Connect with us

ជីវិតកម្សាន្ដ

បវរកញ្ញាចក្រវាល នឹងប្ដូរម្ចាស់ថ្មី អាចជាជនជាតិថៃដដែល

បានផុស

នៅ

កាលពីថ្ងៃទី ១ ខែធ្នូ ក្រុមហ៊ុន TCG Social Media Group ដែលជាក្រុមហ៊ុនដែលមានទីស្នាក់ការកណ្តាលនៅប្រទេសថៃ បានប្រកាសភ្លាមៗនូវសន្និសីទសារព័ត៌មានមួយ ដើម្បីប្រកាសពីការទិញសិទ្ធិដើម្បីរៀបចំការប្រកួតបវរកញ្ញាចក្រវាល MU ដោយបង្កឲ្យមានការភ្ញាក់ផ្អើលក្នុងចំណោមអ្នកគាំទ្រសម្រស់ជាច្រើន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
អ្នកជំនួញ Raul Rocha និងនាង Anne Jakrakutatip

សេចក្តីប្រកាសនេះបានសរសេរថា TCG – Total Communication Group Co., Ltd. នឹងធ្វើសន្និសីទសារព័ត៌មានជាមួយនឹងខ្លឹមសារថា «TCG ស្នើសុំទិញសិទ្ធិអ្នកនិពន្ធរបស់ស្ថាប័នបវរកញ្ញាចក្រវាល (MUO) ដឹកនាំដោយលោក Phatphong Jeriyanurawong (JT.Wong) ស្ថាបនិក និងជានាយកប្រតិបត្តិ នៅថ្ងៃពុធ ទី៣ ខែធ្នូ ឆ្នាំ ២០២៥។

យ៉ាងណាមិញ ព័ត៌មានដែលថា TCG Social Media Group បានទិញសិទ្ធិរបស់បវរកញ្ញាចក្រវាល បង្កឲ្យមានការភ្ញាក់ផ្អើលនៅក្នុងប្រព័ន្ធផ្សព្វផ្សាយថៃភ្លូកទឹកភ្លូកដី និងទទួលបានការចាប់អារម្មណ៍ពីអ្នកគាំទ្រសម្រស់ក្នុងបរិបទដែលស្ថាប័ន MU ត្រូវបានធ្វើពហិការយ៉ាងខ្លាំងដោយសារតែរឿងអាស្រូវជាបន្តបន្ទាប់។

គួរកត់សម្គាល់ថា ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គម TCG គឺជាអង្គភាពដែលបានប្តឹងក្រុមហ៊ុន JKN Global Group ដែលជាសាជីវកម្មរបស់លោកស្រី Anne Jakrakutatip ក៏ជាម្ចាស់ការប្រកួតបវរកញ្ញាចក្រវាល ក្នុងខែវិច្ឆិកា ឆ្នាំ២០២៣ដែរ។

នៅពេលនោះ ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គម TCG បានស្នើសុំសំណងចំនួនមួយពាន់លានបាត ដោយអះអាងថា Anne បានផ្សព្វផ្សាយព័ត៌មានមិនពិតនាំឲ្យមានការលុបចោលកិច្ចសហប្រតិបត្តិការក្នុងគម្រោងរូបិយប័ណ្ណឌីជីថល Miss Universe Coin។ ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គម TCG ក៏បានប្រកាសផងដែរថា ខ្លួននឹងប្តឹងលោកស្រី Pim-Uma ដែលជាប្អូនស្រីរបស់ Anne ផងដែរ ចំពោះការផ្សព្វផ្សាយព័ត៌មានមិនពិត។

បច្ចុប្បន្ននេះ តុលាការថៃបានចេញដីកាចាប់ខ្លួនលោកស្រី Anne Jakrakutatip បន្ទាប់ពីនាងមិនបានបង្ហាញខ្លួននៅតុលាការ ហើយបានបាត់ខ្លួនពីបណ្តាញសង្គម។ ទន្ទឹមនឹងនេះ អ្នកជំនួញ Raul Rocha ដែលជាម្ចាស់ក្រុមហ៊ុន Miss Universe ក៏ត្រូវបានចោទប្រកាន់ដោយការិយាល័យរដ្ឋអាជ្ញាម៉ិកស៊ិក (FGR) ពីបទជាប់ពាក់ព័ន្ធនឹងការជួញដូរអាវុធ និងសហការជាមួយឧក្រិដ្ឋកម្មដែលបានរៀបចំ។

នៅក្នុងបរិបទនោះ ស្ថាប័ន MU ត្រូវបានគ្រប់គ្រងជាបណ្តោះអាសន្នដោយលោក Mario Bucaro ដែលជានាយកប្រតិបត្តិថ្មី។ ទោះជាយ៉ាងណាក៏ដោយ អនាគតរបស់ស្ថាប័នសម្រស់នេះ ត្រូវបានគេនិយាយថាកំពុងប្រឈមមុខនឹងការលំបាកជាច្រើន ហើយនឹងមានការផ្លាស់ប្តូរកម្មសិទ្ធិដើម្បីធ្វើកំណែទម្រង់ការប្រកួត។

ទន្ទឹមនឹងក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គម TCG បានប្រកាសថា ខ្លួនចង់ទិញសិទ្ធិនៃការប្រកួតនេះ ស្រាប់តែគេហទំព័រសម្រស់ Parade of Beauty ដែលមានអ្នកតាមដានជិត៨ម៉ឺននាក់បានបង្ហោះអត្ថបទមួយដែលនិយាយថា អ្នកជំនួញជនជាតិអ៊ីរ៉ង់-អាមេរិក Patrick Bet-David កំពុងស្ថិតក្នុងដំណើរការចរចាដើម្បីទិញភាគហ៊ុនទាំងអស់របស់ Miss Universe។

លោក Patrick គឺជាស្ថាបនិក និងជានាយកប្រតិបត្តិនៃ PHP Agency ដែលជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត និងសេវាកម្មហិរញ្ញវត្ថុ។ ទ្រព្យសម្បត្តិសុទ្ធរបស់លោក Patrick ត្រូវបានប៉ាន់ប្រមាណថាមានប្រហែល ៤៥០លានដុល្លារអាមេរិក។ ទោះជាយ៉ាងណាក៏ដោយ អ្នកជំនួញរូបនេះមិនទាន់បានបញ្ជាក់នៅឡើយទេ។

សូមជម្រាបជូនថា MU ពីមុនត្រូវបានគ្រប់គ្រងដោយលោក ដូណាល់ ត្រាំ បន្ទាប់មកដោយក្រុមហ៊ុន MGI។ នៅក្នុងខែតុលា ឆ្នាំ២០២២ មហាសេដ្ឋីប្តូរភេទ Anne Jakrajutatip បានប្រកាសទិញ Miss Universe ក្នុងតម្លៃប្រហែល ២០លានដុល្លារ។ ចាប់តាំងពីពេលនោះមក អាជីវកម្មរបស់មហាសេដ្ឋីរូបនេះបានបន្តធ្លាក់ចុះ ដោយធ្លាក់ចូលទៅក្នុងបំណុល។ Anne ត្រូវលក់ភាគហ៊ុន ៥០% នៃកម្មវិធីប្រកួតបវរកញ្ញាទៅឲ្យអ្នកជំនួញម៉ិកស៊ិក Raul Rocha។

នៅក្នុងខែឧសភា Anne បានចាកចេញពីតំណែងជានាយកប្រតិបត្តិនៃស្ថាប័ន MU ជាផ្លូវការ។ កម្មវិធីប្រកួតបវរកញ្ញា ដែលនៅតែដំណើរការដោយអ្នកជំនួញម៉ិកស៊ិក Raul Rocha បានបង្កឲ្យមានសំឡេងរំខានជាច្រើន និងត្រូវបានរិះគន់យ៉ាងខ្លាំង៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអានខាងក្រោមនេះ៖

តុលាការថៃ ចេញដីកាចាប់ខ្លួនអតីតមេ MU រឿងបំណុល ខណៈលេចឮថា នាងគេចខ្លួនទៅ ម៉ិកស៊ិក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម