Connect with us

សេដ្ឋកិច្ច

គម្រោងសួនឧស្សាហកម្មបៃតងសកលបញ្ចប់ដោយជោគជ័យ ​

បានផុស

នៅ

នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ គម្រោងគាំទ្របឋមសម្រាប់សួនឧស្សាហកម្មបៃតងនៅកម្ពុជា ត្រូវបានបញ្ចប់ជាផ្លូវការ ដែលបង្ហាញនូវវឌ្ឍនភាពថ្មីមួយទៀត ក្នុងការផ្តល់ “គោលការណែនាំស្តីពីសួនឧស្សាហកម្មបៃតង” សម្រាប់តំបន់សេដ្ឋកិច្ចពិសេស និងសួនឧស្សាហកម្មនៅកម្ពុជា។

គម្រោងរយៈពេលមួយឆ្នាំ ដែលអនុវត្តដោយអង្គការសហប្រជាជាតិដើម្បីអភិវឌ្ឍន៍ឧស្សាហកម្ម (UNIDO) ដោយមានការគាំទ្រពីលេខាធិការដ្ឋានកិច្ចការសេដ្ឋកិច្ច (SECO) នៃរដ្ឋាភិបាលស្វីស ផ្តោលើការលើកកម្ពស់ការយល់ដឹង​​ ការវិភាគគម្លាតគោលនយោបាយ ការធ្វើផែនទីនៃភាគីពាក់ព័ន្ធ ការវាយតម្លៃតំបន់សេដ្ឋកិច្ចពិសេស​ និង​សួន​ឧស្សា​​ហ​កម្ម​ដែល​បាន​​​​ជ្រើស​រើស ធៀបនឹង​បទដ្ឋានអន្តរ​ជាតិ។

ថ្លែងក្នុងសិក្ខាសាលាផ្សព្វផ្សាយលទ្ធផលគម្រោង លោក ទឹង ស៊ីនី រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងថា គម្រោងគាំទ្របឋមសម្រាប់សួនឧស្សាហកម្មបៃតង នាំយករបៀបវារៈ​បៃតងឱ្យឈាន​ទៅមួយ​កម្រិតថ្មី​​ទៀត ​ដោយ​​ពង្រីកផលជះរបស់គម្រោងពី​កម្រិត​រោងចក្រ ទៅកម្រិត​សួន​ឧស្សាហកម្មទាំងមូល។

លោកបាន​អំពាវនាវ​ឱ្យ​បន្ត​ភាពជា​ដៃគូ ​ដើម្បី​អនុវត្ត​ដំណាក់កាល​អនាគត​នៃគម្រោងនេះ ដោយ​សង្កត់ធ្ងន់លើសារៈសំខាន់នៃការ​សម្របសម្រួល​​។

លោកបានបន្ថែមថា “កិច្ចខិតខំប្រឹងប្រែងរួម និងជាប្រព័ន្ធនឹងធ្វើឱ្យអភិក្រម “សួនឧស្សាហកម្មបៃតង” នេះ ទទួលបានជោគជ័យ និងផ្តល់ជាឧត្តមប្រយោជន៍សម្រាប់យើងទាំងអស់គ្នា។”

សូមជម្រាបថា សិក្ខាសាលាផ្សព្វផ្សាយលទ្ធផលគម្រោងគាំទ្របឋមនេះ បានប្រមូលផ្តុំតំណាងក្រសួង-ស្ថាប័នរាជរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ និងប្រតិបត្តិករតំបន់សេដ្ឋកិច្ចពិសេស ដើម្បីពិនិត្យលទ្ធផលគម្រោង និងស្វែងរកវិធីសាស្ត្រអនុវត្តឆ្ពោះទៅរកការអភិវឌ្ឍឧស្សាហកម្មប្រកបដោយនិរន្តរភាព និងបរិយាបន្ន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម