Connect with us

សេដ្ឋកិច្ច

Turkish Airline មើលឃើញភាពវិជ្ជមានកម្ពុជា ៣ ចំណុច នាំឱ្យបើកជើងហោះហើរត្រង់

បានផុស

នៅ

លោក ស សារិន អគ្គនាយក​ក្រុមហ៊ុន​ទេសចរណ៍ Channel ជាក្រុមហ៊ុនលក់សំបុត្រយន្តហោះ បានគូសបញ្ជាក់ថា ក្រុមហ៊ុម​អាកាសចរណ៍ Turkish Airline បាន​មើល​ឃើញ​ពី​ភាព​វិជ្ជមាន​របស់​កម្ពុជា ៣ ចំណុច​ដែល​ជំរុញ​ឱ្យ​ពួកគេបើក​ជើង​ហោះហើរ​ត្រង់​មក​កាន់​ប្រទេស​កម្ពុជា។ ​

ថ្លែង​ប្រាប់ «​កម្ពុជា​ថ្មី​» លោក ស សារិន បាន​ឱ្យ​ដឹង​ថា ជា​ធម្មតា​ក្រុមហ៊ុនអាកាសចរណ៍​មួយ​មុន​ពេល​ដែល​សម្រេច​ចិត្ត​ចូល​ទៅ​កាន់​ប្រទេស​ណា​មួយ​ គេ​នឹង​សម្លឹង​មើល​ទៅ​លើ​ចំណុច​ជា​ច្រើន ដែល​អាច​ជា​ឱកាស​សម្រាប់​ក្រុមហ៊ុន​អាកាស​ចរណ៍​នោះ​។

ទី​១ គេ​អាច​សម្លឹង​មើល​ទៅ​លើ​បញ្ហា​នយោបាយ ថា​តើ​ប្រទេស​នឹង​មាន​ស្ថេរភាព​នយោបាយ​ ឬ​ក៏​អត់ ទី​២ មើល​ទៅ​លើ​សេដ្ឋកិច្ច ថា​តើ​ប្រទេស​ដែល​ត្រូវ​ហោះ​ចូល​មក​មាន​សេដ្ឋកិច្ច​បែប​ណា​ដែរ​ និង​ទី​៣ គឺ​ទំនាក់​ទំនង​រវាង​ប្រទេស និង​ប្រទេស​ ប្រជាជន​ និង​ប្រជាជន ជា​ពិសេស​មើល​ទៅ​លើ​វិស័យ​ទេសចរ និង​ការ​ដឹក​ជញ្ជូន​ផ្សេង​ៗ។

លោក​ថា៖ «ក្រុមហ៊ុន​អាកាសចរណ៍​មួយ​ៗ មុន​ដំណើរ​ការ​ គឺ​មាន​ ២ ចំណុច​សំខាន់ ទី​១ គឺ​ការ​ដឹក​ភ្ញៀវ​ទេសចរ ដូច្នេះ​លុះ​ត្រាតែ​មាន​ឱកាស​នៅ​ក្នុង​ការ​ដឹក​ភ្ញៀវ​ទេសចរណ៍​បាន​ច្រើន ទើប​សម្រេច​ចិត្ត​បើក​។ ទី​២ ការ​ដឹក​ទំនិញ​ពី​ប្រទេស​មួយ​ ទៅ​កាន់​ប្រទេស​មួយ​ ដូច្នេះ​ប្រសិន​បើ​គេ​មើល​ឃើញ​ថា ប្រទេស​កម្ពុជា​ ជា​ប្រទេស​ដែល​មាន​សក្តានុពល​ក្នុង​ចំណុច​ទាំង​ពីរ​ខាង​លើ​នេះ​ នោះ​ក្រុមហ៊ុម​អាកាសចរណ៍​នោះ​នឹង​សម្រេច​ចិត្ត​ហោះ​មក​​»។

ជាក់ស្តែង Turkish Airline មុន​នឹង​សម្រេច​ចិត្ត​ហោះ​ចូល​មក​កម្ពុជា​ គឺ​បាន​រៀប​ចំ និង​សម្រេច​ចិត្ត​បាន​ដិតដល់​ជា​ទី​បំផុត​ ដែល​នេះ​គឺ​ជា​ការ​បើក​ច្រក​ដ៏​សំខាន់​មួយ​សម្រាប់​សេដ្ឋកិច្ច​ខ្មែរ​ទៅ​ទូទាំង​ពិភព​លោក មិន​មែន​តែ​ Turkish មួយ​នោះ​ទេ​ ព្រោះ​ក្រុមហ៊ុន​អាកាសចរណ៍​តួគី ក៏​ជា​ក្រុមហ៊ុន​អាកាសចរណ៍​អន្តរជាតិ​ដ៏​ធំមួយ​ ដូច្នេះ​នៅ​​ពេល​ដែល​ Turkish Airline ហោះ​មក​កាន់​កម្ពុជា​ក៏​នឹង​នាំ​មក​នូវ​ភ្ញៀវ​ទេសចរ​ពី​បណ្តា​ប្រទេស​ផ្សេង​ៗ​ជា​ច្រើន​ផង​ដែរ​។

លោក​ក៏​បាន​បន្ថែម​ថា នៅ​ពេល​ដែល​ Turkish Airline ដឹក​ភ្ញៀវ​មក​កម្ពុជា កម្ពុជា​អាច​ទទួល​បាន​ទាំង​ភ្ញៀវ​ទេសចរ និង​ឱកាស​វិនិយោគ ព្រោះ​អ្នក​ដែល​ហោះ​ចូល​មក​មិន​មែន​ជា​អ្នក​ដើរលេង​ទាំង​អស់​នោះ​ទេ អាច​មាន​អ្នក​រក​ស៊ី​ មាន​អ្នក​វិនិយោគិន​មក​បណ្តាក់​ទុន​ ក៏​បើក​អាជីវកម្ម​ផ្សេង​ៗ​នៅ​កម្ពុជា​។

ទន្ទឹម​នេះ លោក ខៀវ ធី​ ប្រធាន​សមាគមន៍​មគ្គុទេសករ​ខេត្ត​សៀម​រាប បាន​ឱ្យ​ដឹង​ថា នេះ​គឺ​ជា​ឱកាស​ល្អ​ដែល​ជា​បន្ត​បន្ទាប់​ប្រទេស​កម្ពុជា​ទទួល​បាន​ជើង​ហោះហើរ​ត្រង់​ពី​បណ្តា​ប្រទេស​សំខាន់​ៗ​ ដូច​ជា​ពី​ ឥណ្ឌ មក​កាន់​ក្រុង​សៀមរាប ​​ជើង​ហោះ​ត្រង់​ពី​តួគី​ មក​កាន់​ក្រុង​ភ្នំពេញ​ នេះ​សុទ្ធសឹងតែ​ជា​ការ​រួម​ចំណែក​ក្នុង​ការ​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​។

លោក​ ខៀវ ធី បាន​មាន​ប្រសាសន៍​ថា ការ​ហោះហើរ​ត្រង់​ពី​តួគី​មក​កាន់​ក្រុង​ភ្នំពេញ​ គឺ​ជា​កត្តាល្អ​ ដោយ​សារ​តែ​មិន​មែន​មាន​តែ​ភ្ញៀវ​ទេសចរណ៍​តួកគី​ប៉ុណ្ណោះ​ទេ តែ​ថែម​ទាំង​មាន​ភ្ញៀវ​ជា​ជន​ជាតិ​អឺរ៉ុប​នាំ​មក​កាន់​កម្ពុជា​ដូច​គ្នា​ដែរ​។

ទន្ទឹម​នេះ កម្ពុជា​ក៏​ត្រូវ​តែ​ធ្វើ​ការ​ផ្សព្វផ្សាយ​ពី​សក្តានុពល​ទេសចរណ៍ និង​កត្តា​សុវត្តិភាព ព្រោះ​បច្ចុប្បន្ន​យើង​ឃើញ​មាន​ការ​និយាយ​មិន​ល្អ​ពី​ប្រទេស​កម្ពុជា​ពាក់ព័ន្ធ​នឹង​ការ​ចាប់​ជម្រិត​ជា​ដើម​ ដែល​នេះជា​រឿង​មិន​ល្អ​ ជា​ការ​ទទួល​បាន​នូវព័ត៌មាន​មិន​ពិត​។ ដូច្នេះ​ បញ្ហា​នេះ លោក​សំណូម​ពរ​ដល់​ក្រសួង​ទេសចរណ៍ ក្រសួង​ការបរទេស​ ក្រសួង​មហាផ្ទៃ​ធ្វើ​យុទ្ធាការណ៍​ទស្សនាកម្ពុជា​ក្នុង​លក្ខណៈ​សុវត្ថិភាព​ ១០០% ដើម្បី​នាំ​ភ្ញៀវ​ទេសចរ​មក​កាន់​កម្ពុជា​ ស្រប​ពេល​ដែល​យើង​កំពុង​តែ​មាន​ជើង​ហោះហើរ​ត្រង់​ជា​បន្ត​បន្ទាប់។

ក្រុមហ៊ុន​អាកាសចរណ៍តួកគី Turkish Airline នឹង​តភ្ជាប់ជើង​ហោះហើរ​ត្រង់ពីទីក្រុង អ៊ីស្តង់ប៊ូល (Istanbul) ​មក​កាន់​រាជ​ធានីភ្នំពេញ ចាប់ពីថ្ងៃទី ១១ ខែធ្នូ ឆ្នាំ២០២៥ ខាងមុខនេះ ដើម្បីពង្រឹងទំនាក់ទំនងទេសចរណ៍ ធុរកិច្ច និងវិនិយោគ។

ការតភ្ជាប់ជើងហោះហើរថ្មីនេះ នឹងជួយ​លើ​កកម្ពស់វិស័យទេសចរណ៍ និងបើកឱកាសថ្មីៗ​ សម្រាប់ការ​ផ្លាស់​ប្តូរ​វប្បធម៌ និងសហប្រតិបត្តិការ​សេដ្ឋកិច្ចរវាងប្រទេសទាំងពីរ ក៏ដូចជាពង្រីកជើងមេឃ​កម្ពុជា​ឱ្យ​កាន់​តែទូលាយ ពង្រឹង​នូវ​ចំណង​ការទូតរវាងរាជរដ្ឋាភិបាលកម្ពុជា ​និងតួគី៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម