ព័ត៌មានជាតិ
ក្រសួងអភិវឌ្ឍន៍ជនបទ សម្ពោធ និងបើកការដ្ឋានផ្លូវថ្មីនៅខេត្តតាកែវ សរុបជាង៧០គីឡូម៉ែត្រ
លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ និងលោក ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តតាកែវ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជនបទចំនួន ៧ខ្សែ សរុបប្រវែងជាង៤០គីឡូម៉ែត្រ និងបើកការដ្ឋានសាងសង់ផ្លូវជនបទចំនួន៧ខ្សែ សរុបប្រវែង ៣៦គ.ម នៅក្នុងខេត្តតាកែវ ដែលជាការវិនិយោគសាធារណៈរបស់រាជរដ្ឋាភិបាល តាមរយៈក្រសួងអភិវឌ្ឍន៍ជន ក្នុងគោលដៅបង្កើនការតភ្ជាប់សកម្មភាពធុរកិច្ចផ្សេងៗឱ្យមានភាពរស់រវើក និងជំរុញកំណើនសេដ្ឋកិច្ចនៅតំបន់ជនបទ។

លោក វ៉ី សំណាង អភិបាលខេត្តតាកែវ បានមានប្រសាសន៍លើកឡើងអំពីស្ថានភាពភូមិសាស្ដ្រ សេដ្ឋកិច្ច និងសង្គមកិច្ច ជាពិសេសការរីកចម្រើនលើវិស័យហេដ្ឋារចនាសម្ព័ន្ធរូបវន្ដ និងគមនាគមន៍ និងកម្រិតជីវភាពរបស់ប្រជាជននៅទូទាំងខេត្តតាកែវ តាមរយៈការប្រកបមុខរបរកសិកម្ម និងមុខរបរមិនមែនកសិកម្ម។

លោក ជ្រាយ ប៉ុម អគ្គនាយកបច្ចេកទេស ក្រសួងអភិវឌ្ឍន៍ជនបទបានធ្វើរបាយការណ៍ដោយបានជម្រាបជូនថា ពិធីសម្ពោធផ្លូវជនបទ ៧ខ្សែ ប្រវែងសរុប៤១,៤ គីឡូម៉ែត្រ ជាផ្លូវក្រាលកៅស៊ូពីរជាន់ និងផ្លូវបេតុង ស្ថិតក្នុងក្របខ័ណ្ឌគម្រោងខ្សែច្រវ៉ាក់ផលិតកម្មដោយភារៈបរិស្ថាន ក្រោមហិរញ្ញប្បនទានសហប្រតិបត្តិការពីរាជរដ្ឋាភិបាលកម្ពុជា, ធនាគារអភិវឌ្ឍន៍អាស៊ី និងមូលនិធិអាកាសធាតុបៃតង។ ជាមួយគ្នានោះ ការបើកការដ្ឋានសាងសង់ផ្លូវចំនួន ៧ខ្សែ សរុបប្រវែង ៣៦គ.ម ស្ថិតក្នុងក្របខ័ណ្ឌគម្រោងខ្សែច្រវ៉ាក់ផលិតកម្មដោយភារៈបរិស្ថាន ក្រោមហិរញ្ញប្បនទានសហប្រតិបត្តិការពីរាជរដ្ឋាភិបាលកម្ពុជា, ធនាគារអភិវឌ្ឍន៍អាស៊ី និងគម្រោងពិពិធកម្មកសិកម្មកម្ពជា ក្រោមហិរញ្ញប្បទានឥណទានពីធនាគារពិភពលោក។ ផ្លូវទាំង ៧ខ្សែនេះ គ្រោងនឹងបញ្ចប់ការសាងសង់១០០% យ៉ាងយូរត្រឹមខែមករា ឆ្នាំ២០២៧ ខាងមុខនេះ។

លោក ជា វ៉ាន់ដេត បានមានប្រសាសន៍ថា ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ និងបើកការដ្ឋានស្ថាបនាផ្លូវជនបទនាពេលនេះ គឺជាសមិទ្ធផលថ្មីបន្ថែមទៀត ដែលបង្ហាញយ៉ាងច្បាស់អំពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលក្នុងការកាសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់។ លោកបានបន្ដថា ការអភិវឌ្ឍមូលដ្ឋានជនបទឱ្យមានការរីកចម្រើន គឺជាបំណងប្រាថ្នារបស់រាជរដ្ឋាភិបាល ដែលក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលថ្នាក់ក្រោមជាតិ បាននិងកំពុងខិតខំយកចិត្តទុដាក់យ៉ាងខ្លាំង ជាមួយនោះ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក៏បានរួមចំណែកកសាងបាននូវសមិទ្ធផលជាច្រើនផងដែរ។

ឆ្លៀតក្នុងឱកាសនេះដែរ លោក ឆាយ ឫទ្ធិសែន បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះរដ្ឋបាលខេត្ត និងមន្ទីរអង្គភាពទាំងអស់ជុំវិញខេត្ត ព្រមទាំងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត ដែលបានខិតខំប្រឹងប្រែងអភិវឌ្ឍខេត្តឱ្យមានការរីកចម្រើន និងទទួលបាននូវសមិទ្ធផលនានា លើគ្រប់វិស័យទាំងផ្នែកសន្តិសុខ សណ្តាប់ធ្នាប់ សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ដែលធ្វើឱ្យខេត្តតាកែវកាន់តែមានសម្រស់ស្រស់បំព្រង។

លោករដ្ឋមន្រ្ដី បានជម្រាបជូនអំពីយុទ្ធសាស្ដ្របញ្ចកោណ និងចក្ខុវិស័យ របស់រាជរដ្ឋាភិបាលក្រោមការដឹកនាំបន្តវេនប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងការដាក់ឱ្យប្រើប្រាស់នូវគោលនយោបាយជាតិស្តីពីការអភិវឌ្ឍជនបទ ឆ្នាំ២០២៥-២០៣៥ ដោយបានកំណត់ចក្ខុវិស័យ «កសាងសង្គមជនបទកម្ពុជាឱ្យមានវិបុលភាពប្រកបដោយ បរិយាបន្ន សមធម៌ និងចីរភាពទាំងផ្នែកសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌»។ ផ្អែកលើយុទ្ធសាស្ដ្រនៃគោលនយោបាយជាតិនេះ ក្រសួងអភិវឌ្ឍន៍ជនបទ បាននិងកំពុងយកចិត្តទុកដាក់លើការលើកកម្រិតគុណភាពហេដ្ឋារចនាសម្ព័ន្ធ និងគមនាគមន៍ជនបទ ដើម្បីផ្សារភ្ជាប់សកម្មភាពធុរកិច្ចផ្សេងៗឱ្យមានភាពរស់រវើក និងកាន់តែសកម្មឡើងបន្ថែមទៀត ដែលជាមូលដ្ឋានគ្រឹះនៃកំណើនប្រាក់ចំណូលរបស់គ្រួសារនៅតំបន់ជនបទ។ ក្នុងនោះនៅក្នុងខេត្តតាកែវមានផ្លូវជនបទសរុបចំនួន ៧៨៤ខ្សែ ដែលមានប្រវែងសរុបប្រមាណ ២ ៦០០ គីឡូម៉ែត្រ ដោយក្នុងនោះផ្លូវក្រាលកៅស៊ូពីរជាន់ និងក្រាលបេតុងប្រវែងប្រមាណជិត ៥០០គីឡូម៉ែត្រ ហើយពិធីសម្ពោធ និងបើកការដ្ឋាននាឱកាសននេះ គឺជាសមិទ្ធផលថ្មីបន្ថែមទៀត ដើម្បីធ្វើឱ្យមានកំណើនសេដ្ឋកិច្ចកាន់តែខ្ពស់ និងប្រជាជនកើនឡើងកាន់តែច្រើន៕
អត្ថបទ៖ វីរៈ

-
ព័ត៌មានជាតិ៤ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ២ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
សន្តិសុខសង្គម១ សប្តាហ៍ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


