Connect with us

ព័ត៌មានជាតិ

បេក្ខជនជាង ១១,៤០០នាក់ ចូលរួមប្រឡងឌីប្លូមនៅខេត្តតាកែវ ខណៈ៦២នាក់អវត្តមាន

បានផុស

នៅ

ដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ (ឌីប្លូម) សម័យប្រឡងថ្ងៃទី៦-៧ ខែកក្កដា ឆ្នាំ២០២៦ នៅទូទាំងខេត្តតាកែវ បានប្រព្រឹត្តទៅដោយរលូន ប្រកបដោយសណ្តាប់ធ្នាប់ សុវត្ថិភាព និងតម្លាភាព ក្រោមការរៀបចំ និងត្រួតពិនិត្យយ៉ាងយកចិត្តទុកដាក់ពីមន្ទីរអប់រំ យុវជន និងកីឡាខេត្ត ព្រមទាំងគណៈកម្មការមេប្រយោគ និងអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមការបញ្ជាក់ពីលោក ឡោ វីរិទ្ធិ ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តតាកែវ បានឱ្យដឹងថា សម្រាប់សម័យប្រឡងឆ្នាំ២០២៦នេះ ទូទាំង​ខេត្តតាកែវបានរៀបចំ ៥២មណ្ឌលប្រឡង ស្មើនឹង ១២០​បន្ទប់​ប្រឡង ដើម្បីដំណើរការប្រឡង។

លោក​បន្ថែម​ថា មានបេក្ខជនបានចុះឈ្មោះប្រឡងសរុប ១១,៥៤៦នាក់ ក្នុងនោះស្រី ៦,១៧៣នាក់។ ជាលទ្ធផល បេក្ខជនដែលបានមកចូលរួមប្រឡងពិតប្រាកដមានចំនួន ១១,៤៨៤នាក់ ស្រី ៦,១៤៤នាក់ ខណៈបេក្ខជនអវត្តមានមានត្រឹម ៦២នាក់ប៉ុណ្ណោះ ក្នុងនោះស្រី ២៩នាក់។

លោកប្រធានមន្ទីរបានបញ្ជាក់ថា ដំណើរការប្រឡងទាំងពីរថ្ងៃ បានប្រព្រឹត្តទៅក្នុងបរិយាកាសស្ងប់ស្ងាត់ មានរបៀបរៀបរយ និងមិនមានឧបសគ្គធំៗដែលប៉ះពាល់ដល់ការប្រឡងនោះទេ។ គ្រប់មណ្ឌលប្រឡងបានអនុវត្តតាមបទប្បញ្ញត្តិ និងវិធានការរបស់ក្រសួងអប់រំ យុវជន និងកីឡា ដើម្បីធានាបាននូវការប្រឡងប្រកបដោយយុត្តិធម៌ តម្លាភាព និងគុណភាព។

សម័យប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ (ឌីប្លូម) គឺជាដំណាក់កាលសំខាន់មួយសម្រាប់សិស្សានុសិស្សក្នុងការវាស់ស្ទង់សមត្ថភាពសិក្សា និងត្រៀមឆ្ពោះទៅកាន់ការសិក្សានៅកម្រិតមធ្យមសិក្សាទុតិយភូមិ។ ជាមួយនឹងការចូលរួមយ៉ាងសកម្មពីគ្រប់ភាគីពាក់ព័ន្ធ ការប្រឡងឆ្នាំនេះត្រូវបានរំពឹងថានឹងឆ្លុះបញ្ចាំងពីគុណភាពអប់រំ និងការខិតខំប្រឹងប្រែងរបស់សិស្សានុសិស្សនៅទូទាំងខេត្តតាកែវ៕

អត្ថបទ៖ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម