Connect with us

ព័ត៌មានអន្ដរជាតិ

រដ្ឋាភិបាលថៃ៖ ទឹកជំនន់ភាគខាងត្បូងប្រទេសបង្កការខាតបង់សេដ្ឋកិច្ចជាង ១៥ ប៊ីលាន​ដុល្លារ

បានផុស

នៅ

ទឹកជំនន់ដ៏មហន្តរាយដែលវាយប្រហារភាគខាងត្បូងថៃនាពេលថ្មីនេះ បាន​បង្កការខាតបង់​គិតជាសេដ្ឋកិច្ចប្រមាណ ៥០០ ប៊ីលាន​បាត ឬប្រហែល ១៥,៦ ប៊ីលាន​ដុល្លារ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​គណៈរដ្ឋមន្រ្តីសេដ្ឋកិច្ចនៃរដ្ឋាភិបាលថៃ ​បាន​ឱ្យដឹង​ពីតួលេខប៉ាន់ប្រមាណដ៏ច្រើននេះ ក្នុងកិច្ចប្រជុំ​ស្ដីពីការឆ្លើយតប​វិបត្តិទឹកជំនន់ ដែល​​ដឹកនាំដោយលោកនាយករដ្ឋមន្រ្តី អានុទីន ឆានវីរៈគុណ អនុរដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុ និងរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម។

កិច្ចប្រជុំ​ដែលរៀបចំឡើងកាលពីថ្ងៃចន្ទ ធ្វើឡើងក្រោយ​អ្នកជំនាញ និងវិស័យឯកជនថៃបាន​ព្រមាន​ពី​ផល​ប៉ះពាល់យ៉ាងដំណំនៃទឹកជំនន់លើសេដ្ឋកិច្ចថៃរហូតដល់ទៅរាប់ពាន់លានបាត ហើយទទូចឱ្យរដ្ឋាភិបាល​ថៃផ្ដល់ជំនួញផ្សេងៗសម្រាប់ប្រជាជន សហគមន៍ និងអាជីវកម្មនៅភាគខាងត្បូងប្រទេសថៃ ស្ដារសេដ្ឋកិច្ចឡើងវិញ។

ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុថៃ លោក Ekniti Nitithanprapas បានថ្លែងក្នុងកិច្ចប្រជុំយ៉ាងដូច្នេះថា៖ «ទឹកជំនន់នៅភាគខាងត្បូងបានបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ច និងទ្រព្យសម្បត្តិ ដែលប៉ះពាល់ដល់មនុស្សជាង ២,៩ លាននាក់ និងបង្កការខាតបង់សេដ្ឋកិច្ចជាង ៥០០ ប៊ីលានបាត»។ លោក​បាន​សង្កត់ធ្ងន់ពីតម្រូវការបន្ទាន់នៃវិធានការស្តារឡើងវិញឱ្យបាន​យ៉ាងឆាប់រហ័ស។

តាមរយៈនោះ គណៈរដ្ឋមន្រ្តីសេដ្ឋកិច្ចថៃបាន​ស្នើទៅគណៈរដ្ឋមន្រ្តីថៃលើគម្រោងចែកប្រាក់ដល់ពលរដ្ឋរងគ្រោះ ៩ ០០០ បាត/គ្រួសារ ផ្អាកការយកបំណុលដោយមិន​គិតការប្រាក់់សម្រាប់គ្រួសារ ​និងអាជីវកម្ម និងផ្ដល់កម្ចីការប្រាក់ទាបសម្រាប់អាជីវកម្មខ្នាតតូច និងមធ្យម (SME) ក្នុងចំណោមវិធានការផ្សេងៗទៀត​។

គួររំឭកថា ទឹកជំនន់ធ្ងន់ធ្ងរនៅភាគខាងត្បូងនៃប្រទេសថៃ ដែលប៉ះពាល់ខេត្តចំនួន ១០ បានចាប់ផ្ដើមកាលពីជិត២សប្ដាហ៍មុន ដោយសារតែភ្លៀងធ្លាក់ខ្លាំងជោគជាំឥតស្រាកស្រាន្តប៉ុន្មានថ្ងៃជាប់ៗគ្នា។ វាក្លាយជាគ្រោះទឹកជំនន់ដ៏មហន្តរាយបំផុតមួយក្នុងប្រវត្តិសាស្រ្តសម័យទំនើបថៃ ដោយសម្លាប់មនុស្សប្រមាណ ១៧៦ នាក់ គិតត្រឹមថ្ងៃចន្ទ។

អតីតរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មមកពីបក្សភឿថៃ លោក Pichai Naripthaphan ​បានព្រមានថា ទឹកជំនន់​ដដែល​ ​អាចបង្កហានិភ័យ​ដែលធ្វើឱ្យ​សេដ្ឋកិច្ចថៃធ្លាក់ចុះកាន់តែធ្ងន់ធ្ងរ និងអាចរុញច្រានប្រទេសនេះឱ្យធ្លាក់ចូលទៅក្នុង «វិបត្តិសេដ្ឋកិច្ចតាមបច្ចេកទេស»។ លោកបាននិយាយថា គ្រោះមហន្តរាយនេះ ទំនង​ធ្វើឱ្យ GDP (ផលិតផលក្នុងស្រុកសរុប) នៅត្រីមាសទី៤ ធ្លាក់ចុះក្រោម ១% ខណៈកំណើនត្រីមាសទី៣មាន​ត្រឹមតែ១,២% ប៉ុណ្ណោះ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម