Connect with us

ព័ត៌មានជាតិ

មន្ត្រីជាន់ខ្ពស់អាជ្ញាធរអេដស៍អំពាវនាវឱ្យសាធារណជនរួមគ្នាបញ្ចប់ជំងឺអេដស៍ដើម្បីអនាគតកូនចៅជំនាន់ក្រោយ

បានផុស

នៅ

លោកបណ្ឌិត  ឈឹម ឃិន ដារ៉េត អគ្គលេខាធិការនៃអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍អំពាវនាវឱ្យសាធារណជនរួមគ្នាបញ្ចប់ជំងឺអេដស៍ដើម្បីអនាគតដល់កូនចៅយើងជំនាន់ក្រោយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងទិវាអេដស៍ពិភពលោករៀបចំឡើងដោយអង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍កម្ពុជា(AHF) កាលពីរសៀលថ្ងៃទី៣០វិច្ឆិកានៅសួនច្បារវត្តបទុមវតី រាជធានីភ្នំពេញ លោកបណ្ឌិត បានមានប្រសាសន៍ថា« ឥឡូវនេះជំងឺអេដ៍នៅមិនទាន់បញ្ចប់នៅឡើយទេយើងទាំងអស់គ្នាត្រូវរួមគ្នាបញ្ចប់ជំងឺអេដស៍កុំឱ្យមានជំងឺអេដស៍ សម្រាប់កូនចៅយើងជំនាន់ក្រោយសូមឱ្យមានត្រឹមយើង»។

លោកបណ្ឌិតបានបន្ថែមថាលើសពីនេះសូមលប់បំបាត់ឱ្យបានការម៉ាក់ងាយរើសអើងសម្រាប់អ្នកផ្ទុកមេរោគអេដស៍និងប្រជាជនគន្លឹះគឺប្រជាជនយើងត្រូវរស់នៅក្រោមដំបូលសុខសន្តិភាពនិងសុខុដុមរមនា។លើសពីនេះអ្នកជំងឺអេដស៍សូមបន្តការថែទាំសុខភាពឱ្យបានល្អតាមរយៈការលេបថ្នាំឱ្យបានទៀតទាត់ព្រោះថាជំងឺអេដស៍ជាជំងឺរ៉ាំរ៉ៃត្រូវប្រើថ្នាំនេះដូចអ្នកដែលមានជំងឺលើសសម្ពាធឈាមនិងជំងឺទឹកនោមផ្អែមដែរដើម្បីមានសុខភាពល្អចូលរួមកសាងការអភវឌ្ឍន៍សង្គមសេដ្ឋកិច្ចកម្ពុជាហើយកុំបោះបង់ការព្យាបាលសូមទទួលយកការព្យាបាលមួយជីវិតដោយសារយើងមានថ្នាំគ្រប់គ្រាន់នៅគ្រប់នៅតាមទូតាំងទាំ៧៤កន្លែងដោយឥតគិតថ្លៃ។

លោកសាស្ត្រាចារជំនួយ អ៊ុកវិជ្ជា ប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍សើរស្បែកនិងកាមរោគបានបញ្ជាក់ថារហូតមកដល់ពេលនេះជំងឺអេដស៍នៅមិនទាន់បញ្ចប់នៅឡើយទេដោយមានអ្នកឆ្លងថ្មីក្នុង១ថ្ងៃនៅសល់៣នាក់និងប្រមាណជាង៤ពាន់នៅមិនទាន់ដឹងខ្លួនថាមានឆ្លងជំងឺនេះនៅឡើយក្នុងចំណោមអ្នកផ្ទុកប្រមាណ៧៦០០០នាក់និងមានអ្នកស្លាប់ប្រមាណ១ពាន់នាក់។

លោក សាស្ត្រាចារ្យជំនួយបានក្រើនរំលឹកដល់យុវជននិងអ្នកប្រឈមទាំងអស់ឱ្យមានការប្រុងប្រយ័ត្នជាប់ជានិច្ចទាំងការប្រើស្រោមនិងថ្នាំបង្ការប្រឹពទាំងការលេប មុនប្រឈម ថ្នាំចាក់មួយម្ជុលបាន២ខែនិងកងសម្រាប់ស្ត្រីដោយ១ដងប្រើបាន២៨ថ្ងៃ។

លោក សាស្ត្រាចារ្យជំនួយបានអំពាវនាវដល់ប្រជាពលរដ្ឋបើសង្ស័យថាមានឆ្លងជំងឺអេដស៍សូមប្រញាប់ទៅធ្វើតេស្តដើម្បីធ្វើការព្យាបាលក្នុងថ្ងៃតែមួយដើម្បីឈានឆ្ពោះទៅរកភាពជោគជ័យនៅឆ្នាំ២០៣០ខាងមុខនេះ។

លោកវេជ្ជបណ្ឌិត ឈឹម សារ៉ាត់ នាយកប្រចាំតំបន់អាស៊ីរបស់ AHF បានមានប្រសាសន៍ថា «តំបន់អាស៊ីជាចំណុចសំខាន់ក្នុងការឆ្លើយតបទៅនឹងជំងឺអេដស៍។ ទោះបីជាមានវឌ្ឍនភាពកន្លងមកក៏ដោយ ការឆ្លងមេរោគអេដស៍កើនឡើងក្នុងចំណោមប្រជាជនគន្លឹះ បានបង្ហាញថាការប្រយុទ្ធនៅមិនទាន់ទៅដល់ការបញ្ចប់មេរោគអេដស៍នៅឡើយទេ។ រដ្ឋាភិបាលត្រូវតែប្តេជ្ញាចិត្តឡើងវិញក្នុងការផ្តល់អាទិភាពដល់ការបង្ការ ការធ្វើតេស្ត និងការព្យាបាលសម្រាប់ទាំងអស់គ្នា ដោយធានាថាគ្មានសហគមន៍ណាមួយត្រូវបានទុកចោលឡើយជាពិសេសនៅក្នុងស្ថានភាពដែលគម្លាតថវិកាកំពុងលេចឡើងដោយសារតែការផ្លាស់ប្តូរ ភូមិសាស្ត្រសេដ្ឋកិច្ច។ ទិវាអេដស៍ពិភពលោកនេះរំលឹកយើងថា មេរោគអេដស៍/ជំងឺអេដស៍ មិនទាន់បញ្ចប់នៅឡើយទេ ហើយសកម្មភាពប្រកបដោយចីរភាពគឺមានសារៈសំខាន់ណាស់ដើម្បីបញ្ចប់ជំងឺអេដស៍នៅក្នុងតំបន់របស់យើង។»

លោកវេជ្ជបណ្ឌិត ចន ផាន់ណា ប្រធានគ្រប់គ្រងកម្មវិធី AHF ប្រចាំប្រទេសបានមានប្រសាសន៍ថា«យើងមិនអាចបញ្ចប់មេរោគអេដស៍/ជំងឺអេដស៍ដោយមិនបានបញ្ឈប់ការឆ្លងមេរោគអេដស៍ថ្មី ដោយគ្មានស្រោមអនាម័យនោះទេ។

ស្រោមអនាម័យមានប្រសិទ្ធភាព ហើយវាមានតម្លៃសមរម្យ ប៉ុន្តែជារឿយៗវាត្រូវបានគេមើលរំលង។ យើងស្វែងរកការគាំទ្រសម្រាប់ការទទួលបានស្រោមអនាម័យដោយឥតគិតថ្លៃ ឬដោយតម្លៃសមរម្យ និងការប្រើប្រាស់ត្រឹមត្រូវ ពីព្រោះបើគ្មានស្រោមអនាម័យទេ មនុស្សមិនអាចការពារសុខភាពរបស់ពួកគេបានទេ ហើយយើងនឹងមិនអាចប្រយុទ្ធនឹងមេរោគអេដស៍នៅក្នុងប្រទេស និងទូទាំងពិភពលោកបានទេ»។

លោកវេជ្ជបណ្ឌិតបានលើកឡើងថាលើសពីនេះការប្រកួតប្រជែងទីផ្សារផ្នែកឱសថនៅតែបន្តរារាំងវឌ្ឍនភាពសម្រាប់ការឆ្លើយតបទៅនឹងមេរោគអេដស៍/ជំងឺអេដស៍ទូទាំងពិភពលោក។ សូម្បីតែមានការបង្ការដ៏ទំនើបដូចជាថ្នាំចាក់ដែលមានប្រសិទ្ធភាពយូរក៏ដោយ តែវាមានតម្លៃខ្ពស់និង ប្រទេសមួយចំនួនដែលកំពុងត្រូវការមិនអាចទទួលបាន។ វឌ្ឍនភាពពិតប្រាកដទាមទារឱ្យក្រុមហ៊ុនឱសថគិតគូរពីសុខភាពមនុស្ស មុនប្រាក់ចំណេញ ។

លោកវេជ្ជបណ្ឌិតបានបន្តថាទិវាអេដស៍ពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ជាវេទិកាដ៏សំខាន់សម្រាប់អ្នករស់នៅជាមួយមេរោគស្វែងរកការគាំទ្រ ដើម្បីទទួលស្គាល់វឌ្ឍនភាពដែលបានធ្វើឡើងជាការចងចាំអ្នកដែលបាត់បង់ជិវិតដោយសារជំងឺទាក់ទងនឹងជំងឺអេដស៍ និងអ្នកដែលបន្តការប្រយុទ្ធ និងអំពាវនាវឱ្យរដ្ឋាភិបាលទូទាំងពិភពលោកប្តេជ្ញាចិត្តប្រើប្រាស់ធនធានចាំបាច់ និងការគាំទ្រផ្នែកនយោបាយដើម្បីបញ្ចប់មេរោគអេដស៍/ជំងឺអេដស៍។ នៅក្នុងទិវាអេដស៍ពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ នេះយើងត្រូវបានរំលឹកថា ការប្រយុទ្ធនឹងមេរោគអេដស៍មិនទាន់បញ្ចប់ទេ។

គួរបញ្ជាក់ថាអង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍(AHF)គឺជាអង្គការមិនរកប្រាក់កម្រៃជាសាកលដែលផ្តល់សេវាមិនគិតពីលទ្ធភាពនៃការបង់ប្រាក់និងការតស៊ូមតិដល់មនុស្សជាង២.៧លាននាក់ក្នុងប្រទេសចំនួន៥០ នៅទូទាំងពិភពលោកក្នុងទ្វីបអាហ្រ្វិក អាមេរិក តំបន់អាស៊ីប៉ាស៊ីហ្វិក និងអឺរ៉ុប។ បច្ចុប្បន្ន(AHF)ជាអ្នកផ្តល់សេវាថែទាំសុខភាពនៅលើពិភពលោក ពីមេរោគអេដស៍/ជំងឺ អេដស៍ដ៏ធំបំផុត ដែលមិនស្វែងរកប្រាក់ចំណេញ៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម