជន៍​នៃ​ថវិកា​ទូ​ទៅ​របស់​រដ្ឋ​ ឬ​លើ​ការ​ធានា​របស់​រដ្ឋ។

ក្នុង​សេចក្ដីព្រាង​នោះ​បាន​បញ្ជាក់​បន្ថែម​ថា៖​«ការ​ខ្ចី​ប្រាក់​ពី​គេ​ដែល​ត្រូវ​ចុះ​កិច្ចសន្យា​ក្នុង​កម្រិត​ខាង​លើ​ ត្រូវ​មាន​លក្ខណៈ​ជា​ការ​ខ្ចី​សម្បទាន​ដែល​ត្រូវ​សង​វិញ​ជាមួយ​ការ​ប្រាក់​អនុគ្រោះ​»

​គម្រោង​ខ្ចី​លុយ​ពី​បរទេស​ជាង​៣ពាន់លានដុល្លារ​នេះ​គឺ​ស្រប​គ្នា​នឹង​​តម្រូវការ​ហិរញ្ញប្បទាន​សម្រាប់​ការ​គ្រប់គ្រង​ជាតិ​ក្នុង​ឆ្នាំ​២០២៥ មាន​ឱនភាព​ដែល​បាន​ន័យ​ថា​ចំណាយ​ច្រើន​ជាង​ចំណូល​ដល់​ជាង​ ៨ទ្រីលានរៀល ( ៨ ១៦៦ ៥៤៤ លាន​រៀល) ឬ​ស្មើ​នឹង​ប្រមាណ ២ពាន់លានដុល្លារអាមេរិក។

​​តាមរយៈសេចក្ដីព្រាងច្បាប់ដែលកំពុង​ស្ថិត​ក្នុង​ដៃ​គណៈកម្មាធិការ​ជំនាញ​រដ្ឋសភា​នេះ ក្នុង​ឆ្នាំ​២០២៦ រដ្ឋាភិបាល​មាន​គម្រោង​ចំណាយ​ប្រមាណ ១០ពាន់លានដុល្លារអាមេរិក​កើន​ឡើង ៧,៨%​បើ​ធៀប​នឹង​ឆ្នាំ​២០២៥ ខណៈ​ចំណូល​រដ្ឋ​ក្នុង​ឆ្នាំ២០២៦​​ ត្រូវ​បាន​រំពឹង​ថា​រក​បាន​ប្រមាណ​៧ពាន់​៦រយលានដុល្លារ។

អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍន៍​សង្គម​លោក​បណ្ឌិត មាស នី មាន​ប្រសាសន៍​ថា​បញ្ហា​ជា​ច្រើន​កើត​ឡើង​ជា​បន្តបន្ទាប់​តាំង​ពី​កូវីដ១៩​ បញ្ហា​ទេសចរណ៍​ និង​សង្គ្រាម​មក​ ច្បាស់​ណាស់​ថា​ចំណូល​កម្ពុជា​ត្រូវ​ថយ​ចុះ។ លោក​ថា​ការ​បង្កើត​ថវិកា​ជាតិ និង​គម្រោង​ខ្ចី​លុយ​នេះ​គឺ​ជា​អាទិភាព​មួយ​ដែល​រដ្ឋាភិបាល​ត្រូវ​តែ​ធ្វើ​ស្រប​ពេល​ដែល​មាន​ការ​គំរាម​កំហែង​សន្តិសុខ​ពី​ប្រទេស​ជិត​ខាង​ ទោះ​ជា​យ៉ាង​ណា​លោក​ថា​រដ្ឋាភិបាល​គួរ​តែ​គិតគូរ​ពីបញ្ហា​បំណុល​នេះ​ផង​ដែរ។

លោក​ថា៖ «សំខាន់​ថា​តើ​យើង​អាច​មាន​លទ្ធភាព​រក​លុយ​សម្រាប់​សង​គេ​វិញ​បាន​ដែរ​ឬ​អត់? ជា​ពិសេស​គឺ​ការ​ខ្ចី៣ពាន់លាន​នេះ​។ ការ​ខ្ចី​នេះ​បើ​មើល​ទៅ​វា​មិន​ទាន់​ដល់​ពិតាន​នៃ​ការ​ខ្ចី​បំណុល​សាធារណៈ​ទេ​ ក៏​ប៉ុន្តែ​នៅ​ពេល​ដែល​យើង​មិន​ទាន់​មាន​លទ្ធភាព​សង​វា​គឺ​ជា​បញ្ហា​មួយ​។ មាន​ប្រទេស​ខ្លះ​គឺ​មិនមែន​ធ្លាក់​ចូល​បំណុល​សាធារណៈ​ដោយ​សារ​ការ​ឆ្លង​ផុត​បន្ទាត់​ក្រហម​នៃ​កម្រិត​កម្ចី​ទេ តែ​ដោយ​សារ​សេដ្ឋកិច្ច​ខ្លួន​ឯង​ហ្នឹង​ដាប​អញ្ចឹង​គឺ​មិន​អាច​រក​លុយ​សង​បំណុល​ហ្នឹង​បាន​ទេ​»។

បើ​តាម​លោក​បណ្ឌិត​ មាស នី​​ តាម​លទ្ធភាព​របស់​កម្ពុជា​បច្ចុប្បន្ន ​លោក​មើល​ឃើញ​ថា​អាច​រក​ចំណូល​ដើម្បី​ផ្គត់​ផ្គង់​ដល់​ការ​ចំណាយ​របស់​ខ្លួន​ប្រចាំ​ឆ្នាំ​បាន​ តែ​បញ្ហា​នោះ​ថា​ដោយ​សារ​បញ្ហា​ពុករលួយ​បាន​ធ្វើ​ឱ្យ​លុយ​ជា​ច្រើន​បាន​ហូរ​ចេញ​ពី​ហោប៉ៅ​រដ្ឋ​ចូល​ទៅ​បុគ្គល​មួយ​ចំនួន​ដែល​ធ្វើ​ឱ្យ​រដ្ឋ​បន្ត​ការ​ខ្វះខាត​បែបនេះ។ លោក​ជំរុញ​ដល់​រដ្ឋាភិបាល​មាន​វិធាន​ការ​ឱ្យ​បាន​ម៉ឺង​ម៉ាត់​និង​មាន​ចំណាត់​ការ​ឱ្យ​បាន​ខ្លាំង​ក្លា​លើ​បញ្ហា​នេះ។

យោង​តាម​ព្រឹត្តិបត្រ​ស្ថិតិ​បំណុល​សាធារណៈ​កម្ពុជា​ចេញ​ផ្សាយ​កាលពី​ខែ​សីហា ឆ្នាំ២០២៥ កម្ពុជា​ជាប់​បំណុល​ប្រមាណ ១ម៉ឺន២ពាន់លានដុល្លារអាមេរិក ក្នុង​នោះ​៩៩%​ជា​បំណុល​សាធារណៈ​ក្រៅ​ប្រទេស​។ ប្រទេស​ចិន​ជា​ម្ចាស់​បំណុល​ធំ​មួយ​របស់​កម្ពុជា​ដែល​​កម្ពុជា​ជំពាក់​បំណុល​ប្រមាណ​ ៤ពាន់លានដុល្លារអាមេរិកស្មើ​នឹង​៣៣​ភាគរយ​នៃ​បំណុល​សរុប៕


អត្ថបទ​ដោយ ហ៊ុន សិរីវឌ្ឍន៍ ​​​​​​​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម