ព័ត៌មានជាតិ
ឆ្នាំ ២០២៥ កម្ពុជារំពឹងនៅសល់ស្រូវប្រមាណ ៦ ទៅ ៧ លានតោន សម្រាប់ការនាំចេញ
មន្រ្តីក្រសួងកសិកម្មបានឲ្យដឹងថា ឆ្នាំ ២០២៥ នេះ ប្រទេសកម្ពុជារំពឹងនៅសល់ស្រូវប្រមាណ ៦ ទៅ ៧ លានតោនសម្រាប់ការនាំចេញ បន្ទាប់ពីបានដកទុកសម្រាប់ការបរិភោគក្នុងស្រុក។
លោក ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានថ្លែងថា ក្នុងរយៈពេលប្រហែល ២០ ទៅ ៣០ ឆ្នាំចុងក្រោយ វិស័យកសិកម្មប្រទេសកម្ពុជាបានបង្ហាញនូវការវិវត្តន៍ជាវិជ្ជមាន ដោយបានឆ្លងផុតពីស្ថានភាពនៃការខ្វះខាតស្បៀងអាហាររហូតដល់មានស្បៀងគ្រប់គ្រាន់ ហើយថែមទាំងអាចធ្វើការនាំចេញថែមទៀតផង។ សុវត្ថិភាពស្បៀងជាទូទៅផ្តោតលើផលិតផលសំខាន់ៗដូចជា ស្រូវអង្ករ ត្រីសាច់ (ជ្រូក មាន់ គោ) និង បន្លែ។

ពាក់ព័ន្ធស្ថានភាពការបង្កបង្កើនផលដំណាំកសិកម្ម ឆ្នាំនេះកម្ពុជារំពឹងនៅសល់ស្រូវប្រហែល ៦ ទៅ ៧ លានតោនសម្រាប់ការនាំចេញ។ យ៉ាងណាមិញ មួយផ្នែកធំនៅតែជាស្រូវមិនទាន់បានកែច្នៃនៅឡើយទេ។ លោក ប្រាក់ ដាវីដ បញ្ជាក់។
លោក ប្រាក់ ដាវីដ បន្តថា អង្ករខ្មែរទើបតែឈ្នះពានរង្វាន់ជាលើកទី ៧ កាលពីពេលថ្មីៗនេះ ដែលបង្ហាញពីសក្ដានុពលក្នុងការជំរុញផលិតផលដែលមានគុណភាព។
មន្រ្តីក្រសួងកសិកម្មរូបនេះបានលើកឡើងពីការខិតខំប្រឹងប្រែងរបស់ក្រសួង ជំរុញឲ្យកសិករផលិតដាំដុះស្របតាមស្តង់ដា ដែលទីផ្សារអន្តរជាតិអាចទទួលយកបានដូចជាស្តង់ដា EU ជាដើម។
«ស្តង់ដា EU មានលក្ខណៈតឹងរ៉ឹង ហើយគ្រាន់តែលើសជាតិថ្នាំមួយចំនួនក៏មិនអាចចូលទីផ្សារបានដែរ»។ លោក ប្រាក់ ដាវីដ បញ្ជាក់បន្ថែម។

សម្រាប់កសិផលមួយចំនួនកំពុងជួបបញ្ហាទីផ្សារ។ អ្វីដែលគួរជំរុញបន្ថែមគឺការខិតខំប្រឹងប្រែងជំរុញការកែច្នៃ (Processing) ដែលជាចំណុចសំខាន់។ លោក ប្រាក់ ដាវីដ បញ្ជាក់ថា កម្ពុជាមិនអាចធ្វើការប្រកួតប្រជែងនៅក្នុង Mass Market (ទីផ្សារធំ) បានទេ។ ផ្ទុយទៅវិញ កម្ពុជាមានភាពប្រកួតប្រជែងខ្ពស់នៅក្នុង Niche Market (ទីផ្សារពិសេស) ដែលទីផ្សារនេះតម្រូវឱ្យផ្គត់ផ្គង់នូវផលិតផលដែលមានគុណភាពខ្ពស់។
គោលដៅរបស់ក្រសួងកសិកម្មគឺជំរុញឲ្យកសិករផលិតមានស្តង់ដាខ្ពស់ ដើម្បីអាចចូលទៅក្នុងទីផ្សារពិសេសទាំងនោះបាន។ លោក ប្រាក់ ដាវីដ បន្ថែម។
នៅក្នុងវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា មន្រ្តីក្រសួងពាណិជ្ជកម្មបានលើកឡើងពីការរៀបចំគោលនយោបាយជាតិ សម្រាប់កសិផលសក្តានុពលមួយចំនួនរបស់កម្ពុជាដូចជា គោលនយោបាយជាតិស្រូវ អង្ករ, យុទ្ធសាស្ត្រស្តីពីការពង្រីកទីផ្សារអង្ករកម្ពុជាឆ្នាំ ២០២៦-២០៣០, គោលនយោបាយស្តីពីស្វាយចន្ទី, ដំឡូងមី, ម្រេច, រួមទាំងកំពុងព្រាងគោលនយោបាយសម្រាប់ស្វាយផងដែរ។

លោក វ៉ា រុតសាន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មបានគូសបញ្ជាក់ថា ការរៀបចំគោលនយោបាយជាតិប្រៀបដូចជាការមានផែនទីផ្លូវលម្អិត។
«តាមរយៈគោលនយោបាយជាតិយើងនឹងដឹងថា ផលិតផលណាឆ្អែត ផលិតផលណាផលិតលើសតម្រូវការទីផ្សារ។ យើងមិនអាចរុញឲ្យកសិករប្រឹងផលិត រហូតដល់ដើរបុកជញ្ជាំងនោះទេ»។ លោក វ៉ា រុតសាន បញ្ជាក់បន្ថែម។
បើតាមមន្រ្តីក្រសួងពាណិជ្ជកម្មរូបនេះ ចក្ខុវិស័យទៅមុខ ក្រសួងពាណិជ្ជកម្មគ្រោងរៀបចំបង្កើតឲ្យមានផ្សារបោះដុំ ដើម្បីជួយឱ្យអ្នករកស៊ីដឹងពីផ្លូវក្នុងការពង្រីកទំនិញរបស់ខ្លួន។
យោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម ក្នុងរយៈពេល១០ខែ ឆ្នាំ២០២៥ នេះ កម្ពុជាបាននាំចេញកសិផលជាង ១១ លានតោនទៅកាន់ទីផ្សារអន្តរជាតិ ដោយទទួលបានចំណូលជាង ៤ ពាន់លានដុល្លារ កើនឡើង ចំនួន ២៨,៥៧% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤។ ក្នុងនោះស្រូវចំនួន ៥ ៤៤៦ ៦១១,១៤ តោន និងអង្ករចំនួន ៦៩៨ ៩៣៩តោន៕
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


